- 2024-12-12 08:21:29
- ជីវិតតារា
ប្រឡូកក្នុងអាជីពចម្រៀងជាង ២៥ឆ្នាំ ព្រាប សុវត្ថិ នៅតែរក្សាភាពអស្ចារ្យទាំង ៤ចំណុចនេះ!
- 2024-12-12 08:21:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រឡូកក្នុងអាជីពចម្រៀងជាង ២៥ឆ្នាំ ព្រាប សុវត្ថិ នៅតែរក្សាភាពអស្ចារ្យទាំង ៤ចំណុចនេះ!
ចន្លោះមិនឃើញ
បាំងពេលមិនដល់ ៣សប្ដាហ៍ទៀតទេ នឹងដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ២០២៥ ដែលជាខួបគម្រប់ ២៦ឆ្នាំ នៃដំណើរដ៏វែងឆ្ងាយរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ហើយលោកនៅតែអាចរក្សាបានរក្សាប្រជាប្រិយភាពមិនចេះប្រែប្រួលសម្រាប់ហ្វេនៗ។
ថ្មីៗនេះលោកឧកញ៉ា បានបង្ហាញអារម្មណ៍ពិតជាមួយរូបថតដ៏ស្រស់ស្រាយជាមួយធម្មជាតិអង្គុយក្បែរមាត់ទឹក ដោយលោកពោលថា៖ “នឹក អនុស្សាវរីយ៍ នៃការចូលវិថីសិល្បៈតាំងពីដំបូងរហូតដល់ពេលនេះជាង ២៥ឆ្នាំ គិតតាមពេលវេលាយូរឆ្នាំ តែនឹកឡើងវិញ ហាក់ដូចមួយរយៈពេលខ្លីប៉ុណ្ណោះ ព្រោះគ្រប់ពេលវេលា ធ្វើដោយក្ដីស្រលាញ់”។
បើគិតពីអាយុ ព្រាប សុវត្ថិ ដែលភរិយានៅតែហៅបងស្នាយពេញៗមាត់ គឺមានវ័យជ្រេបន្ដិចហើយ ប៉ុន្ដែប្រជាប្រិយភាពក្នុងរង្វង់សិល្បៈវិញនៅតែប្រដេញជាមួយកូនៗសំណព្វចិត្ដទាំង ៣នាក់។ ខាងក្រោមនេះ ជាភាពអស្ចារ្យចំនួន ៤ចំណុច របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលនៅតែអាចរក្សាបានគាំទ្រពីមហាជនមិនប្រែប្រួល។
១/ រូបសម្បត្ដិ និងការតុបតែងខ្លួន។ លោកមានវ័យជ្រេ តែទាន់សម័យ ដោយមានភរិយានៅចាំតាមសម្អិតសម្អាងគ្រប់ពេលវេលា និងគ្រប់កម្មវិធីដោយផ្ទាល់។ ពេលរៀបចំឲ្យស្វាមីឡើងឆាក ឬចូលរួមកម្មវិធីម្ដងៗ ភរិយារបស់លោកធ្លាប់បញ្ជាក់ថា៖ “បុរាណចំបុរាណ សម័យចំសម័យ ដើម្បីបងស្នាយស្រស់សង្ហារគ្រប់វិនារី”។
២/ ទេពកោសល្យសំដែងលើឆាក។ ហ្វេនៗខ្លះគិតថា លោកមានវ័យកាន់តែជ្រេ កាយវិកា ឬសកម្មភាពសម្ដែងមួយចំនួនអាចនឹងមិនរស់វើកដូចក្មេង។ ប៉ុន្ដែមានឯណា តាមរយៈសកម្មភាពសម្ដែង និងឡើងច្រៀងលើឆាកនៅខេត្ដព្រះវិហារ និងខេត្ដបន្ទាយមានជ័យកាលពីពេលថ្មីនេះ បានធ្វើឲ្យមហាជនបើកភ្នែកធំៗ ដោយលាន់មាត់ថា “នៅគុណភាពដើមដើម Idol”។
៣/ ទឹកដមសំឡេង និងសំដីផ្អែម។ និយាយពីសម្ដីសំដៅដាក់កូនចៅ ភរិយា និងអ្នកនៅជុំវិញខ្លួនវិញ តារាប្រុសរូបនេះនៅតែផ្អែម។ រីឯទឹកដមសំនៀងវិញ នៅតែក្រអួនក្រអៅមិនប្រែប្រួល ពោលគឺសំឡេងណែនច្បាស់ៗដូចកាលពីលោកកំពុងល្បីខ្លាំងកាលអំឡុង២០០៨ ដូច្នោះដែរ។
៤/ ប្រជាប្រិយភាព ឬការគាំទ្រពីមហាជន។ បើទោះបីជាមួយរយៈចុងក្រោយនេះ រូបលោកទទួលពាក្យមិនសូវល្អខ្លះពីមហាជនជុំវិញមុខជំនួញ និងការងារថតបទចម្រៀងមួយចំនួន ប៉ុន្ដែមិនបានធ្វើឲ្យប្រជាប្រិយភាពរបស់លោកប្រែប្រួលឡើយ។ ជាក់ស្ដែងទាំងការឡើងសម្ដែងលើឆាក និងថតនៅក្នុងស្ទូឌីយោ គឺគ្រប់បទចម្រៀងរបស់លោកនៅតែមានអ្នកគាំទ្រច្រើន។
លក្ខណៈសម្បត្ដិរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលអាចឈរជើង ឬរក្សាបានប្រជាប្រិយភាពច្រើនឆ្នាំបែបនេះ គឺមិនមែនអាស្រ័យលើតែ ៤ចំណុចនេះទេ។ លោកក៏មានចំណុចខ្លាំងផ្សេងទៀតដែរ ក្នុងការប្រឡូកក្នុងអាជីវកម្មផ្ទាល់ខ្លួន ទំនាក់ទំងសង្គមទាំងក្នុងរង្វង់សិល្បៈ និងវិស័យធុរកិច្ច៕