- 2020-08-11 08:47:47
- ជីវិតតារា
ខាត់ សុឃីម ប្រាប់គេឯងថារវល់ត្រៀមបើកជំនួញថ្មី ស្រាប់តែឥឡូវស្រដីយ៉ាងរំភើយ
- 2020-08-11 08:47:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខាត់ សុឃីម ប្រាប់គេឯងថារវល់ត្រៀមបើកជំនួញថ្មី ស្រាប់តែឥឡូវស្រដីយ៉ាងរំភើយ
ចន្លោះមិនឃើញ
តារាចម្រៀងស្រីពហុជំនាញ ខាត់ សុឃីម ធ្លាប់ប្រកាសថានឹងធ្វើឲ្យអ្នកសារព័ត៌មាន និងមិត្តសិល្បៈបើកភ្នែកធំៗ ហើយលាន់មាត់ចំពោះជំនួញថ្មីរបស់នាងថា"ចុម...កាដុបឆែប ខាត់ សុឃីម" នៅដើមខែកញ្ញា នេះ។
ស្រាប់តែម្សិលមិញ នាងបានបញ្ចេញសារមួយថា នាងទៅទំនេររង់ចាំទទួលច្រៀងភ្លេងការ ហាក់មិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការចាប់យកមុខជំនួញថ្មីនោះនៅឡើយទេ បើទោះបីជាពេលវេលាកាន់តែខិតជិតចូលមកដល់។
សារដែលតារាស្រីរូបនេះ បានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនដោយមានភ្ជាប់រូបថតស្លៀកហូលអាវប៉ាក់របស់នាងមួយសន្លឹកកាលពីថ្ងៃទី១០ ខែសីហា បានពោលថា "ខ្ញុំនៅតែលេងភ្លេងការដដែលទេណា។ ជួលផងចា កុំឲ្យខ្ញុំទំនេរ"។
ជុំវិញសារដែលនាងបានបញ្ចេញនេះ ត្រូវបានអ្នកគាំទ្រខ្លះគិតថា វាជារឿងធម្មតា ព្រោះនាងគឺអ្នកចម្រៀងប្រពៃណី និងមានមុខរបរនេះស្រាប់ ការពពាយនាយរកអតិថិជន គឺជារឿងធម្មតា។ ប៉ុន្តែអ្នកគាំទ្រខ្លះ មិនបានគិតត្រឹមនេះទេ ដោយគេយល់ថា ទំហំការងាររបស់នាងបច្ចុប្បន្នមានច្រើនអនេក ដោយត្រូវបែកចែកពេលវេលាទៅធ្វើជាមន្ត្រីយោធាផង និងពិធីការិនីក្នុងកម្មវិធីមួយចំនួនតាមការត្រូវរបស់ទូរទស្សន៍ជាតិ ហើយម្យ៉ាងជំនួញថ្មីដែលនាងត្រៀមបើកនោះបានធ្វើឲ្យនាងរវល់ខ្លាំងតាំងពីដើមទី ដូច្នេះតើពេលនេះនាងមានពេលណាទៅច្រៀងភ្លេងការនោះ។
រហូតមកដល់រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នេះ Sabay មិនទាន់អាចទាក់ទងអ្នកនាង ខាត់ សុឃីម ដើម្បីស្រាយចម្ងល់នេះបាននៅឡើយទេ។ ប៉ុន្តែកន្លងទៅនាងធ្លាប់ប្រាប់ថា ជំនួញថ្មីដែលនាងចាយលុយជាប់២០ម៉ឺនដុល្លារហើយនោះ បានធ្វើឲ្យនាងឲ្យរវល់ស្ទើរដកឃ្លាមិនរួចក្នុងការរៀបចំត្រៀមដំណើរការវា។
ដោយភាពមមាញឹក និងខ្វះកម្លាំងជួយនេះហើយ ទើបធ្វើឲ្យអ្នកនាង ខាត់ សុឃីម សម្រេចទម្លាក់មុខរបរសម្អាងការចោលមួយ ដោយរក្សាទុកតែមុខរបរច្រៀង និងលេងភ្លេងប្រពៃណីកាលពីពាក់កណ្ដាលឆ្នាំ២០២០ នេះ។ តារាចម្រៀងវ័យកណ្ដាលរូបសម្រស់នៅបាន និងមានទឹកចិត្តសប្បុរសរូបនេះ ខ្នះខ្នែងនឹងការរកស៊ី និងសកម្មក្នុងអាជីពសិល្បៈណាស់។
ជាក់ស្ដែងនាងសន្យាជាមួយមហាជនថា នាងបើកជំនួញធំមួយមិនធ្លាប់មានក្នុងដៃរបស់នាងនៅដើមខែក្រោយ៕