• 2021-02-12 06:51:46
  • ជីវិតតារា

ដំណើរ​ពី​ស្រី​បម្រើ​រហូត​ក្លាយ​ជា​រាជិនី​សិល្បៈ​​របស់ Fan Bing Bing

  • 2021-02-12 06:51:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចាប់​ផ្ដើម​ពី​តួ​ស្រី​បម្រើ ជីន​ស៊ូ ​ដ៏​តូច​តាច​មួយ​ក្នុង​រឿង "ព្រះនាង​យេយេ" វគ្គ​១​និង ២ នៅ​ពេល​នេះ​ អាច​និយាយ​បាន​ថា Fan Bing Bing គឺ​ជា​តារា​សម្ដែង​ស្រី​ដែល​មាន​ឥទ្ធិពល​ជាង​គេ​ក្នុង​វិស័យ​សិល្បៈ​ចិន។

តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​របស់​ប្រទេស​ចិន Fan Bing Bing កើត​នៅ​ថ្ងៃ​ទី ១៦ ខែ​កញ្ញា ឆ្នាំ ១៩៨១ នៅ​ខេត្ត Shandong ប្រទេស​ចិន​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ធូរធារ​មួយ។ឪពុក​របស់​នាង​គឺ​ជា​តារា​ចម្រៀង​ម្នាក់​នៅ​ក្នុង​ក្លឹប​សិល្បៈ​កងទ័ព​ជើង​អាកាស ​ហើយ​​ម្ដាយ​នាង​គឺ​អ្នក​រាំ​របាំ​ល្បី​ឈ្មោះ​ម្នាក់​នៅ​ក្នុង​ខេត្ត។ Fan Bing Bing ត្រូវ​ទទួល​ការ​ជះ​ឥទ្ធិពល​​ខ្លាំង​ពី​ឪពុកម្ដាយ ដូច​នេះ​នាង​បាន​ចូលចិត្ត​សិល្បៈ​តាំង​ពី​តូច​ក្រូច​ឆ្មា​ម្ល៉េះ។ តារា​ស្រី​រូប​នេះ​មាន​ប្អូន​ប្រុស​ម្នាក់​ដែល​មាន​អាយុ​តិច​ជាង​ខ្លួន ១៩ ឆ្នាំ ឈ្មោះ​ថា Fan Cheng Cheng។

តួ​សម្ដែង​ចៀវៃ​​របស់ Ruby Linក្នុង​រឿង "ព្រះនាង​យេយេ" ដើម​ឡើយ​គឺ​របស់ Fan Bing Bing

នៅ​ក្នុង​វ័យ ១៥ ឆ្នាំ ជាមួយ​នឹង​ទម្រង់​មុខ​​ស្រស់​ស្អាត​និង​ស្លូត​បូត ក្មេង​ស្រី​មក​ពី​ខេត្ត Shandong នេះ​ត្រូវ​បាន​គេ​ទទួល​ឲ្យ​ចូល​រៀន​នៅ​សាលា​បណ្ដុះបណ្ដាល​តារា​សម្ដែង​របស់​ផលិតករ​ជើង​ចាស់ Nicholas Tan។ នៅ​ក្នុង​កំឡុង​ពេល​តាម​រៀន​នៅ​ទីនេះ Fan Bing Bing បាន​ទទួល​ការ​ជ្រោមជ្រែង​របស់​តារា​សម្ដែង​រៀមច្បង​ Leanne Liu។ ហើយ​នេះ​ក៏​ជា​ព្រេង​វាសនា​ដែល​នាំ​​ឲ្យ​នាង​បាន​ចូល​សម្ដែង​ក្នុង​រឿង "ព្រះនាង​យេយេ" ផងដែរ។

