- 2021-08-04 02:54:16
- ជីវិតតារា
រឿង១មិនទាន់ចប់ ឥឡូវចូលមួយទៀត! ពេលនេះអ្នកដឹកនាំរឿង ចេញមកទម្លាយរឿង អ៊ិន សុភិន ជំពាក់ប្រាក់ការងារលោកមិនទាន់សងដែរ
- 2021-08-04 02:54:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង១មិនទាន់ចប់ ឥឡូវចូលមួយទៀត! ពេលនេះអ្នកដឹកនាំរឿង ចេញមកទម្លាយរឿង អ៊ិន សុភិន ជំពាក់ប្រាក់ការងារលោកមិនទាន់សងដែរ
ចន្លោះមិនឃើញ
មួយរយៈមកនេះ សារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយហូរហែ ពីទំនាស់ខាងផ្នែកសេដ្ឋកិច្ចរវាងលោក អ៊ិនសុភិន ដែលជាចាងហ្វាងផលិតកម្មមហាហង្ស ជាមួយពិធីករ លោក សុខរ៉ាស៊ី រហូតឈានដល់ការប្ដឹងផ្ដល់គ្នាតាមផ្លូវតុលាការថែមទៀត ហើយខណៈដែលរឿងនេះនៅមិនទាន់រកដំណោះស្រាយឃើញផង ឥឡូវមានអ្នកទី២ បានចេញមកទម្លាយថា លោកក៏ជួបរឿងនេះជាមួយលោក សុភិន ដែរ។
អ្នកដឹកនាំរឿង និងជាអ្នកច្នៃម៉ូដល្បីមួយរូបនៅសហរដ្ឋអាមេរិក និងកម្ពុជាលោក Remy Hou (រ៉េមមី ហ៊ូ) បានគាស់កកាយរឿងរ៉ាវមកឲ្យ Sabay ថា តាមពិតលោកក៏មានសាច់រឿងដូចគ្នាទៅនឹងលោក សុខ រ៉ាស៊ី ដែរ។ លោកអធិប្បាយថា ដើមឡើយលោក និងលោក អ៊ិន សុភិន ជាមនុស្សរាប់អាន និងធ្វើការជាមួយគ្នារាប់ឆ្នាំ និងមានភាពជិតស្និទ្ធថែមទៀតផង ហើយតាមរយៈទំនាក់ទំនងនេះ លោក ក៏បានព្រមព្រៀងធ្វើការងារមួយចំនួនជាមួយផលិតកម្មមហាហង្ស។
លោក Remy Hou (រ៉េមមី ហ៊ូ) បានប្រាប់ថា ក្នុងអំឡុងខែ៩ ឆ្នាំ២០១៩ លោកបានទទួលការងារថតរឿង សម្រាប់ចាក់បញ្ចាំងក្នុងរោង(រឿងដុំ)ចំនួន៣រឿង ដោយលោកមានកាតព្វកិច្ចជាអ្នកដឹកនាំរឿង ចំណែកភរិយារបស់លោកឈ្មោះ អ្នកនាង ផូ ភារ័ត្ន ជាជំនួយការដឹកនាំរឿង។ រ៉េមី គឺជាអ្នកឈរឈ្មោះក្នុងធ្វើកុងត្រា ជាមួយខាងផលិតកម្មដែលមានលោក អូន ឧស្សាហ៍ ជានាយកគ្រប់គ្រងទូទៅ ធ្វើជាតំណាង។ តាមការចរចា លោក និងភរិយា បានតម្លៃហត់នឿយ សរុបរួមគ្នា ទើបលោកធ្វើជាតំណាងតែម្នាក់សម្រាប់ការធ្វើកុងត្រា។
តាមខ្លឹមសារនៅក្នុងកុងត្រា លោក រ៉េមមី ហូ និងភរិយា ផូ ភារត្ន័ ក៏បានបញ្ជាក់ថា ក្រុមហ៊ុន ត្រូវកក់ប្រាក់ ៥០% មុនចុះថត ហើយក្រុមហ៊ុនក៏បានកក់រួចហើយដែរ។ ក្រៅពីនេះ ពេលដឹកនាំថតបាន៥០ភាគរយនៃសាច់រឿង ក្រុមហ៊ុនត្រូវបង់ប្រាក់៣០ភាគរយបន្ថែមទៀត លុះបញ្ចប់ការងារដឹកនាំថតចប់ជាស្ថាពរ ទើបក្រុមហ៊ុនត្រូវបង់ប្រាក់២០ភាគរយបញ្ចប់។
ប៉ុន្តែជាមួយគ្នានោះ អ្នកដឹកនាំក៏ត្រូវមានតួនាទីទៅមើល ការកាត់តឲ្យចប់ដែរ។ តាមអ្នកដឹកនាំរឿង ២នាក់ប្ដីប្រពន្ធ បានបញ្ជាក់ថា ក្រោយថតចប់ ពួកគេក៏បានទៅមើលការកាត់តបាន២រឿង នៅសល់១រឿង។ ដល់ត្រឹមនេះ លោក រ៉េមមី បញ្ជាក់ថា លោកបានស្នើសុំទូទាត់ទឹកប្រាក់៣០%ទាំងបីរឿង តាមកុងត្រា ដើម្បីយកមកដោះស្រាយលើការចំណាយផ្សេងៗ។
