• 2016-12-23 00:11:00
  • ជីវិតតារា

មក​ស្ដាប់​បទ​ថ្មី ​និង​ជីវប្រវត្តិ​ខ្លះៗ​ពីក្មេង​រើស​សំរាម Noya Beat​

  • 2016-12-23 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​​បទ​ "តស៊ូ" ប្រាកដ​ជា​ស្គាល់​ហើយ​​ Noya Beat ដែលលោកមានឈ្មោះ​ពិតថា សេរី សុភាព​។​ថ្មីៗនេះ Noya ទើប​តែ​ចេញ​បទមួយ​ទៀត​មាន​ចំណង​ជើង​ថា​ "ខុស​ធ្ងន់"។ តែ​មុន​នឹងស្ដាប់​បទនេះ Sabay នឹង​ប្រាប់​ប្រិយមិត្ត​ពី​ជីវប្រវត្តិ​ខ្លះៗ​ និងការ​តស៊ូ​ក្នុង​ឆាក​ជីវិត​ដែល​លោកបាន​ឆ្លង​កាត់​កន្លង​មក ជាពិសេ​ស​ដើររើស​សំរាម និង​អេតចាយ​ដើម្បីចិញ្ចឹម​ក្រពះ។

Noya Beat មាន​ទី​កន្លែង​​កំណើត​នៅ​ទី​ក្រុង​ភ្នំពេញ និង​ជា​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​ចំនួន​៤​នាក់​ ។ នៅ​ពេល​ដែល​លោក​មាន​វ័យ​១០ឆ្នាំ លោក​ត្រូវ​បែក​ពី​គ្រួសារ​ដោយ​មូលហេតុ​ម្ដាយ​ឈឺ​ និង​ត្រូវ​ប្ដូរ​ទីលំនៅ​ទៅ​ខេត្ត​កំពត ហើយ Noya ​ត្រូវ​រស់​នៅ​ទី​ពឹង​ខ្លួន​ដោយ​របរ​រើស​អេតចាយ​ដល់​អាយុ​១៥​ឆ្នាំ​ បន្ទាប់​មក​ក៏​សម្រេចចិត្ត​រស់​នៅ​ពឹង​ផ្អែក​លើ​អង្គការ ​PSE ទាំង​ស្រុង​អស់​រយៈ​ពេល​ជិត​៥​ខែ និង ប្រើ​ពេល​ទំនេរ​រៀន​ជំនាញ​ BeatBox តាមរយៈ​យូធូប។

ងាក​មក​ប្រវត្តិ​នៃ​ការ​សិក្សា​វិញ​ Noya ចាប់​ផ្ដើម​ចូល​រៀន​នៅ​អាយុ​១០​ឆ្នាំ​ទៅ​ហើយ ​ដោយ​ខ្លួន​បាន​ទទូច​សុំ​ឱកាស​រៀន​សូត្រ​ពី​អង្គការ​ PSE ដោយ​ខ្លួន​ឯង ពេល​នោះ​លោក​រើស​អេតចាយ​ផង​រៀន​ផង។ ក្រោយ​មក​ព្រោះ​តែ​មាន​ជីវភាព​លំបាក​ពេក​ ខ្លួន​ក៏​សម្រេច​ចិត្ត​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៩ នៅ​វ័យ​១៦ឆ្នាំ។

ចំណែក​ឯ​ការងារ​សិល្បៈ Noya បង្ហាញ​មុខ​លើក​ដំបូង​ដោយ​សុំ​គេ​ឡើង​ប៉ុស្តិ៍ MYTV បង្ហាញ​សមត្ថភាពជា BeatBoxer នៅ​ ក្នុង​​ឆ្នាំ​២០១៣​។ លោក​ប្រាប់​ថា​កាល​ណោះ​ ដើរ​សុំ​គេ​ច្រើន​កន្លែង​ទម្រាំ​តែ​បាន​ឱកាសនេះ ហើយ​វា​ជំហាន​ដំបូង​ដែល​ធ្វើ​ឲ្យ​លោក​មាន​ឈ្មោះ​បោះ​សម្លេង​ ព្រោះ​ពេល​នោះ​មិន​ទាន់​មាន​អ្នក BeatBox ច្រើន​នៅ​ឡើយ​ទេ។ ក្រោយ​​មក​លោក​ក៏​ទទួល​​​បាន​ការ អាណិត​ស្រលាញ់ និង ​ហ្វឹក​ហាត់​បច្ចេកទេស​ធ្វើ​ភ្លេង​ពី លោក​គ្រូ Voch Beat ឆ្នាំ​២០១៤ លោក​ក៏​ធ្វើ​ចម្រៀង​បទ​តែង​និពន្ធ​ថ្មី​ និង ភ្លេង​ផ្ទាល់​ខ្លួន​នៅ​ចុង​ឆ្នាំ​ ២០១៥។ ​បទ​ដំបូង​គឺ​បទ ​"តស៊ូ" "ណូ​អើយ​ស្រី​ណូ" "ថ្ងៃមិញ​បង​ជិះ​លើ​ខ្នង​ក្របី" និង​ បទ​ចុង​ក្រោយ​គេ​គឺ"ខុស​ធ្ងន់"។ បន្ត​ពី​នោះ​លោក​ក៏​ចាប់​ផ្ដើម​អាជីព​ដើរ​កុន​ដែល​មាន​តួនាទី​ជា​ជំនួយការ​កាមេរ៉ា។

ក្នុង​ឆ្នាំ ២០១៦ Noya បាន​បង្កើត​ក្រុម​ចម្រៀង​មួយ​ដែល​មាន​ឈ្មោះ​ថា "Khmer Smile" ជា​មួយ​តារា​​ល្បីៗ ដូចជា​ ទូច ស្រីល័ក្ខ សុវណ្ណ​ គិរី និង ឌី សូនីតា ហើយ​​ក្រុម​នោះ​ក៏​ត្រូវ​រំសាយ​វិញ​នៅ​ពេល​ថ្មីៗ​នេះ​ដែរ ដោយសារ​មានបញ្ហាតិចតួច​តែ​លោក​សុំ​មិនបញ្ចេញ។ បន្ទាប់​ពី​ការ​រំសាយ​ក្រុម​ Noya បាន​ចេញ​ចម្រៀង​ទោល​ខ្លួន​ឯង​ដែល​ទើប​តែ​ចេញ​នៅ​យប់​មិញ​នេះ​គឺ​បទ "ខុស​ធ្ងន់" ដែល​ជា​ស្នាដៃ​របស់​លោក​ទាំង​ ទំនុក​ច្រៀង​ និង ទំនុក​ភ្លេង​ និង Melody ។ Noya មាន​បំណង​ប្រាថ្នា​ចង់​ក្លាយ​ជា​អ្នក​ផលិត​បទ​ភ្លេង​ដ៏​ជោគជ័យ​ម្នាក់ ​ព្រោះ​វា​ជា​អាជីព​ដែល​លោក​ស្រលាញ់​បំផុត​ក្នុង​ជីវិត។

តោះ​ ស្ដាប់​បទ​ថ្មី​ទើប​នឹង​ចេញ​​ទាំង​អស់​គ្នា!!!

អត្ថបទ៖ សុខណា

ផ្តល់ដោយ Noya Beat

មតិយោបល់