ដោយ​សារ​តែ​មាន​កែវ​ភ្នែក​ធំ​និង​ខ្មៅ​ហើយ​មើល​ទៅ​ពេល​ណា​ក៏​ដូច​ជា​កំពុង​ពិបាក​ចិត្ត​នោះ Fan Bing Bing ត្រូវ​បាន​កំពូល​កវី​ប្រលោមលោក Chiung Yao ​ឲ្យ​ដើរ​តួ ចៀវៃ ជា​​បុត្រី​​មួយ​អង្គ​ដែល​ត្រូវ​វង្វេង​របស់​ស្ដេច Qianlong។ នៅ​ពេល​នោះ តួ​ត្រចៀកកាំ​ត្រូវ​គេ​គ្រោង​ប្រគល់​ឲ្យ​តារា​សម្ដែង​តៃវ៉ាន់ Li Ting Shi។ យ៉ាងណាក៏ដោយ ក្ដី​សង្ឃឹម​បាន​ដើរ​តួឯក​របស់​ស្រី​ស្អាត​ត្រកូល Fan ត្រូវ​បាន​រលត់​បាត់ នៅ​ពេល Li Ting Shi បដិសេធ​មិន​ព្រម​ដើរ​តួ ត្រចៀកកាំ​ហើយ​ត្រូវ​ផ្ទេរ​ឲ្យ​តារា​សម្ដែង​ថ្មី Zhao Wei វិញ ហើយ​តួ ចៀវៃ​របស់ ក្មេង​ស្រី Bing Bing ក៏​ត្រូវ​ផលិតករ​ផ្ទេរ​ឲ្យ​តារា​សម្ដែង​តៃវ៉ាន់ Ruby Lin វិញ​ដែរ។ Fan Bing Bing នៅ​ពេល​នោះ​បាន​ត្រឹម​ដើរ​តួ​ស្រី​បម្រើ​ឈ្មោះ ជីនស៊ូ របស់​ព្រះនាង​ទាំង​២។

ទទួល​ជោគជ័យ​ពី​តួ​រង

បើ​ទោះ​បី​ជា​ត្រូវ​គេ "ទម្លាក់" ពី​ព្រះនាង​ចុះ​មក​នៅ​ត្រឹម​អ្នក​បម្រើ​ក៏​ពិត​មែន តែ Fan Bing Bing ក៏​ទទួល​ចំណាប់​អារម្មណ៍​មិន​តិច​ជាង Zhao Wei និង Ruby Lin ប៉ុន្មាន​ដែរ។ ខណៈ​ពេល​នោះ បណ្ដាញ​ព័ត៌មាន​ក៏​ដូច​ទស្សនិកជន​តែង​តែ​ហៅ​តារា​កើត​ឆ្នាំ ១៩៨១ ថា​ជីន​ស៊ូ រាល់​ពេល​នាង​ចេញ​ទៅ​ណា​ម្ដង​ៗ។

ជោគជ័យ​មក​ដល់​ជា​បន្ត​បន្ទាប់

អាជីព​ជា​តារា​សម្ដែង​របស់ Fan Bing Bing រឹត​តែ​​រីក​ដុះដាល​​ឡើង​ត​ទៅ​ទៀត​នៅ​ពេល​នាង​ចុះ​​កុងត្រា​ក្លាយ​ជា​តារា​ក្រោម​ការ​គ្រប់គ្រង​របស់ Huayi Brothers ក្រុមហ៊ុន​កម្សាន្ត​ចម្រុះ​ធំ​បំផុត​របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០០០។ ក្នុង​ឆ្នាំ ២០០៣ ជាមួយ​នឹង​តំណែង​តួឯក​ក្នុង​ភាពយន្ត "Cell Phone” បាន​នាំ​ឲ្យ Fan Bing Bing ទទួល​បាន​ពាន​រង្វាន់ "តារា​សម្ដែង​ស្រី​ឆ្នើម​បំផុត" ក្នុង​កម្មវិធី​ប្រគល់​ពាន Baise Hua លើក​ទី ២៧។ ចាប់​ពី​ពេល​នោះ​មក នាង​ក៏​បាន​ចូល​រួម​ទទួល​សម្ដែង​រឿង​ភាពយន្ត​ច្រើន​ជាង​​ពី​មុន​ដែល​ធ្លាប់​តែ​ថត​រឿង​ភាគ​ទូរទស្សន៍។ នៅ​ខែ​កុម្ភៈ ឆ្នាំ ២០០៧ មិត្ត​ស្រី​របស់ Li Chen បាន​រក​ឃើញ​វិថី​ថ្មី​មួយ​ផ្សេង​នៅ​ក្នុង​អាជីព​របស់​ខ្លួន ដោយ​នាង​បាន​ដើរ​ចេញ​ពី Huayi Brothers និង​បើក​ក្រុមហ៊ុន​កម្សាន្ត​ផ្ទាល់​ខ្លួន​ដោយ​យក​ឈ្មោះ​ថា "Bing Bing Studio”។

