• 2021-09-13 03:26:57
  • ជីវិតតារា

លើក​នេះ ជ័យ សូវ៉ាត ប្រាប់ពីការភ័យខ្លាច និងការ​លំបាក នាម​ជាគ្រូពេទ្យម្នាក់​ប្រយុទ្ធ​នឹង​កូវីដ១៩

  • 2021-09-13 03:26:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងដែលមានប្រជាប្រិយភាព សម្លេងស្រទន់ លោក ជ័យ សូវ៉ាត បានប្រាប់ពីការភ័យខ្លាចនិងលំបាក៣យ៉ាង ក្នុងការបំពេញបេសកកម្មជាគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវិដ១៩ ដែលលោកបានជួបប្រទះក្នុងពេលបំពេញការងារ។

តារាចម្រៀងលោក ជ័យ សូវ៉ាត បានប្រាប់ Sabay ឲ្យដឹងថា ត្បិត​ថា​លោក​ជាគ្រូពេទ្យ ប៉ុន្តែ​លោក​ក៏​មាន​ការ​ភ័យខ្លាច មិន​ចាញ់បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ដែរ និង​អាច​ថា ភ័យ​ខ្លាច​ជាង​ថែម​ទៀត​ផង ព្រោះ​ពួក​គេជា​ទ័ព​ជួរ​មុខ​នៅ​ជាប់​ជាមួយ​អ្នក​ជំងឺ​រាល់​ថ្ងៃ ហានិភ័យ​មាន​គ្រប់​នាទី។ ប៉ុន្តែ​ជា​តួនាទី ជា​កាតព្វកិច្ច​ដើម្បី​ជួយ​បង​ប្អូន​ប្រជាពលរដ្ឋ លោក​មិន​គេច​វេស គ្រាន់​តែ​ត្រូវ​ប្រយ័ត្ន​គ្រប់​ពេល។

និយាយ​ពី​ការ​លំបាកនេះ​ដែល ក្រៅ​ពី​ការ​ភ័យ​ខ្លាច លោក ជ័យសូវ៉ាត លើក​ឡើង​ថា ក្រុម​គ្រូ​ពេទ្យ​ទាំង​អស់មាន​ការ​លំបាក​ដូច​ៗគ្នា ទៅ​លើ​ការ​ស្លៀក​ពាក់​ឯកសណ្ឋាន​ការពារកូវីដ១៩​នោះ​ឯង។ លោក​ថា ឈុតមួួយ​នេះ លំបាកណាស់ ព្រោះវាមាន​សភាព​តឹង​​ណែន និង​ត្រូវ​ពាក់​ជាប់​ច្រើន​ម៉ោង​ទៀត។

ដូច្នេះ​ហើយ ក្នុង​ខ្លួន​ពោរពេញ​ទៅ​ដោយ​ញើស ហើយ​ពេល​ចូល​ទៅ​ជួប​​អ្នក​ជំងឺ​ម្ដង គឺលំបាកត្រង់​ថា ហប់ហើយបែកញើសធ្វើឲ្យស្រអាប់វ៉ែនតា ពិបាក​មើល​អ្នក​ជំងឺណាស់។ ម្យ៉ាង​ទៀត លោក​ថា ការ​គ្រង​ឯកសណ្ឋាណ ក៏​ធ្វើ​ឲ្យ​លំបាកក្នុង​ការ​ដកដង្ហើម​ដែរ។

ទោះ​យ៉ាង​ណា ដូច​បញ្ជាក់​ខាង​លើ ជា​កាតព្វកិច្ច​គ្រូ​ពេទ្យ​ដូច​ជា​លោក និង​លោក​គ្រូ អ្នក​គ្រូ​ពេទ្យ​ដទៃ​ទៀត គឺ​តាំង​ចិត្ត​ក្នុង​បេសកកម្ម​ការងារ​ដ៏​លំបាក​នេះ តែ​ជាមួយ​គ្នា ក៏​សង្ឃឹម​ថា បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ យក​ចិត្ត​ទុកដាក់​ការពារ ខ្លួន​ឯង​ឲ្យ​បាន​ម៉ត់ចត់ ចៀស​ឲ្យ​បាន​កូវីដ១៩។ លោក​ថា ការពារ​ខ្លួន​ឯង គឺ​ស្មើ​នឹង​ជួយ​ដល់​ក្រុម​គ្រួសារ និង​សង្គម​ជាតិ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី