• 2016-12-26 02:57:11
  • ជីវិតតារា

ហ៊ិន លីដា មាន​ប្រវត្តិ​លំបាក​ដល់​ថ្នាក់​ជំពាក់​ធនាគារ​ក្រោយ​ឪពុក​ស្លាប់​​

  • 2016-12-26 02:57:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ដល់​កម្មវិធី​ Cambodian Idol ប្រិយមិត្ត​ពិត​ជា​ស្គាល់​ហើយ​ Idol ហ៊ិន លីដា ដែល​ជា​បេក្ខនារីដ៏​ឆ្នើម​មួយរូប ត្បិត​ថា​នាងមិនមែនជា​ម្ចាស់ពាន ប៉ុន្តែ​នាង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជនផងដែរ​។ ថ្ងៃ​នេះ​ Sabay នឹង​នាំ​អ្នក​គាំទ្រ​ទាំង​អស់​គ្នា​ទៅ​ស្គាល់​ពី​ជីវប្រវត្តិ​ និង​ការ​តស៊ូ​របស់​នាង​ឲ្យ​កាន់​តែ​ច្បាស់។​​​​​​

រូបភាព៖ហ្វេសប៊ុក Cambodian Idol

ស្រុក​កំណើត គ្រួសារ ការងារ៖

ហ៊ិន​ លីដា ជា​ក្មេង​កំព្រា​ឪពុក និង​ជា​កូន​ទី៣​ក្នុង​ចំណោម​បង​ប្អូន​៤នាក់​ក្នុង​គ្រួសារ​។ នាង​មាន​អាយុ ១៨ ឆ្នាំ និង​មាន​ដើម​កំណើត​មក​ពី​​ភូមិ​កណ្ដាល ក្រុង​កំពង់ឆ្នាំង​ ខេត្ត​កំពង់​ឆ្នាំង ដោយ​មាន​ឪពុក​ជា​អតីត​​តន្ត្រីករ ម្ដាយ​ជា​អតីតអ្នក​ចម្រៀង​បុរាណ​សម័យ ព្រម​ទាំង​ប្រកប​របរ​រក​ស៊ី​លក់​ត្រី​តាម​ស្រុក​ភូមិ​។

ក្រោយ​ពី​ឪពុក​ទទួល​មរណភាព​ក្នុង​អំឡុង​ឆ្នាំ​២០១១​ លីដា បាន​​ប្ដូរ​មក​ស្នាក់​ផ្ទះ​ជួល​នៅ​ភ្នំពេញ​ជិត​មួយ​ឆ្នាំ​​ជា​មួយ​បង​ប្រុស​ និង​បង​ជីដូន​មួយ ​ ដើម្បី​ដើរ​ច្រៀង​តាម​ភោជនីយដ្ឋាន រក​កម្រៃ​ចិញ្ចឹម​គ្រួសារ​ ព្រោះ​ពេល​នោះ​ មាន​ជីវភាព​លំបាក​ពេក​ ហើយ​ទទួល​បាន​ប្រាក់​ខែ​​១០០ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។

ក្រោយ​មក ​ម្ដាយ​ក៏​សម្រេច​ឲ្យ​ពួក​នាង​ទៅ​ខេត្ត​វិញ​ព្រោះ​ជីវភាព​នៅ​ទី​ក្រុង​របស់​នាង​​លំបាក​ពេក ណា​មួយ​ប្រាក់​ដែល​រក​បាន​គឺ​តិច​តួច​ផង​។ ប៉ុន្តែ​នាង​វិល​មក​រស់​នៅ​ទី​ក្រុង​ភ្នំពេញ​វិញ​នៅ​ឆ្នាំ​២០១៤ រហូត​មក​ដល់​សព្វ​ថ្ងៃ ហើយ​ម្ដាយ​នាង​បាន​រៀប​ការ​ប្ដី​ថ្មី​នៅ​ចុង​ឆ្នាំ​២០១៥។​​

