- 2021-02-09 08:18:43
- ជីវិតតារា
ផាន់ រុង មានប្រវត្តិកិបទុកលុយម្ដាយផ្ញើឲ្យរៀនទៅទិញកាមេរ៉ា ដើម្បីសម្រេចសុបិនមួយក្នុងវិស័យភាពយន្ត
- 2021-02-09 08:18:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផាន់ រុង មានប្រវត្តិកិបទុកលុយម្ដាយផ្ញើឲ្យរៀនទៅទិញកាមេរ៉ា ដើម្បីសម្រេចសុបិនមួយក្នុងវិស័យភាពយន្ត
ចន្លោះមិនឃើញ
"អាអត់ការងារធ្វើ" និង"អារហាម" គឺជាចំណងជើងខ្សែភាពយន្តអប់រំខ្លីៗរបស់ ផាន់ រុង ដែលទទួលបានការគាំទ្រច្រើនបំផុតនៅដើមឆ្នាំ២០២១។ ប៉ុន្តែបើក្រឡេកមើលស្ថានភាពរបស់ ផាន់ រុង បច្ចុប្បន្នគឺខុសស្រឡះពីសាច់រឿងដែលលោកបាននិពន្ធ និងសម្ដែងដោយខ្លួនឯងនេះ។
ត្រឹមវ័យ២២ឆ្នាំសោះ ផាន់ រុង សម្រេចគោលបំណងធំក្នុងជីវិតដល់ទៅបីទៅហើយ។ ទី១ លោកបានបើកហាងលក់សាច់អាំងមួយកន្លែងទទួលចំណូលមិនក្រោម៥០០០ដុល្លារក្នុង១ខែ ទី២ចំណូលពីក្រុមហ៊ុនYoutube និងផ្សព្វផ្សាយពាណិជ្ជកម្មនានាមិនក្រោម១ម៉ឺនដុល្លារក្នុង១ខែ និងទី៣ លោកទើបទិញផ្ទះ១ល្វែងនៅម្ដុំទំនប់កប់ស្រូវមានតម្លៃជាង១០ម៉ឺនដុល្លារ។
តើ ផាន់ រុង ជានណា? លោកមានប្រវត្តិយ៉ាងណាកាលពីកុមារ ហើយបានឆ្លងកាត់ឧបសគ្គអ្វីខ្លះទម្រាំលោកបានក្លាយជាបុគ្គលសំខាន់ម្នាក់ក្នុងគ្រួសារ និងចង្កោមអ្នកសិល្បៈវ័យក្មេងនៅកម្ពុជា។ Sabay បានធ្វើបទសម្ភាសន៍ពិស្ដារមួយជាមួយ ផាន់ រុង នៅថ្ងៃនេះ ហើយយើងខ្ញុំសូមសង្ខេបជាអត្ថបទដែលមានខ្លឹមសារដើមដូចតទៅ៖
"ស្ថានភាពគ្រួសារ"
ផាន់ រុង កើតនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០០ ក្នុងគ្រួសារលក់គុយទាវមួយមានជីវភាពមធ្យម ស្ថិតនៅផ្សារបន្ទាយឆ្មា ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកមានឪពុកឈ្មោះ អ៊ុក ចន្ថា និងម្ដាយឈ្មោះ អ៊ួច គន្ធា ប្រកបមុខរបរលក់គុយទាវ តែក្រោយមកបានប្ដូរមកលក់មាស និងទូរស័ព្ទដៃវិញ។ លោក គឺជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុស៣នាក់ និងស្រី១នាក់ ហើយបច្ចុប្បន្នអ្នកទាំងបួន បានរៀបការរស់នៅបែកផ្ទះ២នាក់ និងរស់នៅក្នុងបន្ទុក២នាក់។
ត្បិតថា ផាន់ រុង កើតមកមានសម្បុរខ្មៅ សក់កន្ទ្រើង និងរូបសម្បត្តិមិនសូវសមសួនដូចជាកូនអ្នកផ្សារ ប៉ុន្តែ ផាន់ រុង ពុំមានប្រវត្តិជូរចត់ដូចបងៗដែលត្រូវក្រោកពីព្រលឹមដើម្បីជួយរៀបចំកន្លែងលក់គុយទាវ និងជួយរម្ងាស់ឆ្អឹងស៊ុបគុយទាវជាមួយម្ដាយដូចបងៗគេឡើយ។ ផាន់ រុង បានធំដឹងក្ដីស្របពេលដែលឪពុក-ម្ដាយលោកផ្លាស់ពីមុខរបរលក់គុយទាវមកលក់មាស និងទូរស័ព្ទតែម្ដង ហើយកាលណោះរូបលោកចាប់យកអាជីពបញ្ចូលបទភ្លេងទូរស័ព្ទ និងរៀនបណ្ដើរតែម្ដង។
