- 2017-11-06 23:25:00
- ជីវិតតារា
ប្រវត្តិត្រួសៗរបស់តារាស្រី៣រូបល្បីខ្លាំងក្នុងទសវត្សរ៍ ឆ្នាំ៦០
- 2017-11-06 23:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិត្រួសៗរបស់តារាស្រី៣រូបល្បីខ្លាំងក្នុងទសវត្សរ៍ ឆ្នាំ៦០
ចន្លោះមិនឃើញ
ក្មេងៗជំនាន់ក្រោយតិចណាស់ ដែលបានដឹងពីប្រវត្តិតារាភាពយន្តក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និង៧០។ ភាពយន្តក្នុងទសវត្សរ៍នោះ ត្រូវបានបរទេសឱ្យតម្លៃថា ជាយុគសម័យភាពយន្តមាស។
មានប្រទេសជាច្រើនក្នុងតំបន់អាស៊ី ក៏ដូចជាអឺរ៉ុប ស្វាគមន៍ភាពយន្តខ្មែរឱ្យទៅបញ្ចាំងក្នុងប្រទេសរបស់ពួកគេ ហើយក៏មានតារាមិនតិចដែរក្នុងសម័យនោះបានចេញទៅសម្ដែងនៅក្រៅប្រទេស និងបានសម្ដែងជាមួយតារាបរទេសល្បីៗជាច្រើនរូប។ ថ្ងៃនេះ Sabay សូមលើកយកជីវប្រវត្តិតួកុនល្បីៗ ៣រូប ផ្នែកនារីមកជូនប្រិយមិត្ត៖
សូមបញ្ជាក់ថា ជីវប្រវត្តិរបស់តារាល្បីៗខាងក្រោមនេះ បានពីការសម្ភាសន៍ផ្ទាល់រវាង ក្រុមការងារ Sabay ជាមួយកូនរបស់តារាសាមី និងមួយផ្នែកទៀតដកស្រង់ចេញពីទំព័រព័ត៌មានផ្សេងៗ។
សូមតាមដានប្រវត្តិតារាល្បីល្បាញខ្លាំងក្នុងអំឡុងទសវត្សរ៍ទី៦០ និង ៧០ទាំង៣រូបខាងក្រោម៖
១. អ្នកស្រី សោម វណ្ណស៊ូដានី
ជីវប្រវត្តិសង្ខេប៖
អ្នកស្រីកើតក្នុងឆ្នាំ១៩៤៥ នៅវាំងចាស់ ក្នុងខេត្តកំពង់ស្ពឺ ឪពុកឈ្មោះ សោម ផន ម្ដាយឈ្មោះ ព្រាប មុត អ្នកទាំងពីរប្រកបរបរដុតធ្យូងលក់ ធ្វើជាកម្មករបោសថ្នល់ និងធ្វើជាអ្នកយាមចម្ការ។ អ្នកស្រីមានបងប្អូន៤នាក់ ប្រុស៣ស្រី១ អ្នកស្រីជាកូនទី២ កាលនៅក្មេងអ្នកស្រីរៀននៅសាលា ពេទ្យប្រណម រៀនចប់ឌីប្លូម ក៏ប្រឡងជាប់ធ្វើគ្រូ បង្រៀនបណ្ដើរថតកុនបណ្ដើរ។ ស្វាមីរបស់អ្នកស្រីគឺលោក ជា យុទ្ធថន ជាតួកុនដ៏ល្បី១រូបដែរ។ អ្នកស្រីបានរៀបការ ពេលសម្ដែងរឿង "ឆ្នាំអូន១៦" ចុងឆ្នាំ១៩៧៣ ដើមឆ្នាំ១៩៧៤ ដោយចែកធៀបការ និងហៅភ្ញៀវ ដោយមានចាស់ទំទាំងសងខាងដឹងឮ។ អ្នកស្រីរៀបការជាមួយលោក ជា យុទ្ធថន ជាគំនិតរបស់ ប្រពន្ធទី១របស់លោក ជា យុទ្ធថន ព្រោះប្រពន្ធទី១នោះមានជំងឺច្រើន បារម្ភខ្លាចអត់ពីគាត់គ្មានអ្នកមើលថែកូនទាំងពីរ ម្យ៉ាងអ្នកស្រី សោម វណ្ណស៊ូដានី ក៏ស្រលាញ់កូនៗរបស់លោក ជា យុទ្ធថន ដែរ។ អ្នកស្រី សោម វណ្ណស៊ូដានី បានស្លាប់ក្នុងសម័យខ្មែរក្រហម ដោយមូលហេតុទាស់អាហារ ក្រោយពីអ្នកស្រីសំរាលកូនបានប្រមាណជាង១០ថ្ងៃ។
ជីវិតសិល្បៈ និងស្នាដៃ៖
ស្ថិតក្នុងអាយុ១៦ឆ្នាំ អ្នកស្រីបានប្រឡងបវរកញ្ញាជាប់លេខ២ នៅឧដុង្គវាំងចាស់ ដើមហេតុដំបូងនាំឱ្យអ្នកស្រីបានចូលប្រលូកក្នុងវិស័យភាពយន្ត ដោយសារតែមានពេលមួយនោះ អ្នកស្រីដាំបាយ តែបែរជាធ្វើឱ្យឆេះកូនខ្ទម ដែលជាផ្ទះអ៊ំរបស់អ្នកស្រីធ្វើឱ្យម្ដាយឪពុកអ្នកស្រីចាំចម្ការ ហើយផលិតករភាពយន្តឃើញអ្នកស្រីយំសមក៏យកទៅថតរឿង។ រឿងដែលអ្នកស្រីថតដំបូងគឺរឿង "សូផាតនិងម៉ានយ៉ាន” រឿងដែលធ្វើឱ្យអ្នកស្រីល្បីជាងគេគឺរឿង "សូផាតនិងម៉ានយ៉ាន” "ជាតិជាស្ត្រី” និង រឿង"ថោវរីមាសបង” ហើយរឿង "ថោវរីមាសបង” នេះហើយដែលធ្វើឱ្យអ្នកស្រីល្បីបំផុត។ អ្នកស្រីឈប់ថតកុនក្នុងឆ្នាំ១៩៧៤ ក្នុងជីវិតសិល្បៈអ្នកស្រីល្បីជាងគេ ត្រង់ចរិយាសុភាពរាបសា
បើតាមលោក ជា ផារិទ្ធិ ត្រូវជាកូនអ្នកស្រី សោម វណ្ណសូដានី បានឱ្យដឹងថា សាច់ញាតិខាងម្ដាយអ្នកស្រី សោម វណ្ណសូដានី ជាប់ខ្សែរាជវង្សខាងសម្ដេច ស៊ីសុវត្ថិ (សម្ដីម្ចាស់អ៊ំរបស់ លោក ជា ផារិទ្ធិ ឈ្មោះ អូលីវីយ៉ា សេរីម៉ាតាក់ និង លី ស៊ីសុវត្ថិបទុម បានប្រាប់លោក ជា ផារិទ្ធិ។
២ អ្នកស្រី វីរៈ តារា
ជីវប្រវត្តិត្រួសៗ៖
អ្នកស្រីកើតនៅឆ្នាំ១៩៤៧ ក្នុងទីរួមខេត្តកំពត មានឈ្មោះដើមថា គឹម ហៀក ឪពុកឈ្មោះ កុក យិន ជាអ្នកបើកបររថយន្តពេទ្យ ម្ដាយឈ្មោះ សេង ញុង ជាមេផ្ទះ អ្នកស្រីរៀបអាពាហ៍ពិពាហ៍ជាមួយផលិតករភាពយន្ត លោក លី ប៊ុនយីម ក្នុងឆ្នាំ ១៩៦៤ មានកូន៥នាក់សុទ្ធតែប្រុស។ នៅក្នុងរបបខ្មែរក្រហម អ្នកស្រី និង ស្វាមី ត្រូវបានជម្លៀសទៅរស់នៅស្រុកកំពង់ត្រាច ខេត្តកំពត បានរយៈពេល៥ខែ ក៏លួចរត់ចេញទៅខេត្តហាទៀង ប្រទេសវៀតណាម ហើយឆ្លងចូលទៅប្រទេសឡាវ រហូតបានចេញទៅរស់នៅប្រទេសបារាំងនៅឆ្នាំ១៩៧៦។ ក្នុងឆ្នាំ ១៩៨៦ អ្នកស្រីបានលែងលះជាមួយស្វាមី ហើយបច្ចុប្បន្នអ្នកស្រីរស់នៅប្រទេសបារាំង។
