• 2021-07-30 09:09:42
  • ជីវិតតារា

តួ​ស្រី​ម្នាក់​ក្នុង​រឿង"ទឹក​ភ្នែក​ឪពុក" នា​ទស្សវត្ស៦០ គេចមិន​រួច​ពី​ដៃ​កវី​ស្លាប​ប៉ាកកា​មាស គង្គ ប៊ុនឈឿន

  • 2021-07-30 09:09:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ជីវប្រវត្តិ និង​ស្នាដៃ​របស់​កវី​ស្លា​ប៉ាកកា​មាស គង្គ ប៊ុនឈឿន មាន​ច្រើន​អនេក ហើយ​ក៏​មាន​ប្រិយមិត្ដ​ច្រើន​ហើយ​ដែរ​អំពី​ប្រវត្តិ និង​កិត្តិនាម​របស់​លោក​នៅ​អំឡុង​ទសវត្ស​៥០ និង​៦០។ ប៉ុន្តែ​ថ្ងៃ​នេះ Sabay សូម​ច្បិច​យក​ជ្រុង​មួយ នៃ​ទំនាក់ទំនង​ស្នេហា​របស់​លោក​ជាមួយ​ឧត្ដម​ភរិយា គឺ​អ្នក​ស្រី តាប់ គីមលន ដោយ​ផ្នែក​លើ​ប្រភព​ច្បាស់​ការណ៍​មួយ​ចំនួន។

លោក គង្គ ប៊ុនឈឿន ដែល​មាន​រហស្សនាម​ថា"កវី​ស្លាប​ប៉ាកកា​មាស" បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​តែង​និពន្ធ​តាំង​ពី​ឆ្នាំ​១៩៥៥ ហើយ​លោក​បាន​ប្រឡង​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ជា​លើក​ដំបូង​ក្នុង​មហោស្រព​អក្សរសិល្ប៍​នា​ឆ្នាំ​១៩៥៧ តាម​រយៈ​ស្នាដៃ​មួយ​ដែល​មាន​ឈ្មោះ​ថា"ស្នេហា​លុះ​អវសាន"។

យើង​មិន​ដឹង​ថា​ប្រលោម​លោក"ស្នេហា​លុះ​អវសាន"​របស់​កវី​រូប​នេះ​បាន​សរសេរ​បង្កប់​នូវ​រឿង​រ៉ាវ​ស្នេហា​របស់​ខ្លួន​ដែរ ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​ក្រោយ​មក គឺ​នៅ​ឆ្នាំ១៩៦៤ លោក​បាន​បង្កើត​ស្នាដៃ​ថ្មី​មួយ​ក្នុង​ចំណោម​ស្នាដៃ​ជា​ច្រើន​ទៀត គឺ​លោក​បាន​និពន្ធ និង​ដឹកនាំ​សម្ដែង​រឿង"ទឹកភ្នែក​ឪពុក" ដែល​កាល​ណោះ​មាន​តារា​សម្ដែង​ប្រុស តាត សំណាង និង​តារា​សម្ដែង​ស្រី តាត គីមឡេង ព្រម​ទាំង​អនាគត​ភរិយា​របស់​លោក គឺ​អ្នក​នាង តាត គីម​លន ផង​ដែរ។ គេ​ជឿ​ថា កំណើត​ស្នេហ៍​របស់​កវី គង្គ ប៊ុនឈឿន ជាមួយ​ភរិយា តាត គីម​លន គឺ​ចាប់​ផ្ដើម​មាន​តាំង​ពី​ពេល​នោះ​មក​ម្ល៉េះ។

ថ្មីៗ​នេះ​មាន​ប្រភព​មួយ​បញ្ជាក់​កាន់​តែ​ច្បាស់​ជុំវិញ​រឿង​នេះ គឺ​ម្ចាស់​គណនី​Facebook ឈ្មោះ"ចៅ​កម្ពុជា" ដែល​តែងតែ​គាស់​រំលើង​នូវ​ប្រវត្តិ​សិល្បករ-សិល្ប​ការិនី​ខ្មែរ​ល្បី​ៗ​ពី​ជំនាន់​ដើម បាន​អះអាង​ថា​ខ្លួន​បាន​សម្ភាសន៍​ជាមួយ​អ្នកស្រី តាត គីម​លន ដែល​ជា​ភរិយា​របស់​កវី​គង្គ ប៊ុនឈឿន កំពុង​រស់នៅ​ប្រទេស​ន័រវែស តាម​រយៈ​វីដេអូ​Chat។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា តាត គីមឡេង គឺ ជា តារា ភាពយន្ត ១​រូប​ដែល​បាន​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​រឿង"ទឹក​ភ្នែក​ឪពុក" ឆ្នាំ១៩៦៤ ដែល​និពន្ធ​ដោយ​លោក គង្គ ប៊ុនឈឿន។ ខ្សែភាពយន្ត​នេះ បាន​សម្តែង​ដោយ​លោក តាត សំណាង នាង តាត គីមលន និង​នាង តាត គីមឡេង ហើយ​ក៏​បាន​បញ្ចូល​នូវ​ចម្រៀង​ដ៏​សែន​កម្សត់​១​បទ គឺ​បទ"ទឹកភ្នែក​ឪពុក" ច្រៀង​ដោយ អធិរាជ​សំឡេង មាស ស៊ីនស៊ីសាមុត។

