- 2017-07-30 02:45:44
- ភាពយន្ត
ប៉ះតារាសម្ដែង៣ប្រទេស កម្ពុជា-ថៃ-ឡាវ ប៉ុន្តែ ខាត់ វ៉ៃហាំង នៅតែគ្រងតំណែងតួឯក
- 2017-07-30 02:45:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ះតារាសម្ដែង៣ប្រទេស កម្ពុជា-ថៃ-ឡាវ ប៉ុន្តែ ខាត់ វ៉ៃហាំង នៅតែគ្រងតំណែងតួឯក
ចន្លោះមិនឃើញ
ល្ងាចមិញនេះផលិតកម្មមហាហង្សបានធ្វើពិធីក្រុងពាលីភាពយន្តខ្នាតធំរឿង "អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ" ដោយមានវត្តមានតារាសម្ដែង៣ប្រទេសចូលគ្នាតែក្នុងនោះ ខាត់ វ៉ៃហាំង បានគ្រងតំណែងតួឯកប្រុសដដែល។
លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សបានមានប្រសាសន៍ថា នេះគឺជាស្នាដៃទី១ ដែលផលិតកម្មលោកបានសហការផលិតរឿង "អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ" ជាមួយ៣ ប្រទេសរួមគ្នាក្នុងតំបន់អាស៊ីមានប្រទេស កម្ពុជា ថៃ ឡាវ ។ភាពយន្តខ្នាតធំនេះ ខាត់ វ៉ៃហាំង ចាប់ដៃគូសម្ដែងជាតួឯកជាមួយតារាសម្ដែងថៃនាង ណាតតាទីដា ដាំរ៉ុងវិសិដ្ឋផេត ។
អគ្គនាយកផលិតកម្មខាងលើបន្ថែមថា៖ " បាទរឿង "អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ" គឺជារឿងថ្មីមួយប្លែក បែបរ៉ូមែនទិក សប្បាយៗ ដែលមានកំប្លែង៥០ ភាគរយ ភាគច្រើនរឿងហ្នឹងពាក់ព័ន្ធអនុស្សាវរីយ៍ ហើយរឿងនេះដែរ រឿងដំបូងដែលផលិតកម្មមហាហង្សសហការថត៣ ប្រទេស មានខ្មែរ ថៃ ឡាវ សម្ដែងចូលគ្នា តែក្នុងនោះ វ៉ៃហាំង គាត់សម្ដែងជាតួឯកជាមួយតារាស្រីថៃ"។
ចំណែកឯ ខាត់ វ៉ៃហាំង វិញបានលើកឡើងថា រឿង "អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ" នេះគឺជារឿងមួយដែលពិសេសខ្លាំងបំផុតសម្រាប់រូបលោក ព្រោះជារឿងដំបូងដែលមានឱកាសសម្ដែងជាតួឯកជាមួយតារាសម្ដែងប្រុសស្រី៣ប្រទេសចូលគ្នា ។ ចំពោះទីតាំងថតក៏ជ្រើសរើសកន្លែងទាំង៣ ប្រទេសខាងលើនេះដែរ។
“ខ្ញុំគិតថារឿងនេះ មិនពិបាកណាស់ណាសម្រាប់ខ្ញុំនោះទេ ព្រោះកន្លងមកខ្ញុំក៏ធ្លាប់ធ្វើការជាមួយផលិតករថៃដែរ ហើយក្រុមការងារខាងថៃក៏ធ្លាប់ស្គាល់ខ្ញុំដែរ ។ រឿងដែលខ្ញុំចាប់ដៃគូសម្ដែងជាមួយតួឯកស្រីថៃនេះដែរ ខ្ញុំសង្ឃឹមថា នឹងទទួលបានការគាំទ្រ ពីទស្សនិកជន នៅពេលចាក់បញ្ចាំងនៅរោងកុន ដោយសារតែរឿងនេះផ្ដិតយកទិដ្ឋភាព ៣ ប្រទេស"។ កំលោះសង្ហាមកពីខេត្តបន្ទាយមានជ័យ ថ្លែងបញ្ជាក់។
គួរបញ្ជាក់ថា រឿង " អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ" នេះចាយដើមទុនក្នុងការផលិតខ្ទង់ ៣០ ម៉ឺនដុល្លារគ្រោងនឹងចេញថតក្នុងពេលឆាប់ៗនេះ ។ ចំពោះការចាក់បញ្ចាំងវិញ នឹងដាក់បញ្ចាំង៣ ប្រទេសរួមគ្នាក្នុងខែ វិច្ឆិការ ឆ្នាំ ២០១៧ ខាងមុខ មានប្រទេសកម្ពុជា ថៃ ឡាវ និង ប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ី៕