"កម្រិតវប្បធម៌ និងការសិក្សា"
នៅ២០០៦ ផាន់ រុង បានចូលរៀនថ្នាក់ទី១ នៃសាលាបឋមសិក្សាបន្ទាយឆ្មា ហើយបានបន្តថ្នាក់បឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ត្រឹមថ្នាក់ទី១១ នៅវិទ្យាល័យបន្ទាយឆ្មា។ ឆ្លងចូលដល់ថ្នាក់ទី១២ដែលកាលណោះ ផាន់ រុង មានវ័យ១៧ឆ្នាំ បានផ្លាស់ប្ដូរការសិក្សាពីស្រុកកំណើត មករៀននៅវិទ្យាល័យសន្ធរមុខ រាជធានីភ្នំពេញក្នុងឆ្នាំ២០១៧។ ក្រោយមកលោកក៏បានប្រឡងបាក់ឌុបជាប់ ហើយបន្តរៀនថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យន័រតុន ផ្នែកវិស្វករ និងសំណង់ស៊ីវិលបានឆ្នាំទី២ ក៏ភ្ជួរឈ្មោះសិន ដើម្បីចាប់អាជីពនិពន្ធ ដឹកនាំរឿង និងសម្ដែងដោយខ្លួនឯងវិញម្ដង។
"ប្រវត្តិតស៊ូពេលកំពុងរៀន និងត្រៀមជើងចូលសិល្បៈ"
រយៈពេលបីឆ្នាំដែល ផាន់ រុង រស់នៅទីក្រុងដើម្បីបន្តការសិក្សាថ្នាក់ទី១២ និងថ្នាក់បរិញ្ញាបត្រ បានធ្វើឲ្យលោកស្គាល់ភ្លើងពណ៌ និងការប្រកួតប្រជែងដ៏សម្បូរបែប ស្របពេលគ្នានោះលោកក៏ឆ្លងកាត់ឧបសគ្គមិនណយដែរ។ ផាន់ រុង បានជួលបន្ទប់តូចមួយតម្លៃ៦០ដុល្លារក្នុង១ខែ ម្ដុំផ្សារសំណង់១២ ដើម្បីស្នាក់នៅជាមួយមិត្តភ័ក្ដិ២នាក់ផ្សេងទៀត។ គ្រានោះលោកត្រូវចាត់ចែងលុយដែលឪពុក-ម្ដាយផ្ញើពីស្រុកចំនួន២០០ដុល្លារ ឬស្មើនឹង៨០ម៉ឺនក្នុង១ខែ ទៅលើការរៀនសូត្រ ហូបចុកប្រចាំថ្ងៃ និងជួយបង់ថ្លៃបន្ទប់ជាមួយមិត្តភ័ក្ដិ ហើយក៏ឆ្លៀតកិបលុយម្ដាយខ្លះដែរ ដើម្បីទិញកាមេរ៉ាថតរឿង។
ផាន់ រុង៖"ពេលលាក់លុយគាត់(ម្ដាយ)អីចឹង ខ្ញុំមានអារម្មណ៍ថាអាណិតគាត់ តែខ្ញុំមិនសោកស្ដាយណាស់ណាទេ ព្រោះកាមេរ៉ានេះហើយដែលទាញខ្ញុំឲ្យមហាជនបានស្គាល់ ហើយខ្ញុំក៏រកលុយបានច្រើនគួរសមពីកាមេរ៉ានេះដែរ"។
ផាន់ រុង ត្រូវបង្ខំចិត្តកុហកម្ដាយ និងចាប់ផ្ដើមចេះកិបកេងលុយដែលឪពុក-ម្ដាយ ផ្ញើឲ្យសម្រាប់ទុកតែសម្រាប់រៀនសូត្រចន្លោះពី៣០០០រៀល ទៅ៨០០០រៀលក្នុង១ខែ ដើម្បីសន្សំទិញកាមេរ៉ា១គ្រឿងម៉ាក Gopro មានតម្លៃ៣៨០ដុល្លារ។ រយៈពេលបីឆ្នាំ នៃការសន្សំនូវប្រាក់ដ៏ស្ដួចស្ដើងនេះធ្វើឲ្យលោកមានលទ្ធភាព ទិញកាមេរ៉ានោះមែន។ ក្រោយមក គឺនៅឆ្នាំ២០១៨ កាមេរ៉ានេះត្រូវបានប្រើមុនគេក្នុងការថតចម្រៀងមួយបទក្រោមចំណងជើងថា"DJ ស្រុកស្រែ"។
