• 2016-11-29 04:32:56
  • ភាពយន្ត

ភាពយន្ត​ខ្មែរ ឈរ​លើ​គេ​នៅ Major Cineplex by Cellcard​

  • 2016-11-29 04:32:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​រោង​ភាព​យន្ត​ Major Cineplex by Cellcard បាន​ឲ្យ​ដឹង​ថា​ កាល​ពី​សប្ដាហ៍​មុន​ខ្សែ​ភាព​យន្ត​ខ្មែរ​យើង​មួយ​រឿង​មាន​ចំណង​ជើង​ថា "កំណត់​ហេតុ​នាង​នាថ" បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ នាម​ជា​ភាពយន្ត​ដែល​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាង​គេ​ បើ​ប្រៀប​ធៀប​ជាមួយ​ខ្សែ​ភាព​យន្ត​បរទេស​។

តាម​តារាង​ភាពយន្ត​ពេញ​និយម​ដដែល ខ្សែ​ភាព​យន្ត​បរទេស​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​បាន​ទៅ​លើ​ខ្សែ​ភាព​អាមេរិក​គឺ​រឿង “MOANA” និង​ខ្សែ​ភាពយន្ត​បរ​ទេស​មួយ​ទៀត​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ គឺ​រឿង​ “Fantastic Beasts” ជា​រឿង​របស់​អាមេរិក និង​អង់គ្លេស។

ពាក់​ព័ន្ធ​នឹង​ចំណាត់​ភាពយន្ត​ពេញ​និយម​នៅ​រោង​ភាពយន្ត Major Cineplex by Cellcard នេះ Sabay មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​លម្អិត​ពី​ភាគី​រោងភាពយន្ត​នៅ​ឡើយ។ វិល​មក​លោក ចាន់ណា រ៉ូណាន់ ជា​ផលិតករ​ និង​ជា​អ្នក​ដឹក​នាំ​រឿង "កំណត់​ហេតុ​នាង​នាថ" ភាពយន្ត​ដែល​ឈរ​លើ​គេ បាន​ប្រាប់ Sabay ថា លោក​ទើប​បាន​ទទួល​ព័ត៌មាន​ខាង​លើ​ថ្មី​ៗ​នេះ​ដែរ ហើយ​ថា លោក​សប្បាយ​ចិត្ត​មែន​ទែន។

ផលិតករ​វ័យ​ក្មេង​រូប​នេះ​បាន​បញ្ជាក់​ថា​ "បាទ​បង​ខ្ញុំ​ពិត​ជា​រំភើប​សប្បាយ​រីក​រាយ​ ដែល​រឿង​ខ្ញុំ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​កាល​ពី​សប្ដាហ៍​មុន​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ បើ​ប្រៀប​ធៀប​ជា​មួយ​កុន​បរទេស​បង ភាគ​ច្រើន​បង​ប្អូន​ទស្សនិកជន​ដែល​គាត់​បាន​មក​ទស្សនា​រឿង​ខ្ញុំ​ ពួក​គាត់​បាន​និយាយ​ថា​រឿង​ "កំណត់​ហេតុ​នាង​នាថ​" ល្អ​មើល​មិន​ចាញ់​កុន​បរទេស​នោះ​ទេ​"។

តាម​ការ​បញ្ជាក់​របស់​ផលិតករ​ដដែល​ "កំណត់​ហេតុ​នាង​នាថ" ឆ្លង​កាត់​ការ​ចាក់​បញ្ចាំង​៤​ថ្ងៃ​កន្លង​មក នៅ​គ្រប់​រោង​ភាព​យន្ត​ក្នុង​រាជ​ធានី​ភ្នំពេញ និង​នៅ​ខេត្ត​សៀម​រាប​រួច​មក មាន​អ្នក​ទស្សនា​ច្រើន​ជាង​ ៥ ម៉ឺន​នាក់​តួ​លេខ​រយៈ​ពេល​៤​ថ្ងៃ​។

​គួរ​បញ្ជាក់​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿ​ង​ "កំណត់​ហេតុ​នាង​នាថ" ត្រូវ​បាន​ដាក់​បញ្ចាំង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ វិច្ឆិកា​ ឆ្នាំ​២០១៦ គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​នៅ​ខេត្ត​សៀម​រាប​៕

អត្ថបទ៖ ទារិកា

មតិយោបល់