ចាប់​ពី​ពេល​នោះ​មក កេរ្តិ៍​ឈ្មោះ​របស់ Fan Bing Bing ត្រូវ​បាន​ឡើង​ទៅ​កម្រិត​ថ្មី​មួយ​ទៀត។ Bing Bing ចាប់​ផ្ដើម "ប្រមូល" ពាន​រង្វាន់​ដ៏​មាន​តម្លៃ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ ដើម​ឆ្នាំ ២០០៧ នាង​បាន​ទទួល​ពាន "តារា​សម្ដែង​រង​ល្អ​បំផុត" ក្នុង​កម្មវិធី​ប្រគល់​ពាន Golden Horse Awards សម្រាប់​រឿង "The Matrimony"។ ពាក់​កណ្ដាល​ឆ្នាំ ២០០៧ Fan ដណ្ដើម​បាន​ពាន "តារា​សម្ដែង​ស្រី​ល្អ​បំផុត" នៅ​មហោស្រព​ភាពយន្ត​អាស៊ី-អឺរ៉ុប សម្រាប់​ភាពយន្ត "Lost In Beijing”។ មក​ដល់​ឆ្នាំ ២០១០ Fan Bing Bing ទទួល​បាន​ពាន "តារា​សម្ដែង​ស្រី​ឆ្នើម​បំផុត" ក្នុង​មហោស្រព​ភាពយន្ត Tokyo លើក​ទី ២៤ ជាមួយ​ភាពយន្ត "Budda Mountain”។ ចាប់​ពី​តាំង​ពី​ឆ្នាំ ២០១០ នោះ​ដែរ កេរ្តិ៍​ឈ្មោះ​របស់ Fan Bing Bing ត្រូវ​បាន​គេ​យក​មក​ផ្សព្វផ្សាយ​ឲ្យ​ម៉ាក​យីហោ​ធំ​ៗ​បំផុត​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ។

បោះ​ជើង​ចូល​ទីផ្សារ​ហូលីវូដ

ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​នៅ​​ទឹក​ដី​កំណើត​​ប្រទេស​ចិន​និង​បណ្ដា​ប្រទេស​អាស៊ី​អស់​ចិត្ត​អស់​ចង់​ហើយ Fan Bing Bing ចាប់​ផ្ដើម​បង្ហាញ​មហិច្ឆតា​ដ៏​ធំ​បំផុត​របស់​ខ្លួន នោះ​គឺ​ឈាន​ជើង​ចូល​វិស័យ​ភាពយន្ត​របស់ ហូលីវូដ។ អាច​និយាយ​បាន​ថា ឆ្នាំ ២០១៤ គឺ​ជា​ឆ្នាំ​ដែល​មិន​អាច​បំភ្លេច​បាន​របស់​ស្រី​ស្អាត​សាច់​ស​ខ្ចី​រូប​នេះ ដោយ​នាង​ត្រូវ​បាន​ផលិតករ​អាមេរិក​អញ្ជើញ​ឲ្យ​ដើរ​តួ​ Blinkក្នុង​រឿង "X-men: Days of Future Past”។

