• 2016-12-20 23:44:00
  • ជីវិតតារា

បាន​៣៥លានរៀល​ហើយ តាវ៉ិចទ័រ គ្រោង​​សុំ​​ឲ្យគ្រប់ ២០ម៉ឺន​ដុល្លារ យក​ទៅ​​ជួយ​គន្ធបុប្ផា

  • 2016-12-20 23:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​​មក​ដល់​​ថ្ងៃ​​នេះ យុទ្ធនាការ​ដើរ​រៃអង្គាស​ប្រាក់​ពី​ប្រជាពលរដ្ឋ​របស់​ក្រុម​​កំប្លែង​CTN ដែល​​ដឹក​នាំ​ដោយ​លោក សុវណ្ណ រិទ្ធី ​ហៅ​ តាវ៉ិចទ័រ ដើម្បី​យក​ជួយ​​មន្ទីរពេទ្យ​គន្ធបុប្ផា ទទួល​បាន​​ចំនួន​៣៥លានរៀល​ហើយ តាម​​ការ​រំពឹង​ទុក​​អ្នក​ដឹក​នាំ​កម្មវិធី​កម្សាន្ត​ល្បី​ឈ្មោះ​រូប​នេះ នឹង​រក​ឲ្យ​បាន​រហូត​ដល់​២០ម៉ឺន​ដុល្លារ។

យុទ្ធនាការ​​ខាង​លើ​ធ្វើ​បាន​ចំនួន​២ខេត្ត​​មក​ហើយ​គឺ​ ខេត្ត កំពង់ចាម និង ​ខេត្ត បាត់ដំបង ដោយ​​ទទួល​បាន​ប្រាក់ ​៣៥លាន​រៀល ។ យុទ្ធនាការ​​​ដដែល​នេះ​នឹង​បន្ត​ទៅ​ខេត្ត​ចំនួន​២​ទៀតមាន ខេត្ត ពោធិ៍សាត់ និង ខេត្ត សៀមរាប ហើយ​ចុង​បញ្ចប់​នៅ​រាជធានី​ភ្នំពេញ។

តាវ៉ិចទ័រ បាន​​ប្រាប់​ថា នៅ​ខេត្ត សៀមរាប ក្រុម​កំប្លែង​CTN នឹង​ដើរ​រៃអង្គាស​ប្រាក់​តាម​ផ្សារ​​និង​តំបន់​សំខាន់ៗ​ចំនួន​​៣​ថ្ងៃ គឺ​ថ្ងៃ​ទី១ ដល់ ថ្ងៃ​ទី៣ ខែ មករា ឆ្នាំ ២០១៧។ ចំពោះ ខេត្ត ពោធិ៍សាត់​វិញ គឺ​ធ្វើ​តែ​១ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ ២៧ ខែ មករា ឆ្នាំ ២០១៧។

តាម​គម្រោង​យុទ្ធនាការ​ដើរ​រៃអង្គាស​ប្រាក់​ពី​ប្រជាពលរដ្ឋ ​ដើម្បី​យក​ជួយ​​មន្ទីរពេទ្យ​គន្ធបុប្ផា គ្រោង​បញ្ចប់​នៅ​សប្ដាហ៍​ទី២​​នៃ​ខែ កុម្ភៈ ឆ្នាំ ២០១៧។ នៅ​ថ្ងៃ​បញ្ចប់ និង​មាន​ការ​ប្រគំតន្ត្រី​ដ៏​ធំ​មួយ ដោយ​​​មាន​ការ​លក់​សំបុត្រ ប៉ុន្តែ​ទីតាំង​និង​តម្លៃ​សំបុត្រ នៅ​មិន​ទាន់​​​កំណត់​នៅ​ឡើយ ព្រោះ​ក្រុម​ការងារ​កំពុងតែ​ពិភាក្សា​គ្នា​មិន​ទាន់​សម្រេច។

អ្នក​ដឹក​នាំ​​កម្មវិធី​សិល្បៈ​​ល្បី​ឈ្មោះ​រូប​នេះ បាន​ថ្លែង​អំណរគុណ​ជា​ខ្លាំង​ដល់​​សប្បុរសជន​ទាំង​អស់​ដែល​បាន បរិច្ចាគ​ថវិកា​ដល់​មូលនិធិ​CTN ដើម្បី​យក​ទៅ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​កំពុងតែ​ខ្វះ​ខាត។លោក​​បញ្ជាក់​ប្រាប់​ថា សប្បុរសជន​ទាំង​អស់​សូម​​កុំ​មាន​​ការ​បារម្ភ​ពី​ការ​បាត់​បង់ ព្រោះ​ក្រុម​ការងារ​របស់​លោក​មិន​ប៉ះពាល់​ប្រាក់​ដែល​រៃអង្គាស​បាន​ឡើយ រាល់​ការ​ចំណាយ​​ក្រុមហ៊ុន​CBS​ជា​រ៉ាប់រង​ទាំង​អស់ ទាំង​​ការ​ធ្វើ​ដំណើរ ហូប​ចុក ក៏​ដូច​ជា​ការ​ស្នាក់​នៅ​​ជា​ដើម។

នេះ​ជា​លើក​ទី២ហើយ​ដែល​ក្រុម​កំប្លែង​CTN បាន​ធ្វើ​យុទ្ធការ​រៃអង្គាស​ប្រាក់​បែប​នេះ កាល​ពី​ឆ្នាំ ២០១៤ ក្រុម​កំប្លែង​ខាង​លើ​បាន​ធ្វើ​យុទ្ធនាការ​ស្រដៀង​គ្នា​នេះ ហើយ​​ទទួល​បាន​ប្រាក់​រហូត​ដល់​ទៅ​២៤ ម៉ឺន​ដុល្លារ៕

អត្ថបទ៖ ខុត សីហា

មតិយោបល់