ការសិក្សា៖

បេក្ខជន​រូប​នេះ​ធ្លាប់​រៀន​នៅ ​"​វិទ្យាល័យ​ព្រះ​បាទ​សុរា​ម្រិត" ពេល​ដែល​រៀន​ដល់​ថ្នាក់​ទី​៧​លីដា ក៏​បាន​ផ្អាក​សិក្សា​អស់​រយៈ​ពេល​១ឆ្នាំ​ដោយ​មូលហេតុ​មក​ធ្វើ​នៅ​ភ្នំពេញ​ និង​ត្រលប់​ទៅ​រៀន​វិញ​នៅ​ចូល​វិញ​នៅ​ថ្នាក់​ទី​៧​ដដែល​នៅ​សាលា "ចំណេះ​ទូទៅ​បំពេញ​​វិជ្ជា"។ ក្រោយ​ពេល​ប្រលង​ជាប់​កម្មវិធី​ "ផ្កាយ​រះ​ក្នុង​សួន" ឆ្នាំ ២០១៤ លីដា ក៏​បាន​ចូល​សិក្សា​បន្ត​នៅ​សាលា "Westline សន្ធរម៉ុក" ទី​ក្រុង​ភ្នំពេញ​ ដែល​សព្វ​ថ្ងៃ​នេះ​នាង​រៀន​ដល់​ថ្នាក់​ទី១០​ហើយ។

ជីវភាព​គ្រួសារ៖

ហ៊ិន លីដា​ និង ម្តាយ

ក្រោយ​ពី​លោក​ឪពុក​ទទួល​មរណភាព​នៅ​ឆ្នាំ​២០១១ ជីវភាព​គ្រួសារ​របស់​នាង​មាន​ភាព​លំបាក​ខ្លាំង ដែល​ធ្វើ​ឲ្យ​នាង​បង្ខំ​ចិត្ត​ផ្អាក​ការ​សិក្សា​ និង​​ផ្លាស់​ទី​លំនៅ​មក​ដើរ​ច្រៀង​ដូច​បាន​រៀប​រាប់​ខាង​លើ។

​មូលហេតុ​នេះ​​ បាន​ធ្វើ​ឲ្យ​បង​ប្រុស​នាង​​សម្រេច​ចិត្ត​ខ្ចី​លុយ​ពី​ធនាគារ​ចំនួន​ជិត ៦០០០ដុល្លារ​ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ និង​ទិញ​ឧបករណ៍​ភ្លេង​ដើម្បី​រៀប​ចំ​ជា​វង់​តន្ត្រី​នៅ​ឆ្នាំ​២០១៥។ គិត​មក​ដល់​ឆ្នាំ​២០១៦ ​នេះ​ បំណុល​របស់​នាង​ត្រូវ​បាន​រំលស់​អស់​ច្រើន​ហើយ​នៅ​សល់​តែ២០០០​ដុល្លារ​ទៀត​ប៉ុណ្ណោះ​។

នាង​ប្រាប់​ថា ​បំណុល​នេះ​នឹង​បញ្ចប់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​នេះ។ នាង​បញ្ជាក់ថា សព្វ​ថ្ងៃ​មាន​តែ​នាង​ និង​បង​ប្រុស​ធំ​របស់​នាង​ប៉ុណ្ណោះ​ដែល​ជា​អ្នក​ផ្គត់​ផ្គង់​គ្រួសារ​ ដោយ​​បង​ប្រុស​មាន​អាជីព​ជា​គ្រូបង្រៀន​ ហើយ​​នាង​ច្រៀង​នៅ​បន្ត​ច្រៀង​តាម​ភោជនីយដ្ឋាន។

ប្រវត្តិ​ការងារ​សិល្បៈ និង ការ​ប្រលង ៖

Idol រូប​នេះ​ មាន​ចិត្ត​ស្រលាញ់​នៅ​វិស័យ​ចម្រៀង​​ខ្លាំង ដោយ​បាន​ចាប់​ផ្ដើម​ច្រៀង​តាំង​ខ្លួន​នៅ​វ័យ​៧​ឆ្នាំ​ម្ល៉េះ នៅ​តាម​កម្មវិធី​បុណ្យ​នៅ​ឯ​ស្រុក​ភូមិ​របស់​នាង។ នៅ​វ័យ​១២​ឆ្នាំ​នាង​បាន​ដើរ​ច្រៀង​តាម​ភោជនីយដ្ឋាន​អស់​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ។ នៅ​ឆ្នាំ​២០១១​ ហ៊ិន លីដា​ បាន​ចូល​ប្រលង​ក្នុង​កម្មវិធី​មួយ​នៅ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍​ដែល​ពេល​នោះ​នាង​ទទួល​បាន​ជ័យ​លាភី​លេខ​មួយ​។

