• 2020-05-22 07:33:07
  • ស្ទីលតារា

ឲ្យ​អស់​ចម្ងល់​រឿង លាងឈែ ដាក់​មួយ​ប៉ុស្តិ៍​ម្សិលមិញ​ចេញ​ចង្អូរ​គូទ មាន​អ្នក​ឆ្ងល់​ស្រាត ឬ​មិន​ស្រាត!

  • 2020-05-22 07:33:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស​កូន​កាត់​ចិន ជា លាងឈែ ម្សិលមិញ​នេះ បាន​ធ្វើ​ប្រិយមិត្ត​អ្នក​គាំទ្រ និង​មិត្ត​រួម​អាជីព​មួយ​ចំនួន​ធំ បើក​ភ្នែក​ធំ​ៗ​ស្រឡាំងកាំង ដោយ​សារ​លេច​រូបភាព​សិចស៊ី​យ៉ាង​កម្រ​របស់​លោក​​រហូត​មាន​អ្នក​ឆ្ងល់​ថា រូប​នេះ តារា​ប្រុស ស្រាត ពិត​មែន​ឬ​យ៉ាង​ណា?

រូបភាព​មួយ​សន្លឹក លាង​ឈែ ឈរ​បែរ​ខ្នង​មើល​ឃើញ​ចង្អូរ​គូទ​នោះ មក​ជាមួយ​រូប​ភាព​២​សន្លឹក​ទៀត ដែល​ជា​ស៊េរី​រូប​ដែល​លោក​ទើប​ថត​ថ្មី​​ៗ តែ​មិន​ជា​ការ​ថត​លេង​ទេ គឺ​ក្នុង​ការងារ​សិល្បៈ​របស់​លោក។ តារា​កូន​ចៅចិន ប្រាប់​ថា រូបភាព​នោះ គឺ​នៅ​ក្នុង​ផ្នែក​នៃ​កិច្ចការ​ងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​មួយ។ យ៉ាង​ណា លោក​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ជា​ក្រុមហ៊ុន​អី ឬ​ផលិតផល​អ្វី​នោះ​ទេ។

ជា លាង​ឈែ បញ្ជាក់​ថា រូប​ប៉ុន្មាន​សន្លឹក​នោះ មាន​ប្រិយមិត្ត​ជា​ច្រើន សូម្បី​មិត្ត​រួម​អាជីព​មួយ​ចំនួន​ផង​បាន​ចាប់​អារម្មណ៍ ពិសេស​គឺ​មិន​អស់​សង្ស័យ​លើ​រូប​ដែល​លោក​ថត​ឈរ​បែរ​ខ្នង​ឃើញ​ផ្នែក​ខ្លះ​នៃ​គូទ​នោះ។ លោក​ថា ពួក​គេ​ខ្លះ​បាន​ចូល​សរសេរ​សារ​ចោទសួរ ឯ​អ្នក​ខ្លះ​ទៀត ឆាត​មក​សួរ​ដោយ​ផ្ទាល់​ទៀត​ថា តើ​រូប​ប៉ុន្មាន​សន្លឹក​នេះ លោក​ពិត​ជា​ស្រាត​មែន​ឬ​យ៉ាង​ណា?

ជុំវិញ​បញ្ហា តារា​ប្រុស​ បញ្ជាក់​ថា មិន​មែន​ដូច​បង​ប្អូន​គិត​នោះ​ទេ។ លោក ឈែ លើក​ឡើង​ថា "អត់​ស្លៀក ស្លៀក​ខោ​តើ គ្រាន់​តែ​យើង​សំយេះ​បន្តិច​ហ្នឹង!”។ លោក ពន្យល់​បន្ថែម​ថា នេះ​ជា​សិល្បៈ​មួយ​បែប​នៃ​ការ​ថត​រូប​សិចស៊ី ដោយ​មិន​ចាំ​បាច់​ឲ្យ​សាមី​ខ្លួន​ត្រូវ​តែ​ដោះ​សំលៀកបំពាក់​អស់​ពី​ខ្លួន​នោះ​ទេ។

សម្រាប់​លោក ជា លាង​ឈែ ជា​លើក​ទី​១​ដែល​លោក​ថត​រូប ហើយ​បញ្ចេញ​ជា​សាធារណៈ​បែប​នេះ ប៉ុន្តែ​នៅ​ក្នុង​សង្គម​សិល្បៈ​មិន​មែន​លើក​ទី​១​នោះ​ទេ។ ដូច​នឹង​ការ​ពន្យល់​របស់​ប្រុស​សង្ហារ លោក ហ្វៃ សំអាង ដែល​ដឹកនាំ​ថត​រឿង "កូន​ពស់​កេងកង" ដែល​មាន​ឈុត ឌុច លីដា អាក្រាត​ល្វែង​លើ​ផ្នែក​ខាង​ក្រោយ​នោះ ក៏​អះអាង​ដូច​គ្នា​ដែរ។ លោក​បញ្ជាក់ លីដា មិន​បាន​ដោះ​សំលៀកបំពាក់​អស់​នោះ​ទេ ពោល​គឺ​ខាង​ក្រោយ​អស់​មែន ប៉ុន្តែ​ខាង​មុខ គឺ​មាន​របស់​បិទ​បាំង។

ក្រៅ​ពី​ស៊េរី​រូបភាព​ដែល​បង្ក​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ គេ​កត់​សម្គាល់​ថា លោក ជា លាងឈែ ក៏​បាន​បង្ហាញ​រូបភាព​សិល្បៈ​ដែល​លោក​ថត​ដោះអាវ​នៅ​ក្នុង​បឹង​ឈូក​ដែរ ក្នុង​ពេល​បន្តបន្ទាប់​គ្នា។ បញ្ហា​នេះ សាមី​ខ្លួន​ឲ្យ​ដឹង​ថា នោះ​ក៏​ជា​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​នានា​របស់​លោក​ដែរ។ លោក​ថា ពេល​នេះ លោក​សម្រុក​ការងារ ក្នុង​គោល​បំណង​ពង្រីក​ទីផ្សារ ដោយ​មិន​ចង់​ឲ្យ​អ្វី​ៗ​មាន​ត្រឹម​តែ​ការងារ​ដដែល លទ្ធផល​ដដែល​ៗ​ដូច​កន្លង​មក​នោះ​ទេ។

លោក​បញ្ជាក់​ថា ក្រៅ​ពី​ទីផ្សារ​ក្នុង​ស្រុក លោក​ក៏​កំពុង​រក​វិធី​រុញ​ខ្លួន​ឯង​ចូល​ទៅ​ទីផ្សារ​សិល្បៈ​ក្រៅ​ស្រុក​ថែម​ទៀត។ យ៉ាង​ណា លោក​ផ្ដើម​ពង្រឹង និង​ពង្រីក​ការងារ​នៅ​ក្នុង​ស្រុក​ជា​មុន​សិន៕

រូបភាព៖ ហ្វេសប៊ុក លាងឈែ

អត្ថបទ៖ ទារិកា

មតិយោបល់