• 2024-04-02 07:47:07
  • ជីវិតតារា

គូបែកខ្លោចផ្សា គូ​ផ្សះផ្សា​កំពុង​មាន​ក្ដី​សុខ! តារា​ ២ដួង ដាច់​ចិត្ដ​ទម្លាយ​រឿង​រ៉ាវក្នុង​គ្រួសារ នៅដើមឆ្នាំ២០២៤

  • 2024-04-02 07:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​អំឡុង​ខែ​មីនា និង​ដើមខែ​មេសា ឆ្នាំ​២០២៤ នេះ សម្រាប់​វិស័យ​សិល្បៈ​គេ​ចាប់​អារម្មណ៍​ខ្លាំង​លើ​គ្រួសារ​តារា​ខ្មែរ ២គូ គឺ​គ្រួសារ​តារា​ចម្រៀង និង​ជា​ពិធីករ យ៉ែម សំអូន និង​តារា​ចម្រៀង យឿន ពិសី។ ក្នុង​ពេល​តែ​មួយ តែ​គូ កំពុង​កើត​ទុក្ខ ដោយសារ​តែ​ជីវិត​ប្ដី-ប្រពន្ធ​ត្រូវ​ដើរ​ដល់​ផ្លូវ​បំបែក និង​មួយ​គូ​ទៀត​កំពុង​មាន​ក្ដី​សុខ ដោយ​សារ​ជីវិត​គូ​បាន​សមប្រកប​ឡើង​វិញ ក្រោយ​រស់នៅ​បែក​គ្នា​ជិត ១០​ឆ្នាំ។

ផ្ដើម​ចេញ​ពី​រឿងរ៉ាវ​របស់​ម្ចាស់​ពាន​​Cambodia Got Talent យឿន ពិសី។ លោក បាន​ប្រកាស​លែងលះ​គ្នា​ជាមួយ​ភរិយា ដោយ​បន្សល់​ទុក​កូន​ប្រុស​តូចៗ ២រូប កំពុង​រស់នៅ​ជាមួយ​អតីត​ភរិយា ដោយ​លោក​អះអាង​ថា​ជា​អ្នក​ទំនុកបម្រុង​ផ្នែក​អាហារកិច្ច​ដល់​កូន​រហូត​ដល់​អាយុ ១៨​ឆ្នាំ ប៉ុន្ដែ​រូប​លោក​នៅ​ពេល​នេះ​បាន​បង្ហាញ​មុខ​គូ​ស្នេហ៍​ថ្មី​ហើយ។

គិត​ត្រឹម​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ​២០២៤ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ពិត​ប្រាកដ​ដែល​ឈាន​ដល់​ការ​លែងលះ​គ្នា​របស់​គ្រួសារ​តារា​នេះ​ទេ។ ប៉ុន្ដែ​លោក​បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា រវាង​លោក និង​អតីត​ភរិយា គឺ​បាន​ព្រមព្រៀង​គ្នា​ផ្ដាច់​សង្វាស​ដោយ​ស្ម័គ្រចិត្ត​រៀងៗ​ខ្លួន ដោយ​សារ​រស់នៅ​លែង​ចុះ​សម្រុង​គ្នា។ ទន្ទឹម​គ្នា​នេះ នារី​ម្នាក់​ដែល​លោក​បង្ហាញ​មុខ​ជា​សាធារណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ជា​មនុស្ស​ដែល​លោក​ស្រឡាញ់​ពិតប្រាកដ ហើយ​នាង​មិន​មែន​ជា​អ្នក​ទី៣ ចូល​មក​បំបែក​លោក និង​អតីត​ភរិយា​ឡើយ ពោល​ការ​ភ្ជាប់​ចំណង​ស្នេហ៍​ថ្មី​នេះ គឺ​កើត​ឡើង​នៅ​ក្រោយ​ពេល​លោក​បាន​លែងលះ​គ្នា​ដាច់​ស្រេច​ទៅ​ហើយ​ទេ។

ការ​លែងលះ​យ៉ាង​ចម្រូងចម្រាស និង​ចាប់​ផ្ដើម​ស្នេហ៍​ថ្មី​ជាមួយ​នារី​ផ្សេង​របស់​តារា​ចម្រៀង​មាន​បញ្ហា​ភ្នែក យឿន ពិសី ត្រូវ​បាន​សាមី​ខ្លួន​ចង់​បកស្រាយ ឬ​តតាំង​ជាមួយ​មហាជន​ដែល​ចង់​ដឹង​រឿងរ៉ាវ​គ្រួសារ​លោក​ច្រើន​ឡើយ ដោយ​លោក​បញ្ជាក់​ថា៖ "ចង្កៀង​ផ្ទះ​អ្នក​ណា គឺ​ភ្លឺ​ផ្ទះ​អ្នក​នោះ"។