ពី​ស្រី​បម្រើ​ម្នាក់ ​ក្លាយ​ជា​ស្ដេច​ស្រី​តែ​មួយ​គត់​របស់​​ប្រទេស​ចិន

ឆ្នាំ ២០១៥ អាច​និយាយ​បាន​ថា​ជា​ឆ្នាំ​ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​បំផុត​របស់​ស្រី​ស្អាត​មាន​កម្ពស់ ១,៦៨ម មួយ​នេះ។ នៅ​ក្នុង​ឆ្នាំ ២០១៥ Fan Bing Bing ត្រូវ​បាន​​ទស្សនាវដ្ដី Forbes ប្រកាស​ជា​តារា​សម្ដែង​ដែល​មាន​ចំណូល​ខ្ពស់​ទី​៤​ នៅ​លើ​ពិភពលោក​ខ្ពស់​ជាង​តារា​ស្រី​ហូលីវូដ​ជា​ច្រើន។ ដើម​ឆ្នាំ ២០១៥ Fan Bing Bing ប្រកាស​គម្រោង​ភាពយន្ត​ធំ​បំផុត​តាំង​ពីមុន​មក​របស់​ខ្លួន​គឺ​រឿង​ភាគ "The Empress of China” ដែល​រឿង​នេះ តារា​ស្រី​ត្រកូល Fan គឺ​ជា​អ្នក​ផលិត​ដោយ​ផ្ទាល់ ​និង​ត្រូវ​បាន​ដាក់​ទុន​ផលិត​រហូត​ដល់​ទៅ ៥០ លាន​ដុល្លារ​អាមេរិក។ Fan Bing Bing បាន​ប្រថុយ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​នៅ​លើក​នេះ ដោយ​មិន​ខ្លាច​ទទួល​បរាជ័យ​នៅ​ពេល​ហ៊ាន​ដើរ​តួ អ៊ូ ម៉ីនាង ពី​អាយុ ១៤ ឆ្នាំ​រហូត ៨០​ឆ្នាំ​ដោយ​មិន​ប្រើ​តួ​ជំនួស​ណា​ទាំង​អស់​ពី​ដើម​ដល់​ចប់។ Fan Bing Bing បាន​និយាយ​ពី​រឿង​មួយ​នេះ​ថា "ខ្ញុំ​ជឿ​ជាក់​ថា តារា​ស្រី​ណា​ម្នាក់​ក៏​ចង់​ដើរ​តួ អ៊ូ ម៉ីនាង ម្ដង​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ​ដែរ ហើយ​ខ្ញុំ​ក៏​មិន​ខុស​ពី​ពួក​គេ​នោះ​ដែរ។ ខ្ញុំ​អាច​បោះ​បង់​ចោល​អ្វី​គ្រប់​យ៉ាង​ដើម្បី​តួ​អង្គ​មួយ​នេះ"។

Fan Bing Bing មិន​បាន​និយាយ​លលេង​ចំពោះ​អ្វី​ដែល​នាង​និយាយ​នោះ​ទេ គឺ​នាង​បាន​លះបង់​ទាំង​កម្លាំង​កាយ​ចិត្ត​របស់​ខ្លួន​ទាំង​អស់​សម្រាប់​រឿង​នេះ។ គ្រាន់​តែ​សំលៀកបំពាក់​តួអង្គ​ស្រី​នៅ​ក្នុង​រឿង​នេះ Fan Bing Bing បាន​បញ្ជា​ឲ្យ​ច្នៃ​ជាង ៣០០០​​ឈុត​ឲ្យ​អ្នក​ម្នាង​ក៏​ជា​ស្រី​ស្នំ​ផ្សេង​ទៀត។ រីឯ​ឈុត​ស្ដេច​ស្រី​ដែល អ៊ូ ម៉ីនាង ស្លៀក​នៅ​ក្នុង​ភាគ​បញ្ចប់​នោះ ត្រូវ​បាន​ច្នៃឡើង​ដោយ​ជាង​ជំនិត​ប្រមាណ​ជាង ១០ នាក់​ក្នុង​រយៈ​ពេល​៣​ថ្ងៃ។ មិន​ខុស​ពី​ការ​ប៉ាន់ស្មាន​របស់​អ្នក​ជំនាញ នៅ​ពេល​ចេញ​ចាក់​ផ្សាយ "The Empress of China” បាន​បំបែក​គ្រប់​កំណត់​ត្រា​របស់​ទូរទស្សន៍​ចិន​​ទាំង​អស់​ដោយ​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​មិន​ធ្លាប់​មាន​ពី​មុន​មក។ ចំណែក​ឯ​អ្នក​ទស្សនា​តាម​អ៊ីនធឺណិត​វិញ​បាន​កើន​ឡើង​ដល់ ៧ប៊ី​លាន​ដង​គិត​មក​ដល់​ភាគ​បញ្ចប់​របស់​រឿង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រឿង​ភាគ​មួយ​នេះ​ក៏​ត្រូវ​បាន​លក់​ចេញ​ទៅ​បណ្ដា​ប្រទេស​អាស៊ី​ជា​ច្រើន​នៅ​ក្នុង​នោះ​រួម​មាន​ទាំង​កម្ពុជា​ផង​ដែរ៕

មតិយោបល់