• 2017-09-06 04:07:44
  • ជីវិតតារា

មក​ស្គាល់​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ដែល​នៅ​ពី​ក្រោយ​ចម្រៀង​ល្បីៗ​ជា​ច្រើន​របស់​ហង្ស​មាស

  • 2017-09-06 04:07:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នី សុគន្ធា គឺ​ជា​ឈ្មោះ​របស់​អ្នក​និពន្ធ​ម្នាក់​ដែល​អ្នក​គាំទ្រ​វិស័យ​សិល្បៈ​តែង​ឃើញ​នៅ​ពី​ក្រោម​វីដេអូ​ចម្រៀង​ល្បី​ៗ​របស់​ផលិតកម្ម​ហង្សមាស តែ​កវី​រូប​នេះមិន​ដែល​បាន​បង្ហាញ​មុខ​ជា​សាធារណៈ​ឡើយ។ ដូច្នេះ​ Sabay នឹង​នាំ​ប្រិយមិត្ត​មក​ស្គាល់​អ្នក​និពន្ធ​វ័យ​ដែល​ទទួល​បាន​ការ​កោត​សរសើរ​​ពី​សង្គម​តែង​និពន្ធ​ និង​ទេព​កោសល្យ​ខ្ពស់​នេះ​ឲ្យ​ប្រិយមិត្ត​បាន​ស្គាល់​តែ​ម្ដង។

​​​​នី សុគន្ធា កើត​នៅ​ថ្ងៃ​ ១១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩២ នៅ​រាជធានី​ភ្នំពេញ ក្នុង​គ្រួសារ​ជា​អាជីវករ​លក់​កូន​ឈើ​នៅ​ក្រុង​តាខ្មៅ។ អ្នក​និពន្ធ​រូប​នេះ បាន​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ​ពី​ "​វិទ្យាល័យ​ហ៊ុន​សែន​សេរីភាព" នៅ​ឆ្នាំ​២០១២ និងបញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ទំនាក់​ទំនង​ជា​ភាសា​អង់គ្លេស​ ឬ English Communication នៅ​ឆ្នាំ​២០១៦​ ពី​សាកលវិទ្យាល័យ Beltie អន្តរជាតិ។

ដោយ​មាន​ចំណូល​ចិត្ត​ខ្ពស់​លើវិស័យ​តែង​និពន្ធ យុវតី​ខាង​លើ​បាន​ចាប់​យក​ជំនាញ​នេះ​តាំង​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ ពោល​គឺ​តាំង​ពី​ពេល​កំពុង​សិក្សា​នៅ​វិទ្យាល័យ​មក​ម្ល៉េះ​ ដោយ​សរសេរ​ចម្រៀង​ឲ្យ​ផលិតកម្ម​ហង្សមាស​តែ​ម្ដង។ សុគន្ធា បញ្ជាក់​ថា​ គ្រា​ដំបូង​នោះ​នាង​មិន​បាន​ធ្វើ​ការ​ពេញ​សិទ្ធ​ទេ គឺ​ធ្វើ​ក្នុង​នាម​ជា​ Freelancer ហើយ​​នាង​ទើប​តែ​សម្រេច​​ចូល​ហង្សមាសពេញ​សិទ្ធ​នៅ​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​ប៉ុណ្ណោះ។

កវី​ដែល​មាន​សម្រស់​ស្រស់​សោភា​នេះ បាន​ឲ្យ​ដឹង​ថា ចំណេះ​ដឹង​ផ្នែក​និពន្ធ​នេះ នាង​មិន​បាន​ទៅ​សិក្សា​ជា​បែប​ថ្នាក់​ជំនាញ​ច្បាស់​លាស់​ ឬ​មាន​ការ​ហ្វឹកហាត់​ជា​មួយ​រៀម​ច្បង​ណា​ទេ គឺ​រូប​នាង​រៀន​ពី​ការ​​ហ្វឹកហាត់​សរសេរ​កំណាព្យ និង​តែង​សេចក្ដី​ពី​លោក​គ្រូ​ អ្នក​គ្រូ​ តាំង​ពី​ថ្នាក់​វិទ្យាល័យ​មក។

សុគន្ធា ប្រាប់​ថា ខ្លួន​អាច​​និពន្ធ​ចេញ​នូវ​ទំនុកច្រៀង​ពីរោះៗ​រួម​ជា​មួយ​អត្ថន័យ​ជ្រាលជ្រៅ​បាន​​ ដោយ​ផ្អែក​លើ​ បទ​ពិសោធន៍​ការងារ បទពិសោធន៍​ជីវិត ការ​ស្រាវជ្រាវ ការ​ដាក់​អារម្មណ៍​ និង​ទីកន្លែង​ដែល​ស្ងប់​ស្ងាត់ និង​មាន​បរិយាកាស​ល្អ។

ទំនុក​ឈឺ​ចាប់ "ចង់ទៅ ទៅៗ" របស់​ ឱក សុគន្ធកញ្ញា "ហត់​ទេ​ស្រឡាញ់​គេ​ម្នាក់​ឯង" របស់​ សុខ​ស្រីនាង ចម្រៀង​មនោសញ្ចេតនា "បើ​ស្រឡាញ់​ម្ដេច​ទុក​អូន​ចោល" ច្រៀង​ដោយ​ សុគន្ធ នីសា "ត្រូវ​ការ​កម្លាំងចិត្ត" ច្រៀង​ដោយ រ៉េត ស៊ូហ្សាណា និង​ចម្រៀង​បែប​ញាក់​កន្ត្រាក់​អារម្មណ៍​ជា​ច្រើន​ទៀត​សុទ្ធ​ជា​ស្នាដៃ​របស់​នាង​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​សំណាក់​យុវវ័យ។

ហែល​ឆ្លង​ក្នុង​​វិស័យ​តែង​និពន្ធ​ជា​ច្រើន​ឆ្នាំ​ កវី​និពន្ធ នី សុគន្ធា ​​ សង្កត់​ន័យ​​ថា​ ដើម្បី​ក្លាយ​ខ្លួន​ជា​និពន្ធ​ល្អ​មួយ​រូប​ត្រូវ​មាន​កត្តា​រួម​ផ្សំ​ជា​ច្រើន​ដូច​ជា ទេពកោសល្យ ការ​ហាត់​រៀន ការ​ស្រាវជ្រាវ ការ​អត់​ធ្មត់​តស៊ូ និង ត្រូវ​មាន​ចំ​ណេះ​ដឹង​ទូទៅ​ទូលំទូលាយ៕

អត្ថបទ៖ សុខណា

មតិយោបល់