ងាក​ពី​រឿង​ឈឺ​ចាប់ មក​ចាប់​អារម្មណ៍​ស្នេហា​ផ្អែម​ល្ហែម នៃ​គូ​ជីវិត​របស់​តារា​ចម្រៀង និង​ជា​ពិធីករ​ល្បីឈ្មោះ យ៉ែម សំអូន វិញ​ម្ដង។ លោក​ទើប​ហ៊ាន​និយាយ និង​បញ្ចេញ​រូបថត ព្រម​ទាំង​វីដេអូ​ជា​សាធារណៈ​ស្ដី​ពី ការ​ត្រូវ​រ៉ូវ​គ្នា​វិញ បន្ទាប់​ពី​មាន​ទំនាស់​ក្នុង​គ្រួសារ​ឈាន​ដល់​ការ​រស់នៅ​បែក​គ្នា​រយៈ​ពេល​ជាង ៩​ឆ្នាំ ដោយ​ភរិយា​រស់នៅ​ជាមួយ​កូន​ស្រី​ម្នាក់​នៅ​ប្រទេស​អូស្រ្ដាលី ហើយ​រូប​លោក​ផ្ទាល់​រស់នៅ និង​បំពេញ​ការងារ​សិល្បៈ​ជា​ធម្មតា​កម្រ​នឹង​និយាយ​ពី​ភរិយា និង​កូន​ស្រី​ណាស់។

ប៉ុន្ដែ​នៅ​ដើម​ឆ្នាំ​២០២៤ នេះ ភ័ព្វសំណាង​បាន​ទាញ​អ្នក​ទាំង​ពីរ​បាន​រួមរស់​ជា​ប្ដី​ប្រពន្ធ​លើង​វិញ ដោយ​មាន​កូន​ស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ជា​កាដូ​លួង​ចិត្ដ​ទៀត​ផង។ ពពក​ខ្មៅ​បាន​រសាត់​បាត់​អស់ ផ្ទៃ​មេឃ​ប្រែ​ស្រឡះ ដូច​ស្នេហា​ធ្លាប់​រស់នៅ​ឃ្លាត​ឆ្ងាយ​គ្នា ឥឡូវ​លោក យ៉ែម សំអូន និង​ភរិយាឈ្មោះ យ៉ាន់ លីនដា ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​អតីត​ពិធីការិនី​ល្បី​ឈ្មោះ​ម្នាក់ ធ្លាប់​បំពេញ​ការងារ​យ៉ាង​សក្ដិសម​បំផុត​ជាមួយ​លោក យ៉ែម សំអូន ក្នុង​នាម​ជា​អ្នក​ដឹកនាំ​កម្មវិធី​មង្គល​ផ្សេងៗ។

ចំពោះ​ស្នេហា​ផ្ទុយ​គ្នា​របស់​តារា​ចម្រៀង​ទាំង​ពីរ​គូ​នេះ ត្រូវ​បាន​មហាជន ជា​ពិសេស​អ្នក​គាំទ្រ​នៅ​តែ​ស្រឡាញ់​រាប់អាន ព្រម​ទាំង​ផ្ដល់​សារ​លើក​ទឹកចិត្ដ​ច្រើន​ទៀត​ផង​សម្រាប់​គូ​ស្នេហ៍​ដែល​កំពុង​ជួប​រឿង​លែងលះ ហើយ​បាន​ជូនពរ​ឲ្យ​កាន់​តែ​មាន​ក្ដី​សុខ​សម្រាប់​គូ​ស្នេហ៍​ដែល​ទើប​ត្រូវ​រ៉ូវ​គ្នា​ឡើង​វិញ គឺ​លោក យ៉ែម សំអូន និង​អ្នកនាង យ៉ាន់ លីនដា។ អ្នក​គាំទ្រ​ខ្លះ​លើក​ឡើង​ថា៖ "ស្ថានភាព​គ្រួសារ ជា​ពិសេស​ជីវិត​គូ ពុំ​មាន​អ្នក​ណា​ម្នាក់​ច្បាស់​ជាង​សាមី​ខ្លួន​ឡើយ"៕

ជិន សុភ័ក្ដ្រ

មតិយោបល់