បន្ទាប់​មក​នាង​​ក៏​បាន​លើក​ពាន​រង្វាន់​ "ផ្កាយ​រះ​ក្នុង​សួន​" របស់​ទូរទស្សន៍​អប្សរា​ក្នុង​ឆ្នាំ​២០១៤ ទៀត។ ក្រៅ​ពី​នោះ​នាង​ក៏​ធ្លាប់​ចូល​ប្រកួត​ក្នុង​កម្ម​វិធី​ផ្សេង​ទៀត​ដូចជា​ពេជ្រ​កំពុង​ច្នៃ​ជា​ដើម​តែ​មិន​ទទួល​បាន​ជោគជ័យ​ទេ។ សម្រាប់​ការ​ចូល​ច្រៀង​​ក្នុង​ផលិតកម្ម​វិញ​ លីដា​ បញ្ជាក់​ថា​ ធ្លាប់​មាន​ផលិត​កម្ម​ជា​ច្រើន​ហៅ​នាង​ចូល​ច្រៀង​ ប៉ុន្តែ​នាង​បាន​បដិសេធ​ព្រោះ​នាង​ចង់​នៅ​បន្ត​ការ​សិក្សា​សិន។

មូលហេតុ​ដែល​ប្រលង​កម្មវិធី​ Cambodian Idol៖

មូលហេតុ​ដែល​នាង​ចូល​រួម​ប្រលង​កម្មវិធី​លំ​ដាប់​ថ្នាក់​ពិភព​លោក​មួយ​នេះ គឺ​មិន​ប្រាថ្នា​ចង់​បាន​មុខ​មាត់​ខ្ពស់​អ្វី​ទេ នាង​ក៏​មិន​គិត​ថា​នឹង​ឈាន​មក​ដល់​វគ្គ​ផ្ដាច់​​ព្រ័ត្រ​ដែរ ​​គ្រាន់​តែ​​ចង់​តែ​ចង់​បង្កើន​ប្រជាប្រិយ​ភាព​កើន​ប៉ុណ្ណោះ ​ព្រោះ​កម្មវិធី​នេះ​មាន​អ្នក​គាំទ្រ​ច្រើន ហើយ​ណា​មួយ​នាង​ស្រលាញ់​ផលិតកម្ម​ហង្ស​មាស​ និង ចូល​ច្រៀង​នៅ​ទី​នោះ​។​

នាង​បន្ត​ថា​ ទោះមិនបានជាប់ពាន​រដូវ​កាល​នេះ​ ក៏​នាង​មិនអាកអន់ស្រពន់ចិត្តដែរ អ្នកនាជាប់ក៏បាន ព្រោះទាំង៣នាក់សុទ្ធតែជា Idol របស់ទស្សនិកជន៕

ចំណូល​ចិត្ត​ និង ចំណង​ប្រាថ្នា ៖

រូបភាព ៖ ​ផ្ដល់​ដោយ លីដា

Idol វ័យ​១៨​ នេះ​ចូល​ចិត្ត​តែ​ពណ៌​ចាស់ៗ ដូចជា​ពណ៌​ ខ្មៅ ក្រហម ទឹក​ប៊ិច​ចាស់ ឈាម​ជ្រូក ។ ចំណែក​ម្ហូប​វី​ញ​ លីដា​ មិន​រើស​ទេ​ នាង​ថា​ញាំ​អី​​ក៏​បាន​ដែរ​។ នៅ​ពេល​ទំនេរ​នាង​ចូលចិត្ត​ ច្រៀង រាំ​ ហើយ​ចូល​ចិត្ត​ទៅ​កន្លែង​ដែល​មាន​បរិយាកាស​បរិសុទ្ធ​ដើម្បី​អង្គុយ​និយាយ​គ្នា​លេង​ជា​មួយ​មិត្តភ័ក្ដិ ។

លីដា បញ្ជាក់​ថា នាង​មាន​បំណង​ប្រាថ្នា​ចង់​ក្លាយ​ជា​ តារា​ចម្រៀង​ដ៏​ល្បី​ម្នាក់ ដែល​មាន​​ក្រុម​រាំ​​​ និង ស្ទិល​ថ្មីៗ​ផ្ទាល់​ខ្លួន៕

អត្ថបទ៖ សុខណា

ហ្វេសប៊ុក Cambodian Idol

មតិយោបល់