• 2024-02-23 02:43:28
  • ជីវិតតារា

ដើរៗឃើញតារា​តៃវ៉ាន់​ម្នាក់​ឈរលក់មាន់នៅផ្សារត្រី នាំគ្នាមើលលើមើលក្រោម ចុងក្រោយគាំងក្រោយដឹងពីចំណូលពិត

  • 2024-02-23 02:43:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kris Shen គឺជាតារាសម្តែងតៃវ៉ាន់ដែលមានវ័យ ៣២ ឆ្នាំ ហើយត្រូវបានគេស្គាល់ច្បាស់នៅក្នុងរឿង «Spider Lilies» កាលពីឆ្នាំ ២០០៧ និងរឿង «Memory Love» ចេញកាលពីឆ្នាំ ២០១៧។

ទោះបីជាមិនមែនជាតារាសម្តែងដ៏ល្បីល្បាញបំផុតនៅក្នុងពិភពសិល្បៈក្នុងស្រុកក៏ដោយ ក៏លោកនៅតែមានក្រុមអ្នកគាំទ្រដ៏ស្មោះស្ម័គ្រ ក្នុងនោះសូម្បីអ្នកតាមដាន Instagram របស់លោក ក៏មានចំនួនច្រើនដល់ទៅ ៣៨ ០០០នាក់ ដែរ។ ប៉ុន្តែអ្វីដែលបង្កជាការ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ជា​ច្រើននោះ គឺ​នៅ​ពេល​​រូបថត​លោក​លក់​នៅ​ផ្សារក្នុងតំបន់មួយកន្លែង ​ត្រូវ​បាន​ចែកចាយ។

គេ​ប្រទះ​ឃើញ​តារាប្រុសរូបនេះ កំពុង​រៀបចំ​តូប​លក់មាន់​ឆៅ ហើយ​​កាត់​វា​ជា​ដុំៗដាក់ប្រឡាក់។ រូបភាពទាំងនេះ ធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង ខណៈវាផ្ទុយស្រឡះពីភាពឥតខ្ចោះ និងស្អាតបាតរៀបរយដែលលោកមាន ក្នុងរឿងការងារសម្តែង។

ជាក់ស្ដែង កាលពីថ្ងៃទី ០៨ ខែមករា តារាសម្ដែងរូបនេះបានចូល Instagram ដើម្បីចែករំលែករឿងរ៉ាវពីក្រោយដែលគ្រប់គ្នាគួរតែដឹង។ Kris Shen បាន​បង្ហើប​ថា គាលោក​បើក​តូប​ជាមួយ​មិត្ត​ស្រីឈ្មោះ Bella ដើម្បី​រក​ប្រាក់​បន្ថែម។ លោកក៏មានប្រភពចំណូលផ្សេងទៀតដូចជា ភោជនីយដ្ឋាន និងគ្លីនិកកែសម្ផស្សដែរ ប៉ុន្តែចំណូលចិត្តចំពោះអាជីវកម្មទីផ្សារសើមជោគនេះ ធ្វើឲ្យគ្រប់គ្នាគាំងក្រោយមិត្តភក្តិរបស់លោក បានប្រាប់ថាពួកគេរកបាន ៨០ ០០០ - ១២០ ០០០ដុល្លារតៃវ៉ាន់ (ខ្ទង់ ២ ៥៥០ – ៣ ៨០០០ ដុល្លារ) ពីតូបរបស់ពួកគេ។

Kris Shen លក់មាន់អស់រយៈពេលជាង ៣ ខែហើយ ដោយអាចរកបានប្រហែល ២០ ០០០ ដុល្លារតៃវ៉ាន់ (៦៤០ ដុល្លារ) ក្នុងមួយខែ។ លោក​មិន​ខ្វល់​ពីមាត់ភ្នែកមនុស្សម្នា ​ដែល​គិតថាទំនងជាលោកកំពុងពិបាករឿងលុយកាក់​នោះទេ ដោយ​សារពីមុនៗ ​លោក​ធ្លាប់​ធ្វើ​ការ​លំបាក​ជាងនេះទៅទៀត ដើម្បី​ចិញ្ចឹម​ជីវិត។

«ខ្ញុំមិនបានកើតមកមានទេ។ បើ​ខ្ញុំកើតមក អ្នកមានមែន ក៏ខ្ញុំ​មិន​ចាំបាច់​ត្រូវចូល​សិល្បៈតាំងពី​អាយុ ១០ ឆ្នាំ​ដែរ»។ នេះជាអ្វីដែល Kris Shen បាននិយាយ។

ជាក់ស្ដែង គិតពីការងារសិល្បៈ ផ្នែក​សម្ដែងវិញ Kris ទើបបានទទួល​ជោគជ័យ នាមជាតួសំខាន់ឈ្មោះ Li Yuan Zhi នៅក្នុងរឿង Rally for Love កាលពីឆ្នាំ ២០២២ កន្លងទៅប៉ុណ្ណោះ។

បន្ថែមពីលើការងារសិល្បៈ បុរសម្នាក់នេះចង់យកពេលនៅសេសសល់រកចំណូលបន្ថែម ស្របពេលសេដ្ឋកិច្ចពិភពលោកមិនទាន់មានសភាពប្រសើរនៅឡើយ ដូច្នេះវាជារឿងត្រឹមត្រូវ គ្មានអ្វីទាស់ខុសបន្តិចឡើយ។ ផ្ទុយទៅវិញនេះ មិនថាការងារជាអ្នកលក់ដូរតាមផ្សារ ឬការងារប្រភេទណាក៏ដោយ ឲ្យតែមិនបានប៉ះពាល់អ្នកណា ឬកើតចេញពីញើសឈាម ទាំងនោះសុទ្ធតែជាការងារសុចរិត ថ្លៃថ្នូរនិងគួរឲ្យគោរពបំផុត៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់