• 2016-12-04 07:50:35
  • ជីវិតតារា

សន វិជ្ជបុត្រ ចែក​ទាន​ដល់ ក្រុម​តន្ត្រី​ពិការ​ភ្នែក ច្រៀង​តាម​​ស្ដុប ​ក្នុង​រាជ​ធានី​ភ្នំពេញ

  • 2016-12-04 07:50:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជន​ពិការ​​ច្រៀង​តាម​ស្ដុប ក៏​ដូច​ជា​តាម​ផ្សារ​មួយ​ចំនួន​ក្នុង​រាជធានី​​​ភ្នំពេញ​​យ៉ាង​តិច​១០០នាក់ ត្រូវ​បាន លោក សន វិជ្ជបុត្រ តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ M យក​​​អំណោយ​ជូន​ ព្រឹក​មិញ អំណោយ​ទាំង​នោះ​មាន​ដូច​ជា អង្ករ មី ត្រីខ ទឹក​​ត្រី ទឹក​ស៊ីអ៊ីវ បន្លែ​ជា​ដើម ។

អំណោយ​​អស់​ខាង​លើ មួយ​ចំណែក​ជា​របស់​លោក​ផ្ទាល់ និង​មួយ​ចំណែក​ធំ​​ជា​ការ​ចូល​រួម​របស់​អ្នក​នាង ថាច់ ផល្លា ​អតីត​តារា​សម្ដែង​បច្ចុប្បន្ន​រស់​នៅ​សហរដ្ឋ​​អាមេរិក ព្រម​ទាំង​សិល្បករ សិល្បការិនី​ជា​ច្រើន​ទៀត ហើយ​ពិធី​​នេះ​បាន​ធ្វើ​ឡើង​នៅ​វត្ត​នាគវ័ន រាជធានី​ភ្នំពេញ។

ជន​ពិការ​ទាំង​ ១០០នាក់​នេះ ត្រូវ​បាន​ក្រុម​ការងារ​របស់​លោក​​​ប្រមូល​មក​ពី​តាម​ស្ដុប​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ មាន​ទាំង​​អស់​១៦ក្រុម។ លោក សន វិជ្ជបុត្រ បាន​ឲ្យ​ដឹង​ថា ដោយ​មើល​ឃើញ​ជន​ពិការ​ច្រៀង​នៅ​តាម​ភ្លើង​​ស្ដុប មាន​ជីវភាព​ក្រីក្រ​លំបាក​ខ្លាំង​ពេក បាន​ធ្វើ​ឲ្យ​​លោក​មាន​ចិត្ត​អាណិត​​ចង់​ជួយ ហើយ​គម្រោង​​នៃ​ការ​ជួយ​នេះ​តាំង​​ពី​ជាង​១ឆ្នាំ​មុន ។

ការ​ចំណាយ​លើ ការ​ចែក​អំណោយ​​ខាង​​លើ ម្ចាស់​បទ ​"គេ​ស្រលាញ់​អូន​គ្រាន់​តែ​ចង់​ឡូយឆាយ" បាន​ប្រាប់​ថា ​សរុប​ជា​ទឹក​ប្រាក់​ប្រហែល​ជា​ជាង​ ២ពាន់ដុល្លារ។

នេះ​មិន​មែន​ជា​លើក​ទី១​ឡើយ ដែល​​តារា​ចម្រៀង លោក សន វិជ្ជបុត្រ ធ្វើ​អំពើ​សប្បុរសធម៌​បែប​នេះ កន្លង​លោក​​ធ្លាប់ ធ្វើ​ផ្ទះ​ឲ្យ​ជន​ក្រីក្រ​ចាស់ជរា បុក​អណ្ដូង ក៏​ដូច​​ជា​ចែក​អំណោយ​​អ្នក​សិល្បៈ​ក្រីក្រ​ជា​ច្រើន​អ្នក​ទៀត ដោយ​អំណោយ​​ទាំង​នោះ មួយ​ចំនួន​ធំ​បាន​មក​ពី​សប្បុរសជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស។

តារា​ចម្រៀង​មក​កំណើត​មក​ពី​​ស្រុក បាភ្នំ ខេត្ត ព្រៃវែង​រូប​នេះ​ បាន​បញ្ជាក់​ថា សកម្មភាព​ដែល​ខ្លួន​​កំពុង​ធ្វើ​អំពើ​​សប្បុរសធម៌​កន្លង​មក​នេះ មិន​មែន​ជា​ការ​ចង់​បាន​ប្រជាប្រិយភាព​ឬ​ពាក់ព័ន្ធ​រឿង​នយោបាយ​អ្វី​ឡើយ គឺ​ជា​កើត​ចេញ​​ពី​ទឹក​ចិត្ត​ផ្ទាល់​តែ​ម្ដង។ លោក ថា ខ្លួន​នឹង​បន្ត​សកម្មភាព​សប្បុរសធម៌​នេះ​បន្ត​ទៀត ជា​មួយ​គ្នា​​ប្រសិន​បើ​មាន​​សប្បុរសជន​ផ្សេង​ទៀត​​ចង់​ចូល​រួម​ជា​មួយ​លោក​បាន ខ្លួន​ស្វាគមន៍​ជា​និច្ច៕

អត្ថបទ៖ ខុត សីហា

មតិយោបល់