• 2024-03-01 07:46:42
  • ជីវិតតារា

ថ្មីតែខ្លាំង! ដឹងប្រវត្តិត្រួសៗរបស់ ផន ស្រីពី មុនដណ្តើមបានមកុដ Miss Grand KampongCham 2024

  • 2024-03-01 07:46:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតថ្នាក់ខេត្ត Miss Grand KampongCham នៃកម្មវិធី Miss Grand Cambodia 2024 បានបញ្ចប់ទៅហើយ កាលពីពេលថ្មីៗនេះ ដោយម្ចាស់មកុដបានទៅលើបវរកញ្ញាសម្បុរទឹកឃ្មុំ កញ្ញា ផន ស្រីពី។

មែនទែនទៅ ស្រីពី ជាបវរកញ្ញាទើបរះថ្មីក្នុងវិស័យបវរកញ្ញានៅកម្ពុជា តែនាងជាបេក្ខភាពលេចធ្លោម្នាក់តាំងពីដាក់ពាក្យចូលរួមប្រកួតរហូតទម្លាក់បេក្ខភាពជើងខ្លាំង ឡើងគ្រងមកុដរាជនីសម្រស់ប្រចាំខេត្តកំពង់ចាម។ ដើម្បីជ្រាបកាន់តែច្បាស់ពីម្ចាស់ជយលាភីរូបស្រស់នេះ យើងមកដឹងពីប្រវត្តិត្រួសៗរបស់នាងទាំងអស់គ្នា។

កញ្ញា ផន ស្រីពី ជាកូនស្រីពៅក្នុងគ្រួសារ។ នាងមានអាយុ ២២ឆ្នាំ កម្ពស់ 1.74cm ជានិស្សិតឆ្នាំទី៣ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។ បច្ចុប្បន្ន ស្រីពី ជាគ្រូបង្វឹក Gym និងជា Business owner ទៀតផង។ បវរកញ្ញាស្រអែមស្រស់នេះ មានសមត្ថភាពអាចនិយាយបាន ៣ ភាសាយ៉ាងស្ទាត់ជំនាញ គឺភាសាខ្មែរ អង់គ្លេស និង ថៃ។

មុនដាក់ពាក្យចូលរួមប្រកួតកម្មវិធី Miss Grand KampongCham ផន ស្រីពី ធ្លាប់ឆ្លងកាត់ការប្រកួត ២ លើកមកហើយ រួមមាន៖ Mr & Miss Cambodia Korawin 2018 និងFreshie Girl 2019 ដោយនាងទទួលបានចំណាត់ថា្នក់ Top 10។ លុះឆ្នាំ២០២៤ នាងសម្រេចក្តីស្រមៃដ៏ធំក្នុងជីវិត ដោយដណ្តើមបានមកុដ Miss Grand KampongCham 2024 ឆ្ពោះទៅការប្រកួតថ្នាក់ជាតិ នាខែមិថុនាខាងមុខនេះ។

ដ្បិតតែជាបវរកញ្ញាចំនូលថ្មី តែអ្នកជុំវិញខ្លួននាំគ្នាសរសើរសម្រស់ និងសមត្ថភាពបវរកញ្ញារូបនេះគ្រប់គ្នា សូម្បីម្ចាស់ fan page អ្នកស្នេហាវិស័យបវរកញ្ញាក៏លាន់មាត់សរសើរសមត្ថភាពស្រីស្អាតរូបនេះដែរ។

ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានសិល្បៈមុនក្លាយជាម្ចាស់មកុដ Miss Grand KampongCham 2024 ផន ស្រីពី ថា នាងបានត្រៀមខ្លួនជាស្រេចហើយសម្រាប់ការប្រកួតដ៏អស្ចារ្យនេះ ទាំងការរៀបចំខ្លួន ចំណេះដឹង និងភាពជឿជាក់។ នាងតែងមានជំនឿចិត្តថា ខ្លួនឯងអាចដណ្តើមកុដ Miss Grand KampongCham 2024 បាន តាំងពីពេលដាក់ពាក្យប្រកួតមកម៉្លេះ ព្រោះនាងស្គាល់ និងមើលឃើញច្បាស់ពីសមត្ថភាពរបស់ខ្លួនឯង។

បវរកញ្ញាពេញដោយសមត្ថភាពរូបនេះបន្តថា នេះជាលើកទី១ ដែលនាងចូលរួមប្រកួតកម្មវិធី Miss Grand ប៉ុន្តែនាងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបញ្ចេញសមត្ថភាពឱ្យគ្រប់គ្នាបានឃើញថា នាងថ្មីមែនពិត តែសមត្ថភាពពេញខ្លួន។ ហើយទីបំផុត កញ្ញា ផន ស្រីពី ពិតជាធ្វើបានសម្រេចដូចការរំពឹងទុកមែន ដោយបានទម្លាក់បេក្ខភាពជើងខ្លាំងជាច្រើន ឡើងគ្រងមកុដ Miss Grand KampongCham 2024។ គួរឱ្យចាប់អារម្មណ៍ គ្រាន់តែចប់ការប្រកួតភ្លាម Miss Grand KampongCham 2024 ទទួលបានការងារសិល្បៈភ្លែត ដោយនាងត្រូវបាន ឌី សូនិត្តា ហៅឱ្យថតម៉ូដសម្អាងការរដូវកាលថ្មី និងបានថតប្រម៉ូតផ្សព្វផ្សាយផលិតផលផ្សេងៗជាច្រើនទៀតផង៕

អត្ថបទ៖ Ah Mouy

មតិយោបល់