ប៉ុន្តែ មិនទទួលបានអ្វីទាំងអស់ ដោយលោកប្រាប់ថា លោក អ៊ិន សុភិន បានយកលេសនេះលេសនោះ ដើម្បីគេចវេសរហូតមកដល់សព្វថ្ងៃនេះ។ "ម្ដងគាត់ថា កូវីដ ថាអីចេះអីចុះ តែបន្ទាប់ពីពួកខ្ញុំដឹកនាំថតរឿងចប់ទាំងអស់ គាត់ទៅធ្វើកម្មវិធី Miss Grand ដែលជាកម្មវិធីធំ អីចឹងបានន័យថា គាត់មិនអត់លុយទេ...ដល់អីចឹងខ្ញុំឆ្ងល់ ខ្ញុំអត់យល់ហ្មង!"។
តាមការបញ្ជាក់របស់អ្នកដឹកនាំរឿងដដែល លោក អ៊ិនសុភិន នៅមិនទាន់ទូទាត់ប្រាក់ថ្លៃពលកម្មរបស់លោក និងភរិយា សរុបចំនួន ៥០% ស្នើនឹងទឹកប្រាក់ជិត ៥០០០ដុល្លារទៀត។ ចំនួនទឹកប្រាក់នៅសល់នេះ លោកលើកឡើងថា ឲ្យតែក្រុមហ៊ុនព្រមទូទាត់ឲ្យ ទោះបីរំលស់២០០ដុល្លា ៣០០ដុល្លា រឺ៥០០ដុល្លា ក៏បានដែរ ប៉ុន្តែពួកលោកមិនទទួលបានដំណោះស្រាយណាមួយលើទឹកប្រាក់នៅសល់ពី លោក អិនសុភិន រហូតមកដល់បច្ចុប្បន្នដែលមានរយៈពេលជិត ២ឆ្នាំហើយ។
ចំពោះបញ្ហានេះ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស ប្រាប់ថា លោកមិនចង់តតាំងជាមួយពួកគេទាំងពីរទេ។ ទោះយ៉ាងណា នៅក្នុងបទសម្ភាសន៍តាមរយៈសារអេឡិចត្រូច លោកបានលើកឡើងថា លោក រ៉េមី មិនបានធ្វើការចប់ស្រេចបាច់ឲ្យលោក។ "គ្រាន់តែត្រូវចាំថា ពួកគេចង់បានលុយគេ តែមិនធ្វើការឲ្យចប់ចុងចប់ដើម!"។
ឆ្លើយតបទៅហ្នឹងការលើកឡើងរបស់លោក អ៊ិន សុភិន អ្នកនាង ផូ ភារ័ត្ន ដែលជាជំនួយការស្វាមីលោក រ៉េមី ហ៊ូ ដឹឹកនាំថតរឿងទាំង៣ បញ្ជាក់ថា អ្នកនាង និងស្វាមី បានបញ្ចប់ការដឹកនាំ និងមើលការកាត់តចប់ស្រេចបាច់ចំនួន ២រឿងហើយ។ ដូច្នេះហើយ អ្នកនាងថា គួរតែមានការទូទាត់ព្រោះ រឿងទាំង៣ដែលអ្នកនាង និងស្វាមីទទួលដឹក គឺធ្វើកុងត្រាផ្សេងគ្នាទេ។ "ពួកខ្ញុំបានដឹកនាំចប់ទាំង៣រឿង តែបានទៅមើលការកាត់តចប់បាន២ រឿង នៅសល់១រឿង អីចឹងខ្ញុំសុំឲ្យគាត់ទូទាត់២រឿងសិនក៏បាន ព្រោះ រឿងទាំង៣ ធ្វើកុងត្រាផ្សេងគ្នាទេ...អីចឹងខ្ញុំសុំឲ្យតែគាត់ ធ្វើតាមច្បាប់របស់ក្រុមហ៊ុនគាត់ប៉ុណ្ណោះ!"។
តាមខ្លឹមសារនៅក្នុងកុងត្រារវាងភាគីទាំងពីរដែលផ្ដល់ដោយអ្នកនាង ផូ ភារ័ត្ន គឺក្រុមហ៊ុនមហាង្សបានព្រមពៀងកក់ ៥០% បន្ទាប់ពីចុះកុងត្រាជាមួយគ្នា។ ដំណាក់កាលទី២ ក្រុមហ៊ុននឹងត្រូវបន្ថែមប្រាក់កក់ ៣០% ទៀតក្រោយពីដឹកនាំបាន ៥០% ថតចប់។ ដោយឡែក ២០% នៅសល់ គឺនឹងត្រូវផ្ដល់ជូនអ្នកដឹកនាំ ដែលជាភាគី "ខ" នៅក្រោយបញ្ចប់ការដឹកនាំថតជាស្ថាពរ។
តាមលក្ខខណ្ឌនេះ អ្នកនាង ភារ័ត្ន បញ្ជាក់ថា អ្នកនាង និងស្វាមី គួរត្រូវបានទទួលការទូទាត់ ៥០% បន្ថែមសម្រាប់ ២រឿងដែលអ្នកនាង បានបញ្ចប់ការងារជាស្ថាពរហើយ។ ប៉ុន្តែដោយសារមិនមានការទូទាត់ថ្លៃពលកម្មរបស់អ្នកនាង និងស្វាមីចំពោះរឿង ២ នោះ ទើបអ្នកនាង និងស្វាមី មិនមានកម្លាំងចិត្តទៅបំពេញការងារបន្ថែមទៀតសម្រាប់១រឿងដែលនៅសល់៕