• 2021-09-14 07:13:45
  • ជីវិតតារា

អ្នកស្រាវជ្រាវ​បង្ហាញមុខអ្នកច្រៀងបទ”ជំនោរដើមខែ” ក្នុងទសវត្ស៨០ ខណៈ ម៉េង កែវពេជ្ជតា ទាមទារសិទ្ធិជាម្ចាស់បទ

  • 2021-09-14 07:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈដែលតារាចម្រៀង ម៉េង កែវពេជ្ជតា ទាមទារសិទ្ធិជាម្ចាស់បទ ”ជំនោរដើមខែ” ពីតារាចម្រៀងដែលនិយមច្រៀងឡើងវិញនូវបទចាស់ៗ គឺកញ្ញា បាន មុន្នីលក្ខណ៍ ស្រាប់តែថ្ងៃនេះអ្នកស្រាវជ្រាវខាងប្រវត្ដិសិល្បករ-សិល្បការិនីខ្មែរមួយក្រុមបានបញ្ចេញបទ”ក្រមុំស្រុកស្រែ”ដែលច្រៀងដោយអ្នកចម្រៀងទស្សវត្ស៨០ គឺលោកស្រី ម៉ម សុខា។

ក្រុមព្រះសុរិយា ឲ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញា ថា ក្រុមលោកទើបស្រាវជ្រាវរកឃើញរូបថតដ៏ស្រស់ផូរផង់របស់ម្ចាស់សំនៀងដើមបទ”ក្រមុំស្រុកស្រែ” ឬជំនោរដើម” គឺលោកស្រី ម៉ម សុខា។ ក្រុមលោកបានទទួលអំណោយដ៏ពិសេសនេះ ពីលោក អេង កេងឈុន ប្រធាននាយកដ្ឋានផលិតកម្មវិធីវិទ្យុ នៃអគ្គនាយកដ្ឋានវិទ្យជាតិកម្ពុជារបស់ក្រសួងព័ត៌មានដែលបានរក្សាបទនេះទុក។

ក្រុមព្រះសុរិយា៖”ជយោ! ជយោ! ទីបំផុតក្រុមព្រះសុរិយា រកឃើញរូបថតលោកស្រី ម៉ម សុខា អ្នកចម្រៀងដ៏ល្បីល្បាញកាលពីទស្សវត្ស៨០ហើយ! នៅពេលនេះ មានមហាជនច្រើនណាស់ ចង់ឃើញភក្ដ្រា នៃតារាចម្រៀងម៉ម សុខា ដែលជាម្ចាស់ដើមបទ”ជំនោរដើមខែ”។ ក្រុមអ្នកស្រាវជ្រាវដដែលបានបញ្ជាក់ថា បទ”ក្រមុំស្រុកស្រែ” ឬ”ជំនោរដើមខែ” ត្រូវបានច្រៀងដំបូងគេដោយលោកស្រី ម៉ម សុខា និពន្ធ និងផលិតដោយក្រុមតន្ដ្រីវិទ្យុជាតិកម្ពុជា ចេញផ្សាយក្នុងឆ្នាំ១៩៨៣ នាសម័យសាធារណៈរដ្ឋប្រជាមានិត។

រីឯបទ”ជំនោរដើមខែ” ដែលច្រៀងឡើងវិញដោយតារាចម្រៀង ម៉េង កែវពេជ្ជតា ក្នុងសម័យបច្ចុប្បន្ន ហើយមានការជជែកវែកញែកគ្នាច្រើននៅលើបណ្ដាញសង្គមអំពីដើមទង នៃបទចម្រៀង១បទនេះ គឺត្រូវបានគេយកមកសម្រួលបទភ្លេង និងទំនុកច្រៀងខ្លះ ដើម្បីឲ្យត្រូវទៅនឹងបរិបទសង្គម។ អ្នកនាង ម៉េង កែវពេជ្ជតា អះអាងថា កញ្ញា បាន មុន្នីលក្ខណ៍ បានយកបទ”ជំនោរដើមខែ”ដែលជាបទរបស់អ្នកនាងទៅច្រៀង ដើម្បីធ្វើអាជីវកម្ម ដោយគ្មានការអនុញ្ញាតិពីនាងឡើយ។

បទ”ក្រមុំស្រុកស្រែ” ឬជំនោរដើមខែ”ដែលចម្រៀងដោយ ម៉េង កែវពេជ្ជតា គេឃើញកែទំនុកច្រៀង ឬប៉ារូខ្លះពីបទរបស់អ្នកចម្រៀងទស្សវត្ស៨០ គឺលោកស្រី ម៉ម សុខា។ បទក្រោយនេះ និពន្ធបទភ្លេងដោយលោក ម៉ម វីរដ្ឋា សម្រួលតន្ដ្រីជាថ្មីដោយ ឯល ប៉ុណ្ណា និងប្រគុំដោយក្រុមតន្ដ្រីឆ្លងដែន ហើយច្រៀងដោយ ម៉េង កែវពេជ្ជតា៕

ជិន​​ ​សុភ័ក្ដ្រ​

មតិយោបល់
អត្ថបទថ្មី