• 2021-12-03 07:46:58
  • ជីវិតតារា

គួរសង្វេគ! តារាសម្ដែង ប៊ុន សុន រកបន្ទប់ជួលកាន់តែថោក ដើម្បីសល់ប្រាក់ខ្លះព្យាបាលខ្លួន

  • 2021-12-03 07:46:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រីវ័យជរា ប៊ុន សុន សម្រេចិត្ដរើផ្ទះជួលទៅរស់នៅកន្លែងថ្មីហើយ ដោយលើកឡើងថា ការផ្លាស់ប្ដូរកន្លែងស្នាក់នៅនេះ គឺមកពីអ្នកស្រីមានវ័យកាន់តែចាស់ ហើយលក់នំមិនសូវដាច់ដើម្បីសល់ប្រាក់បានបង់ថ្លៃបន្ទប់ និងព្យាបាលជំងឺ។

បើតាមតរាសម្ដែងរូបនេះ អស់រយៈពេលជិត១០ឆ្នាំហើយដែលគាត់បានរស់នៅបន្ទប់ជួលជាន់លើ ម្ដុំវត្ដសន្សំកុសល្យក្នុងតម្លៃ៦០ដុល្លារ ប៉ុន្ដែគិតទាំងថ្លៃទឹក និងភ្លើងអ្នកស្រីត្រូវចំណាយខ្ទង់១០០ដុល្លារក្នុង១ខែៗ។ អ្នកស្រីថា ចាប់តាំងពីកូវីដ-១៩ ចូលដល់កម្ពុជាពេលណាមក គឺអាជីពសម្ដែងរបស់គាត់ត្រូវកាត់ផ្ដាច់ទាំងស្រុង ហើយនំដែលអ្នកស្រីទូលក់តាមចិញ្ចើមផ្លូវរាល់ថ្ងៃនោះក៏លែងសូវដាច់ទៀត។

អ្នកស្រី ប៊ុន សុន និយាយថា រូបគាត់បានរើអីវ៉ាន់ពីបន្ទប់ជួលចាស់ ហើយដឹកទៅដាក់នៅបន្ទប់ជួលថ្មីដែលមានតម្លៃថោកជាងនេះ។ ការធ្វើបែបនេះ ដើម្បីសម្រួលដល់ការចំណាយរបស់គាត់ផង ព្រោះក្នុង១ខែ គាត់ត្រូវសន្សំលុយកាក់ដែលសល់បន្ដិចបន្ទូចពីការហូបចុក ដើម្បីទិញថ្នាំលេបប្រចាំខែ ព្រោះអ្នកស្រីមានជំងឺប្រចាំកាយ តែដោយភាពខ្វះខាតទើបអ្នកស្រីខំដើរទូលនំលក់រាល់ថ្ងៃបែបនេះ។

ប៊ុន សុន៖”ទោះបីជានាងខ្ញុំមានជីវិតលំបាក ទីទ័លក្រ ក៏នាងខ្ញុំ នៅតែតស៊ូលក់នំ ដើម្បីចិញ្ចឹមជីវិត ឲ្យបានរស់តទៅទៀត នាងខ្ញុំមិនទាន់ចង់លាចាកលោកនេះទេ។ សូមអគុណដល់បងប្អូនដែលអាណិតស្រឡាញ់ និងផ្ដល់កម្លាំងចិត្ដ និងជួយឧបត្ថម្ភដល់នាងខ្ញុំកន្លងមក”។

ទោះជាយ៉ាងណា អ្នកស្រី ប៊ុន សុន មិនបានបញ្ជាក់ពីទីតាំងរស់នៅថ្មីនោះទេ ប៉ុន្ដែតាមរយៈវីដេអូខ្លីមួយ និងរូបថតជាច្រើនសន្លឹកដែលអ្នកស្រីបានបង្ហោះតាមបណ្ដាញសង្គមFacebook កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ គេឃើញអីវ៉ាន់របស់គាត់ត្រូវបានជញ្ជូនចេញ និងដឹកតាមកង់បី ចេញពីបន្ទប់ចាស់តូចមួយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់