• 2025-01-07 08:50:46
  • ចម្រៀង

៣ បទ កក្រើកខ្លាំងពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ មួយបទៗ មានអ្នកចូលទស្សនាមិនក្រោមលានដង

  • 2025-01-07 08:50:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MV ថ្មីៗរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលបានចេញជាផ្លូវការបន្ដបន្ទាប់គ្នាកាលពីចុងឆ្នាំ២០២៤ បានស្ថិតនៅលំដាប់កំពូល នៃបទចម្រៀងពេញនិយមប្រចាំផលិតកម្ម Galaxy ដោយក្នុងនោះមានចំនួន ៣បទ នៅតែលេចធ្លោរមកដល់ដើមឆ្នាំ២០២៥ នេះ។

ទី១ គឺបទ “សេកមន្ដ” ដែលផលិតកម្មបានសម្រិតសម្រាំងផលិតឡើង ដើម្បីអបអរខួបលើកទី៨ ដែលចាប៉ីដងវែងខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូផង និងដើម្បីបង្ហាញតួអង្គដែលជាតារាចម្រៀងល្បីៗរបស់ខ្លួនផង បានធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង។

បើទោះបីជាមានមតិរិះគន់ចម្រូងចម្រាស់ខ្លះលើការផលិត ប៉ុន្ដែបទនេះទទួលការគាំទ្រ ឬចូលស្ដាប់ច្រើនរហូតដល់ 8.5M(8,500,០០០)ដង ក្រោយបានកែសម្រួល និងចេញជាផ្លូវការម្ដងទៀតកាលពីមួយខែមុន។ ក្នុងពេលជាមួយគ្នានេះ ហ្វេនៗបានផ្ដោតសំខាន់ទៅលើទឹកដមសំឡេង និងកាយវិកាសម្ដែងដ៏រស់រវើករបស់IDOL bព្រាប សុវត្ថិ ដោយអ្នកខ្លះទន្ទឹងរង់ចាំមើល៍ស្នាដៃបទក្រោយៗទៀត។

ឃ្លាតពេលគ្នាមិនបានប៉ុន្មានសប្ដាហ៍ផង ព្រាប សុវត្ថិ ក៏បានចេញMV ដ៏ទាក់ទាញមួយបទទៀត ក្រោមចំណងជើងថា “កុលាបមានបន្លា”។ ក្រោយចេញជាផ្លូវការកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ មានអ្នកគាំទ្រ ឬចូលទស្សនារហូតដល់ជាង 5M (5,114,223) គិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០០២៥ នេះ។ ជាមួយគ្នានឹងភាពល្បីល្បាញរបស់បទនេះ គេសង្កេតឃើញអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកលេងTiktok បានយកបទនេះទៅត្រាប់តាម ហើយអ្នកគាំទ្ររបស់តារាចម្រៀងជើងចាស់ ព្រាប សុវត្ថិ ក៏សរសើរមិនដាច់ពីសមត្ថភាពidol របស់ខ្លួននៅតែខ្លាំង។

មុនឆ្លងចូលដល់ឆ្នាំថ្មី ២០២៥ បានបន្ថែមទម្ងន់លើភាពល្បីល្បាញរបស់ខ្លួនក្នុងអាជីពចម្រៀង ដោយចេញMV មនោសញ្ចេតនាមួយទៀត គឺបទ “បំផ្លាញបេះដូង”។ បទនេះ ត្រូវបានអ្នកគ្រប់គ្រងផលិតកម្ម សម្រេចដាក់ឲ្យចេញជាផ្លូវការកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ហើយបើគិតត្រឹមថ្ងៃទី៧ ខែមករា នេះ បទ“បំផ្លាញបេះដូង” មានអ្នកចូលទស្សនា ឬស្ដាប់ជាង 1M (1,003,093)ដង។

តាមរយៈMV បទចម្រៀងទាំង ៣បទ បានធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់តារាចម្រៀងជើងចាស់ ព្រាប សុវត្ថិ លេចត្រដែតឡើងយ៉ាងខ្លាំងជាថ្មីមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដែលលោកស្ងប់ស្ងាត់ មិនបានចេញបទចម្រៀងតម្រូវចិត្ដអ្នកគាំទ្របានច្រើន។ ខណៈដែលបទ “សែកមន្ដ” “កុលាបមានបន្លា” និងបទ “បំផ្លាញបេះដូង”មិនទាន់អស់ចំហាយល្បី តារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានហ្វេនៗទន្ទឹងរង់ចាំស្ដាប់បទថ្មីៗសម្រាប់បើកទំព័រថ្មី ឆ្នាំ២០២៥ បន្ដទៀត។ ចំពោះតម្រុយចេញ MV ថ្មី ដើម្បីស្វាគមន៍ដើមឆ្នាំ២០២៥ មិនទាន់មាននៅឡើយ ខណៈដែលកាលវិភាគចេញច្រៀងតាមបណ្ដាខេត្ដ ក្នុងព្រឹត្ដិកាណ៍ប្រគំតន្ដ្រីធំៗ ត្រូវបានអ្នកគ្រប់គ្រងកម្មវិធីដាក់ចេញជាបន្ដបន្ទាប់៕

ជិន សុភ័ក្ដ្រ

មតិយោបល់