- 2021-08-05 07:19:12
- ជីវិតតារា
អ៊ិនសុភិន ឆ្លើយតបពីមូលហេតុ លោកមិនព្រមទូទាត់ប្រាក់ឲ្យអ្នកដឹកនាំរឿង២នាក់ប្ដីប្រពន្ធ
- 2021-08-05 07:19:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ិនសុភិន ឆ្លើយតបពីមូលហេតុ លោកមិនព្រមទូទាត់ប្រាក់ឲ្យអ្នកដឹកនាំរឿង២នាក់ប្ដីប្រពន្ធ
ចន្លោះមិនឃើញ
ក្រោយពីសារព័ត៌មាន Sabay បានចេញអត្ថបទរឿងរបស់អ្នកដឹកនាំរឿងឲ្យលោក អ៊ិនសុភិន ករណីជំពាក់ប្រាក់ការងារមិនសង ស្រាប់តែភ្លាមៗ លោក អ៊ិនសុភិន មិនបង្អង់យូរ ក៏បានបង្ហោះរូបពីរនាក់ប្តីប្រពន្ធដែលជាអ្នកដឹកនាំរឿង រួមទាំងសរសេរសារយ៉ាងវែងអន្លាយទៀតផង។
លោក អ៊ិនសុភិន ដែលជាចាងហ្វាងផលិតកម្មមហាហង្ស បានសរសេរសាររៀបរាប់យ៉ាងវែងអន្លាយថ្មីមួយទៀតនៅក្នុងហ្វេសប៊ុករបស់លោកផ្ទាល់ ដោយសរសេរសាររៀបរាប់យ៉ាងវែងអន្លាយ ក្នុងន័យបញ្ចើចបញ្ចើរដល់អ្នកដឹកនាំរាំរឿងទាំងពីរនាក់ប្តីប្រពន្ធដើម្បីបង្ហាញមុខឲ្យផលិករផ្សេងទៀតបានដឹងថា កុំចាញ់បោកពួកគេទាំងពីរនាក់ អ្នកទាំងពីរធ្វើការមិនកើត ចង់បានលុយខុសក្បួន ។
លោក អ៊ិនសុភិន បន្តទៀតថា កាលពីមុនអ្នកដឹកនាំរឿងទាំងពីរនាក់នេះ គាត់អាណិតដោយគ្មានការងារធ្វើហើយទូរសព្ទ័មកសុំគាត់ធ្វើការងារ ហើយលោកអិនសុភិនក៏អាណិតទើបផ្តល់ការងារឲ្យ៣រឿងតែម្តង ។ លោក អ៊ិនសុភិន បន្ថែមទៀតថា ចំពោះរឿងទាំង៣ដែលលោកឲ្យអ្នកដឹកនាំរឿងថតនេះ គឺរឿងទី១ មានចំណងជើងថា «ឯការ»។ រឿងទី២វិញគឺរឿង «បេសកម្មស្នេហ៏» និងរឿងទី៣ គឺរឿងមានចំណងជើងថា «វង្វេង»។
ចាងហ្វាងដែលកំពុងរងបណ្ដឹងក្នុងករណីដូចគ្នាពីលោក សុខ រ៉ាស៊ី បញ្ជាក់ថា ទាំង៣រឿង ដែលលោកប្រគល់ជូន អ្នកដឹកនាំរឿងទាំងពីរអ្នកប្ដីប្រពន្ធ បំពេញការងារឲ្យលោកមិនបានល្អ ទឹកដីនៅមានកម្រិត ពោលគឺរឿងទាំង៣ មានកំហុសច្រើន យកជាការមិនកើតតែម្ដង។ ដូច្នេះហើយ ទើបលោកទូទាត់ថ្លៃពលកម្មដំណាក់កាលទី២ អោយ ប៉ុន្តែទូទាត់រួចរាល់ សម្រាប់ដំណាក់កាលដំបូងចំនួន ៥០%។
លោក អ៊ិន សុភិន បានចេញមកអះអាងបែបនេះ ក្រោយពីម្សិលមិញ លោក រ៉េមី ហ៊ូ និងអ្នកនាង ផូ ភារ័ត្ន បានបើកកកាយរឿង ចាងហ្វាងផលិតកម្មមហាហង្ស នៅជំពាក់ការទូទាត់ថ្លៃហត់នឿយរបស់ពួកគេលើការងារដឹកនាំថតរឿងចំនួន៣ សម្រាប់ចំនួននៅសល់ ៥០%។ ការណ៍នេះ ពួកគេទាំងពីរ គូសបញ្ជាក់ថា លោក អ៊ិន សុភិន មិនគោរពតាមខ្លឹមសារដែលបានព្រមព្រៀងគ្នានៅក្នុងកុងត្។
នៅក្នុងកុងត្រា បានចែកថា ខាងផលិតកម្មមហាហង្ស ដែលជា "ភាគី ក" ត្រូវកក់ប្រាក់ ៥០% លើការងារដែលបានព្រមព្រៀង បន្ទាប់ចុះកុងត្រាជាមួយគ្នាហើយ។ ៣០% ត្រូវកក់បន្ថែមពេលការងារដឹកនាំរឿងបានសម្រេចពាក់កណ្ដាល និង ២០% នៅសល់ ភាគី "ក" ត្រូវទូទាត់ក្រោយពេលបញ្ចប់ការដឹកនាំថត។ ប៉ុន្តែជាក់ស្ដែង ក្រុមហ៊ុនមិនបានទូទាត់ថ្លៃហត់នឿយរបស់ពួកគេដែលនៅសល់នោះឡើយ។
បញ្ហានេះ អ្នកដឹកនាំ២នាក់ប្ដីប្រពន្ធ អះអាងថា លោក អ៊ិន សុភិន បានយកលេសនេះលេសនោះរហូត និងព្យាយាមគេចវេសពីការទូទាត់ថ្លៃហត់នឿយឲ្យពួកគេ ដែលគិតមកដល់ពេលនេះមានរយៈពេលជិត ២ឆ្នាំហើយ។ ចំពោះបញ្ហានេះ ចាងហ្វាងផលិតកម្មដដែល បានឆ្លើយតបយ៉ាងខ្លីជាមួយ Sabay ថា លោកមិនទូទាត់ដោយសារតែ ពួកគេទាំងពីរធ្វើការងារឲ្យលោកមិនទាន់ចប់ចុងចប់ដើម។
ងាកមកការអធិប្បាយវែងអន្លាយវាយបកបន្ថែមទៅកាន់អ្នកដឹកនាំរឿងទាំងពីរនៅថ្ងៃនេះវិញ គេមិនទាន់ឃើញ លោក រ៉េមី ហ៊ូ និងអ្នកនាង ផូ ភារ័ត្ន មានប្រតិកម្មយ៉ាងណានោះឡើយ។
នេះជាករណីទី២ របស់លោក អ៊ិន សុភិន ក្នុងរង្វង់ប្រមាណតែ ១ខែ ដែលលោករងការចោទប្រកាន់ពាក់ព័ន្ធលើករណីដូចគ្នា គឺគេចវេសមិនទទួលខុសត្រូវលើការទូទាត់ប្រាក់ជំពាក់ក្នុងការងារ។ ករណីទី១ ជាមួយលោក សុខ រ៉ាស៊ី នៅកំពុងតតាំងគ្នាក្នុងផ្លូវច្បាប់ និងមិនទាន់ចេញលទ្ធផលនៅឡើយ៕