- 2023-08-25 01:46:26
- ជីវិតតារា
យឿន សូត្រអនុស្សាវរីយ៍ បង្ហាញតម្រុយបញ្ចប់ក្ដីក្ដាំជាមួយពលការិនីខ្មែរនៅកូរ៉េម្នាក់ ត្រឹមនេះហើយ
- 2023-08-25 01:46:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យឿន សូត្រអនុស្សាវរីយ៍ បង្ហាញតម្រុយបញ្ចប់ក្ដីក្ដាំជាមួយពលការិនីខ្មែរនៅកូរ៉េម្នាក់ ត្រឹមនេះហើយ
ចន្លោះមិនឃើញ
មុនពោលពាក្យបញ្ចប់រឿងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ តារាចម្រៀង យឿន សូត្រអនុស្សាវរីយ៍ បានព្រមានបប្ដឹងទាមទារសំណង និងស្នើឲ្យសមត្ថកិច្ចអន្ដរជាតិចាប់ខ្លួនពលការិនីនៅកូរ៉េម្នាក់មកទទួលខុសត្រូវលើការធ្វើឲ្យប៉ះពាល់ដល់កិត្ដិយសរបស់លោក។
តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅមុននេះបន្ដិច លោក យឿន សូត្រអនុស្សាវរីយ៍ និយាយថា រូបលោកសុខចិត្ដទទួលខុស ឲ្យសមជាកូនប្រុស ហើយសុំចប់ត្រឹមហ្នឹងចុះ។ បើទោះបីជាមិននិយាយចំឈ្មោះ ឬសាច់រឿងដ៏ចម្រូងចម្រាស់មួយនេះ ប៉ុន្ដែមហាជនដឹងច្បាស់ថាលោកចង់និយាយសំដៅលើទំនាក់ទំនងស្នេហារវាងលោក និងនារីខ្មែរម្នាក់រស់នៅ និងធ្វើការនៅកូរ៉េ។
ក្រោយសម្រេចចិត្ដបែបនេះ មានអ្នកគាំទ្រភាគច្រើនបានអបអរសាទរ ដោយលើកយកសុភាសិតក្រមង៉ុយ មកប្រៀបធៀបថា “កុំឈ្លោះជាមួយស្រី កុំក្ដីជាមួយចិន” ខណៈដែលអ្នកខ្លះឲ្យយោបល់ថា បញ្ចប់រឿងត្រឹមនេះក៏ល្អដែរ ដើម្បីកុំឲ្យរឿងរ៉ាវកាន់តែវែងឆ្ងាយ នាំឲ្យខាតបង់ពេលវេលា និងកិត្ដិយសកាន់តែខ្លាំងទាំងសងខាង។
ទន្ទឹមគ្នានេះ ក៏មានអ្នកចំអកឲ្យលោក យឿន សូត្រអនុស្សាវរីយ៍ ដោយប្រើពាក្យធ្ងន់ៗថា៖ “សុំចប់ត្រឹម លាហើយមនុស្សថោកទាប” ប៉ុន្ដែឆ្លងតាមរយៈខមិនជាច្រើនទាំងគាំទ្រ និងមិនគាំទ្រ ត្រូវបានលោករក្សាភាពស្ងប់ស្ងាត់ មិនខឹងតបតអ្វីឡើយ។
សូមរំលឹកថា រឿងអាស្រូវស្នេហារបស់ យឿន សូត្រអនុស្សាវរីយ ជាមួយពលការិនីកូរ៉េម្នាក់ដែលមានស្រុកកំណើតនៅខេត្ដកំពង់ឆ្នាំង បានផ្ទុះលើងកាលពីដើមខែសីហា ឆ្នាំ២០២៣។ ក្រោយផ្ទុះ ភាគីទាំងសងខាងបានព្យាយាមបកស្រាយតាមបណ្ដាញសង្គមផ្ទាល់ខ្លួន និងម្ខាងទៀតបកស្រាយតាមបណ្ដាញសារព័ត៌មាន ដោយតារាចម្រៀង យឿន សូត្រអនុស្សាវរីយ៍ ប្រកែកថាមិនដែលស្គាល់គ្នា ឬមានទំនាក់ទំនងអ្វីជាមួយគ្នាឡើយ ហើយភាគីខាងស្រីអះអាងម្ដងហើយម្ដងទៀតថា រូបនាងពិតជាបានស្គាល់ និងមានទំនាក់ទំនងជាមួយគ្នា៕