• 2017-08-10 02:53:43
  • ជីវិតតារា

រំជួល​ចិត្ត​! មាន​ជំងឺ​​ព្យាបាល​មិន​ជា​ តែ​ ពេជ្រ ចរណៃ ​ខំ​ហាត់​គុន​​ខ្មែរ​​​​​​១​មាន​ប្រវត្តិ​ជាង​២០០០​ឆ្នាំ​​ ព្រោះ...(វីដេអូ)

  • 2017-08-10 02:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​ដែល​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ធំ​ ព្រោះ​តែ​ជំងឺ​កាច​សាហាវ ពេជ្រ​ ចរណៃ​ បាន​ត្រលប់​មកវិញ​ជា​មួយ​រាង​មាំ​មួន​ជាង​មុន មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​បាន​ហាត់​ល្បុក្កតោ​​ ព្រោះ​ខ្លាច​បាត់​បង់​ដោយ​សារ​ប្រទេស​ជិត​ខាង​ និង​ដើម្បី​ថត​រឿង​ថ្មី។

ចរណៃ មាន​ជំងឺ​ដាច់​សរសៃ​ប្រើស​បេះដូង​ជាប់​ខ្លួន​ បញ្ជាក់​ប្រាប់ Sabay ពី​មូល​ហេតុ​ដែល​នាង​សស្រាក់​សស្រាំ​ក្នុង​ការ​ហាត់​ក្បាច់​គុន​នេះ​ថា ដោយ​សារ​នាង​គ្រង​តំណែង​ជា​តួ​ឯក​មួយ​ក្នុង​រឿង​ប្រភេទ​វាយ​ប្រហារ​ គឺ​រឿង"អាគមស្បែកដាច" ដែល​តម្រូវ​​ឲ្យ​នាង​ដើរតួ​ជា​មនុស្ស​ស្រី​ម្នាក់​ចេះ​វ៉ៃ ដូច្នេះ​ហើយ​ទើប​រូប​នាង​ខំ​ដើរ​រក​កន្លែង​ដើម្បី​ហាត់​ក្បាច់​គុន​នេះ។

លុះ​ហាត់​យូរ​ៗ​ទៅ នាងកើត​ចិត្ត​ស្រលាញ់​ក្បាច់​គុន​ដែល​ជា​​កេរ្តិ៍​ដំណែល​ពី​ដូន​តា​ និង​មាន​ប្រវត្តិ​ជា​យូរ​លង់​មក​ហើយ​នេះ។

"ខ្ញុំ​ខំ​ហាត់​ មិន​ត្រឹម​តែ​ដើម្បី​ថត​កុន​ទេ​បង! គឺ​ខ្ញុំ​ចង់​ថែ​រក្សា និង​​ផ្សព្វ​ផ្សាយ​ក្បាច់​គុន​នេះ ព្រោះ​មាន​អ្នក​ខ្លះ​យល់​ច្រឡំ​ថា​ ខ្មែរ​យើង​ចម្លង​វា​មក​ពី​ថៃ តែ​តាម​ពិត​វា​ជា​ក្បាច់​គុន​ខ្មែរ​សុទ្ធសាធ​ ដែល​មាន​ប្រវត្តិ​ជាង​ ២ ០០០​ ឆ្នាំ​ហើយ"។ នាង​ថ្លែង។

តារា​ដែល​ចិញ្ចឹម​ជំងឺ​ព្យាបាល​មិន​ជា​នេះ ​លើក​ឡើង​ថា ខ្លួន​ធ្លាប់​ជួប​​ឧបសគ្គ​ជា​ច្រើន​ក្នុង​ការ​ហាត់​នេះ ត្បិត​អី​ខ្លួន​ជា​ស្រី​ដែល​មាន​សុខភាព​មិន​សម​ប្រកប​ផង ហើយ​ហាត់​ជា​មួយ​មនុស្ស​ប្រុស​ជា​ច្រើន​នៅ​ក្នុង​ទី​អារាម​ដែល​ធ្វើ​ឲ្យ​មហា​ជន​ជា​ច្រើន​រិះគន់។

“កន្លង​មក​មាន​គេ​រិះ​គន់​ថា ខ្ញុំ​ជា​ស្រី​មិន​សម​ស្លៀក​ពាក់​បែប​នេះ​ទៅ​ហាត់​នៅ​ក្នុង​វត្ត​អ៊ីចឹង​ឡើយ តែ​តាម​ពិត​នេះ​ គឺ​ឯក​សណ្ឋាន​ល្បុក្ក​តោ ហើយ​ល្បុក្កតោ​ពិត​ជា​មាន​ដើម​កំណើត​ចេញ​ពី​ក្នុង​វត្ត​។ ខ្ញុំ​សង្ឃឹម​ថា​បង​ប្អូនទាំង​ឡាយ​បាន​យល់​ និង​ជួយ​គាំ​ទ្រ​ក្បាច់​គុន​មួយ​នេះ"។ នាង​បន្ត។

បច្ចុប្បន្ន​តារា​ស្រី​វ័យ​២២​ឆ្នាំ​រូប​នេះ កំពុង​បន្ត​ហ្វឹកហាត់​ជា​មួយ​លោក​គ្រូ ឆន ច័ន្ទវីរៈ នៅ​ក្នុង​ "ក្លឹប​ល្បុក្កតោ​ក្មេង​វត្ត​ថាន់" ដែល​មាន​ទី​តាំង​នៅ​ក្នុង​វត្ត​ថាន់​ផ្ទាល់​តែ​ម្ដង។ ការ​ហាត់​នេះ​ទៀត​សោត នាង​អះអាង​ថា នាង​នឹង​មិន​បញ្ឈប់​បន្ទាប់​ពី​ថត​រឿង​ចប់​ឡើយ​ ពោល​គឺ​នៅ​តែ​បន្ត​ទោះ​បី​ជា​ខ្លួន​ធ្លាប់​ជួប​ការ​លំបាក​ជា​ច្រើន​កន្លង​មក​ក៏​ដោយ​៕​

អត្ថបទ៖ សុខណា

មតិយោបល់