• 2017-09-04 03:30:36
  • ជីវិតតារា

ហង់ ភូមរ៉ា យំ​មិន​តិច​ដង​ទេ​ព្រោះ​ល្ខោន​ខោល

  • 2017-09-04 03:30:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ខោន​ខោល​គឺ​ជា​ទម្រង់​សិល្បៈ​មួយ​ដែល​លោក ហង់ ភូមរ៉ា ស្រលាញ់​​និង​ពេញ​ចិត្ត​យ៉ាង​ខ្លាំង តែ​ដោយសារ​តែ​មិន​សូវ​មាន​អ្នក​គាំ​ទ្រ​ធ្វើ​ឱ្យ​លោក ត្រូវ​ទៅ​ពួន​យំ​តែ​ម្នាក់​ឯង​អស់​រយៈ​ពេល​ជិត​២០ឆ្នាំ។

តួអង្គ​យាយ​ដែល​មើល​ថែ​នាង​សេដា​ ក្នុង​ទម្រង់​ល្ខោន​ខោល​រូប​នេះ បាន​ប្រាប់ Sabay ថា តាំង​ពី​លោក​រៀន​ល្ខោន​ខោល​មក លោក​តែង​តែ​ឮ​ពាក្យ​គេ​និយាយ​ឱ្យ​លោក​ថា ពួក​អ្នក​រៀន​ល្ខោន​ខោល​សុទ្ធ​តែ​ជា​ពួក​ខ្ទើយ។ ពេល​ក្លាយ​ជា​សិល្បករ​ហើយ ក៏​នៅ​មាន​គេ​និយាយ​ទៀត​ថា ពួក​អ្នក​រាំ​ល្ខោន​ខោល​សុទ្ធ​តែ​ពួក​ខ្ទើយ​ទៅ​មើល​វា​ធ្វើ​អី ពាក្យ​នេះ​លោក​ជួប​ច្រើន​ និងធ្លាប់​បាក់​ទឹក​ចិត្ត​ច្រើន តែ​លោក​មិន​បាន​គិត​បោះ​បង់​សិល្បៈ​នេះ​ចោល​ទេ។

អ្វី​ដែល​កាន់​តែ​​ធ្វើ​ឱ្យ​លោក​បាក់​ទឹក​ចិត្ត​ និង​ចង់​បោះបង់​ចោល​សិល្បៈ​ដែល​ខ្លួន​ស្រលាញ់​ខ្លាំង​ម្ដងៗ​នោះ គឺ​ការ​គាំ​ទ្រ។

សិល្បករ​រូប​នេះ​បាន​រម្លឹក​ថា រាល់​ការ​សម្ដែង​ល្ខោន​ខោល​នៅ​សមាគម​សុវណ្ណភូមិ ភាគ​ច្រើន​មិន​មាន​អ្នក​គាំទ្រ​ជា​ជន​ជាតិ​ខ្មែរ​ច្រើន​ទេ សម្បូរ​តែ​ជន​បរទេស​ដែល​ទៅ​មើល​ការ​សម្ដែង។ លោក​ថា​មិន​តិច​ដង​ទេ​ដែល​លោក​ពួន​យំ​តែ​ម្នាក់​ឯង ព្រោះ​តែ​តូច​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​ខំ​ប្រឹង​ប្រែង​អស់​ពី​ចិត្ត​ពី​ថ្លើម តែ​មិន​មាន​អ្នក​ឱ្យ​តម្លៃ។

“អ្នក​សិល្បករ​ចង់​បាន​ណាស់​ការ​គាំទ្រ​ គ្រាន់​តែ​ឮ​សំឡេង​ទះ​ដៃ​ហ្នឹង មាន​ទឹក​ចិត្ត​សម្ដែង​មិនដឹង​មក​ពី​ណា​ទេ តែ​ដល់​តែ​អត់​មាន​អ្នក​ទៅ​មើល​អស់​រលីង​កម្លាំង។ ថ្ងៃ​មួយ​នោះ​បង​សម្ដែង​មាន​តែ​ភ្ញៀវ​បរទេស​៣នាក់​មក​មើល ភ្ញៀវ​ខ្មែរ​អត់​មាន​សោះ​ សឹង​តែ​ឈប់​សម្ដែង"។ លោក​ថា នេះមិន​មែន​ជា​លើក​ទី​មួយ​ទេ​ច្រើន​ដង​ហើយ ដល់​ពេល​សម្ដែង​អត់​មាន​ភ្ញៀវ គ្រាន់​តែ​បើក​តែ​មុខ​ហើយ សិល្បករ​រូប​នេះ​ទៅ​លួច​យំ​នៅ​បន្ទប់​ទឹក​ម្នាក់​ ឯង​អត់​ហ៊ាន​ឱ្យ​គេ​ឃើញ​ទេ ព្រោះខ្មាស​គេ។

ហង់ ភូមរ៉ា ​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ដឹក​នាំ​រឿង ​ពី​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ និង​បាន​ចាប់​ផ្ដើម​ក្លាយ​ខ្លួន​ជា​សិល្បករ​នៅ​ឆ្នាំ​១៩៩៩។ មកដល់​បច្ចុប្បន្ន​លោក​អាច​សម្ដែង​រាល់​ទម្រង់​សិល្បៈ​បុរាណ​បាន​ទាំង​អស់។ ក្រៅ​ពី​សម្តែង បច្ចុប្បន្ន​លោក​ជា​គ្រូ​យុវជន​ល្ខោន​ខោល​ជំនាន់​ថ្មី និង​ជា​អ្នក​ដឹកនាំ​សម្ដែង ក្រុម​ល្ខោន​ខោល នៅ​រាជធានី​ភ្នំពេញ៕

ចុចអាន៖

អត្ថបទៈ ប៉ូ សាគុន

មតិយោបល់