បទចម្រៀង និងរឿងជាច្រើន បានចេញជាបន្តបន្ទាប់ ហើយទទួលបានការគាំទ្រតាំងពីពេលនោះមក។ រហូតដល់ថ្ងៃមិត្តភ័ក្ដិលោកម្នាក់បានដកលុយផ្ទាល់ខ្លួនគេទៅទិញកាមេរ៉ាថ្មី និងល្អមួយគ្រឿងដែរ ដើម្បីសហការថតរឿង និងបទចម្រៀងមួយលោក។
ការបន្ថែមកាមេរ៉ាថតមួយទៀត បានធ្វើឲ្យចង្វាក់ នៃការផលិតរឿង និងបទចម្រៀងរបស់លោកកាន់តែងាយស្រួល និងលឿនជាងមុន ស្រពពេលដែលទទួលបានការគាំទ្រកាន់តែច្រើនទើបលោកសម្រេចភ្ជួរឈ្មោះពីការសិក្សាងាកមកផលិតរឿងពេញដៃពេញជើងតែម្ដង។
គិតមកដល់ខែដើមខែកុម្ភៈ ឆ្នាំ២០២១ នេះ បទចម្រៀងរបស់លោកចេញបានជិត២០ហើយ រីឯរឿងខ្លីៗបែបអប់រំវិញក៏ចេញបានមិនក្រោម៥០រឿងដែរ។ បច្ចុប្បន្នលោកទទួលបានចំណូលប្រចាំខែពីក្រុមហ៊ុន Youtubeប្រមាណ១ម៉ឺនដុល្លារ តាមរយៈការដាក់រឿងនៅលើបណ្ដាញដ៏ពេញនិយមមួយនេះ និងការជួលផ្សាយពាណិជ្ជកម្មពីក្រុមហ៊ុននានា។
"ជំនាញ និងការសិក្សាផ្នែកសិល្បៈ"
និយាយទៅអ្នកនិពន្ធ ដឹកនាំរឿង និងជាតួសម្ដែងប្រុស ផាន់ រុង មិនដែលបានចូលសាលាសិល្បៈ ឬរៀនជំនាញផលិតខ្សែភាពយន្តអ្វីឡើយ។ ប៉ុន្តែលោកមានទេពកោសល្យពីកំណើត គួបផ្សំនឹងការស្រាវជ្រាវតាមបណ្ដាញសង្គមនានា និងស្វែងយល់ពីស្ថានភាពសង្គមជាក់ស្ដែងទើបធ្វើឲ្យលោកមានសមត្ថភាពផលិតរឿង និងបទចម្រៀងជាហូរហែមកបាន។
"ចំណង់ចំណូលចិត្ត ឬទម្លាប់ប្រចាំថ្ងៃ"
ផាន់ រុង គឺជាមនុស្សប្រុសពូកែលេងសើច រួសរាយរាក់ទាក់ ប៉ុន្តែម៉ឺងម៉ាត់នឹងការងារ។ លោកថា លោកមិនសូវចំណាយពេលច្រើនលើការដើរលេង ឬផឹកស៊ីឡើយ ព្រោះសកម្មភាពចេញថតជាមួយតួប្រុស និងស្រីៗ ក្រោមបរិយាកាសល្អប្លែកៗគ្នាស្ទើររាល់ថ្ងៃនោះ គឺវាសប្បាយស្រាប់ទៅហើយសម្រាប់រូបលោក។
ជាទម្លាប់បើលោកពុំរវល់ចេញថតទេ គឺក្រោកពីគេងភ្លាម លោកតែងតែទាញសៀវភៅរឿងផ្សេងៗមកអាន ឬទាញប៊ិចមកនិពន្ធជាសាច់រឿងតែម្ដង ហើយថ្ងៃឡើងលោកឆ្លៀតទៅមើលការខុសត្រូវហាងលក់សាច់អាំងរបស់លោកឈ្មោះ"សាច់អាំង Phanrong" នៅកោះពេជ្រ។
"គោលបំណងធំទៅថ្ងៃអនាគត"
ក្រៅពីភាពជោគជ័យលើអាជីពផលិតរឿង បើកហាងរកស៊ី និងទិញផ្ទះល្វែងតម្លៃជាង១០ម៉ឺនដុល្លារកាលពីពេលថ្មីៗនេះ ផាន់ រុង កំពុងព្យាយាមសម្រេចគោលបំណងធំៗចំនួនពីរទៀត។ នោះគឺបំណងទិញឡានម៉ាក រ៉ូលរ៉យ មានតម្លៃក្បែរមួយលានដុល្លារ និងគោលបំណងមួយទៀត គឺបង្កើនប្រាក់ចំណូលប្រចាំខែឲ្យបានលើសពីចំណូលបច្ចុប្បន្នដែលបានត្រឹមតែ ១៥០០០ដុល្លារ ដើម្បីយឹតយោងបងប្អូន និងនាំឪពុក-ម្ដាយឲ្យមករស់នៅរាជធានីភ្នំពេញទាំងអស់គ្នា៕