ចៅ​កម្ពុជា បន្ត​ថា តាម​ពិត​ទៅ​លោក តាត សំណាង គឺ​ជា​មិត្ត​របស់​លោក គង្គ ប៊ុនឈឿន នៅ​បាត់ដំបង​ជាមួយ​គ្នា ហើយ​ក៏​មាន​និស្ស័យ​ខាង​សិល្បៈ​ដូចគ្នា​ក៏​បាន​ស្គាល់​គ្នា និង​រាប់​អាន​គ្នា​ទៅ។ លុះ​ថត​ រឿង​"ទឹកភ្នែក​ឪពុក"នេះ ចប់​ទើប​កើត​ចំណង​អាពាហ៍ពិពាហ៍​រវាង​លោក គង្គ ប៊ុនឈឿន និង​អ្នក​ស្រី តាត គីមលន ហើយ​ទំនាក់ទំនង​រវាង​លោក តាត សំណាង និង​លោក គង្គ ប៊ុនឈឿន ក៏​ប្រែក្លាយ​ទៅ​ជា​សាច់​ថ្លៃ។

ប៉ុន្តែ​យោង​តាម​ប្រភព​ពី​វីគីភីឌា កវី​ស្លាប​ប៉ាកកា​មាស​ដង​ស្ទឹង​សង្កែ គង្គ ប៊ុនឈឿន បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ អ្នកស្រី តាត គឹមលន នៅ​ឆ្នាំ​១៩៦៣ ពោល​គឺ​នៅ​មុន​ពេល​ដែល​លោក និង​ភរិយា​បាន​ជួប​គ្នា​ដើម្បី​ដឹកនាំ​រឿង និង​សម្ដែង​នៅ​ក្នុង​រឿង"ទឹកភ្នែក​ឪពុក"ក្នុង​ឆ្នាំ​១៩៦៤ ទៅ​ទៀត។ បន្ទាប់​ពី​រៀបការ​កវី គង្គ ប៊ុនឈឿន និង​តារា​សម្ដែង តាត គីមលន បាន​បង្កើត​ចំណង​ឈាម​រួម​គ្នា​ដោយ​បង្កើត​កូន​បាន​ចំនួន ៦​នាក់ គឺ​ប្រុស​ម្នាក់ និង​ស្រី​៥​នាក់។ ក្នុង​នោះ​មាន​កូន​៥​នាក់ បាន​ទៅ​រស់នៅ​ប្រទេស​ន័រវែស និង​កូន​ស្រី​ច្បង​ម្នាក់​កំពុង​រស់នៅ​រាជធានី​ភ្នំពេញ។

សូម​បញ្ជាក់​ថា សព្វថ្ងៃ​លោក​យាយ តាត គីមឡេង កំពុង​រស់នៅ​ឯ​សហរដ្ឋអាមេរិក ចំណែក​ឧត្ដម​ភរិយា​របស់​លោក គង្គ ប៊ុនឈឿន គឺ​លោក​យាយ តាត គីមលន កំពុង​រស់នៅ​ប្រទេស​ន័រវែស។ មុន​ទទួល​មរណភាព​កវី គង្គ ប៊ុនឈឿន ចេញ​នូវ​ស្នាដៃ​ប្រលោម​លោក​ចុង​ក្រោយ​មួយ​ក្រោម​ចំណង​ជើង​ថា"វាសនា​កញ្ញា តាត ម៉ារីណា"។ ប្រភព​ខ្លះ​បង្ហើប​ថា ការ​ចេញ​ស្នាដៃ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក​មាន​បញ្ហា​នៅ​កម្ពុជា ហើយ​បាន​នាំ​ភរិយា និង​កូន​មួយ​ចំនួន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ ហើយ​ក៏​បន្ត​ចេញ​ទៅ​រស់នៅ​ប្រទេស​ន័រវែស កាល​ពី​អំឡុង​ឆ្នាំ​២០០០។

លោក គង្គ ប៊ុនឈឿន កើត​ក្នុង​គ្រួសារ​កសិករ​ក្រីក្រ​មួយ​នៅ​ភូមិ​ចម្ការ​សំរោង ឃុំ​ចម្ការ​សំរោង ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​១៩៣៨ ។ លោក គង្គ ប៊ុនឈៀន បាន​ទទួល​មរណភាព​កាល​ពី​រសៀល​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​២០១៦ នៅ​មន្ទីរ​ពេទ្យ​មួយ នៃ​ប្រទេស​ន័រវេស បន្ទាប់​ពី​ធ្លាក់​ខ្លួន​ឈឺ​៣​ឆ្នាំ ដោយ​ជំងឺ​មហារីក​តម្រង​នោម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី