• 2017-06-17 03:54:01
  • ជីវិតតារា

គិត​មិន​ដល់​ថា ឆុំ វត្តី អៀន​ដល់​ថ្នាក់​ហ្នឹង​ផង

  • 2017-06-17 03:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​សិល្បៈ​គ្រាន់​ជា​ការ​សម្ដែង​ក៏​ពិត​មែន ប៉ុន្តែ​ភាព​ជា​ក្រមុំ បាន​ធ្វើ​ឲ្យ​កញ្ញា ឆុំ វត្តី មាន​ភាព​អៀនខ្មាស​នៅ​ក្នុង​ការ​សម្ដែង ពិសេស​គឺ​ឈុត​ឱប​ថើប​តែ​ម្ដង ដែល​ពេល​សម្ដែង​ឈុត​នេះ​ម្ដង​ៗ នាង​រឹង​ខ្លួន​ពិបាក​ចូល​តួ​បំផុត។

ភាព​អៀនខ្មាស​នោះ បាន​កើត​មាន​តាំង​ពី​ចូល​សិល្បៈ​ដំបូង ដោយ​នាង​ប្រាប់​ថា អោយ​តែ​ការ​សម្ដែង​មាន​ឈុត​បែប​នេះ គឺ​នាង​ពិបាក​ចូល​តួ​ណាស់ ព្រោះ​អារម្មណ៍​អៀន​នៅ​ជាប់​នឹង​ខ្លួន​ជា​និច្ច។ ដូច្នេះ​ហើយ​ដោយ​សារ​តែ​ការ​អៀន​ប្រៀន ទើប​តួ​ស្រី​ក្នុង​រឿង "ហ្លួង​ព្រះ​ស្ដេច​កន" រូប​នេះ​ប្រាប់​ថា ធ្លាប់​គេច​ដោយ​ការ​ផ្អាក​ការងារ​សិល្បៈ​មួយ​រយៈ​ទៀត​ផង យក​ពេល​ទៅ​ធ្វើ​ជំនួញ​ជា​ជំនួស​វិញ​ទៀត​ផង។

ស្រី​ស្អាត​រូប​នេះ បាន​ចំណាយ​ពេល​ប្រមាណ​២​ឆ្នាំ​ជាមួយ​ការងារ​រក​ស៊ី​ខាង​ផ្នែក​សម្ផស្ស ហើយ​ក្រោយ​មក​ដោយ​យល់​ថា​ខ្លួន ចាស់​ចិត្ត​ចាស់​គំនិត​ជាង​មុន​ក្នុង​ការងារ​សិល្បៈ​ហើយ ក៏​បាន​សម្រេច​ចូល​មក​សិល្បៈ​ម្ដង​ទៀត ស្រប​ពេល​មាន​ផលិតកម្ម​ក្នុង​ស្រុក​មួយ​បាន​ហៅ​នាង​ឲ្យ​សម្ដែង​ផង។ វត្តី បាន​ចូល​សម្ដែង​លើក​ទី​១​ក្នុង​រឿង "សាកល​វិទ្យាល័យ​កំណើត​ស្នេហ៍" សម្ដែង​ជា​តួ​ឆ្នាស។

បន្ត​មក​ទៀត នាង​ក៏​ត្រូវ​ខាង BBC ទាក់​ទង​ឲ្យ​សម្ដែង​រឿង​របស់​ពួក​គេ​ទៀត​ក្នុង​គម្រោង "ស្នេហ៍​៩"។ រឿង​នេះ​ហើយ ដែល​តារា​ស្រី​សម្បុរ​ស្រអែម​រូប​នេះ ប្រាប់​ថា នាង​បាន​ជួប​ភាព​ខ្មាស​អៀន​សារ​ជា​ថ្មី។ "រឿង​​ហ្នឹង​ហើយ ដែល​ខ្ញុំ​គិត​ថា​ជា​រឿង​ដែល​ខ្ញុំ​អៀន​ខ្លាំង​បំផុត ព្រោះ​រឿង​ហ្នឹង​អប់រំ​ពី​យើង​ពី​ការ​ការពារ​ខ្លួន​ពាក់​ព័ន្ធ​នឹង​ផ្លូវ​ភេទ​ជា​ដើម ហើយ​ពាក្យ​សំដី​ដែល​ប្រើ​ក្នុង​រឿង​ហ្នឹង ក៏​ស៊ី​ជម្រៅ​ដែរ និយាយ​ទៅ ខ្ញុំ​អៀន​មែន​ក្នុង​រឿង​ហ្នឹង!”។

បន្ទាប់​ពី​រឿង​ស៊េរី "ស្នេហ៍​៩" ដោយ​ឃើញ​ពី​សមត្ថភាព​របស់ វត្តី នាង​ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​ឲ្យ​​ចូល​រួម​ថត​រឿង​ឲ្យ​ផលិតកម្ម​ខ្មែរ​មេគង្គ និង​ផលិតកម្ម​ក្នុង​ស្រុក​ជា​ច្រើន​ទៀត ដែល​នាង​សម្ដែង​សុទ្ធ​ជា​តួឯក ហើយ​ក្នុង​តំណែង​នេះ​នាង​នៅ​តែ​ជួប​ឈុត​ស្នេហា​ឱប​ថើប ខណៈ​អារម្មណ៍​ខ្មាស​អៀន​ក៏​នៅ​តែ​មាន គ្រាន់​តែ​នាង​ប្រាប់​ថា នាង​ហាក់​សុំា និង​សម្រប​ខ្លួន​បាន​ជាង​មុន។

កញ្ញា ឆុំ វត្តី គឺ​អតីត​បេក្ខនារី​ក្នុង​កម្មវិធី "ស្រី​ឆ្លាត ប្រុស​ឆ្លាត" ឆ្នាំ ២០០៨ ដែល​រៀប​ដោយ​ទូរទស្សន៍ CTN ។ នាង​មិន​បាន​ជាប់​ជយលាភី​ទេ តែ​បាន​ដល់​វគ្គ ១០​នាក់​ចុង​ក្រោយ។ បែប​នេះ​ក្ដី នាង​ក៏​ចាប់​ផ្ដើម​មាន​ការងារ​សិល្បៈ​ក្រោយ​ប្រឡង​ក្នុង​កម្មវិធី​ខាង​លើ ដោយ​នាង​ទទួល​បាន​​ការងារ​សម្ដែង និង​ដើរ​ម៉ូដ។

ប៉ុន្តែ​អំឡុង​ឆ្នាំ ២០០៩ នាង​បាន​ឈប់​វិញ​ទៅ​រក​ស៊ី​អស់​រយៈ​ពេល​ប្រមាណ​ជា ៥ ទើប​វិល​ចូល​សិល្បៈ​ជា​ថ្មី ដោយ​បាន​សម្ដែង​រឿង​ជា​ច្រើន​រឿង​គិត​មក​ដល់​បច្ចុប្បន្ន។ សរុប​រឿង​ដែល​កញ្ញា ឆុំ វត្តី បាន​ចូល​សម្ដែង​មាន​ដូច​ជា "សាកល​វិទ្យាល័យ​កំណើត​ស្នេហ៍" “វិកល​ចរិត" “ខ្សែ​ក​ពេជ្រ" “ឈាម​ស្នេហ៍​ក្បត់​បេះដូង" “វិរសេនីយ៍​កំពូល​ស្នេហ៍" និង​រឿង​ដែល​គួរ​ចាប់​អារម្មណ៍ គឺ​រឿង "ហ្លួង​ព្រះ​ស្ដេច​កន"៕

អត្ថបទ៖ ស៊ុនហួត

មតិយោបល់
អត្ថបទថ្មី