ជីវិតក្នុងសិល្បៈ និងស្នាដៃ៖ អ្នកស្រីចូលសិល្បៈដំបូងក្នុងឆ្នាំ១៩៦៥ ក្នុងវ័យ១៨ឆ្នាំ តាមរយៈការជួយជ្រោមជ្រែងពីលោក លី ប៊ុនយីម ចាងហ្វាងផលិតកម្មរន្ទះពេជ្រភាពយន្ត ដែលត្រូវជាស្វាមីរបស់អ្នកស្រី។ អ្នកស្រីសម្ដែងឱ្យផលិតកម្មរន្ទះពេជ្រភាពយន្តសរុបបានប្រមាណ១០រឿង ក្នុងចំណោម១០រឿងដែលអ្នកស្រីបានសម្ដែង មាន៣រឿងដែលទទួលបានការពេញនិយមខ្លាំងពីទស្សនិកជនគឺរឿង “ពុទ្ធិសែននាងកង្រី” “សព្វសិទ្ធិ” និង “អនអើយស្រីអន”។
៣. អ្នកស្រី ឌី សាវ៉េត
ជីវប្រវត្តិត្រួសៗ៖
អ្នកស្រីកើតនៅឆ្នាំ១៩៤៤ នៅសង្កាត់លេខ៦ ទីក្រុងភ្នំពេញ ឪពុកឈ្មោះ ឌី ណយ ជាស្មៀនរបស់ជីតាដែលជាចាងហ្វាងសាលាឧទ្ធរណ៍ មានស្រុកកំណើតនៅខេត្តតាកែវ ម្ដាយឈ្មោះ សាត់ រិន ជាកសិករនៅស្រុកអង្គស្នួល ខេត្តកណ្ដាល។ អ្នកស្រីមានបងប្អូនបង្កើត២នាក់ កាលពីវ័យកុមារអ្នកស្រីបានសិក្សានៅសាលាបឋមសិក្សាសម្ដេចសុធារស ស្វាមីអ្នកស្រីគឺលោក ហ៊ុយ គឹង ដែលជាតារាសម្ដែង និងជាផលិតករភាពយន្តទសវត្សរ៍ឆ្នាំ១៩៦០ និង៧០។ អ្នកស្រីមានកូន២នាក់ ឈ្មោះហ៊ុយ ឌីណា និង ហ៊ុយ ឌីលី អ្នកស្រី និងស្វាមីបានចែកផ្លូវគ្នាក្នុងឆ្នាំ១៩៧៤ មុនពេលដែលអ្នកស្រីភៀសខ្លួនទៅរស់នៅឯប្រទេសបារាំង។
ជីវិតក្នុងសិល្បៈ និងស្នាដៃ៖
ឆ្នាំ១៩៥៩ ក្នុងវ័យ១៥ឆ្នាំ អ្នកស្រីបានប្រឡងជាប់បវរកញ្ញាលេខ១។ ឆ្នាំ១៩៦២ អ្នកស្រីត្រូវបានលោក អ៊ួង កន្ធន់ ចាងហ្វាងផលិតកម្មកងចក្រភាពយន្ត ជ្រើសរើសថតខ្សែភាពយន្តដំបូងក្នុងរឿង «ក្បូនជីវិត» ដើរតួជាមួយលោក ម៉ក់ ហូ។ អ្នកស្រីបានសម្ដែងកុនក្នុងផលិតកម្មជាច្រើនកាលក្នុងអំឡុងឆ្នាំ១៩៦០ និង ៧០។ ដោយសារជោគជ័យលើវិស័យសិល្បៈ អ្នកស្រីនិងស្វាមីបានបើកផលិតកម្មថតខ្សែភាពយន្តឈ្មោះ ផលិតកម្មសុវណ្ណគិរីភាពយន្ត ហើយថតបានប្រមាណជាង១០រឿងដែលសុទ្ធសឹងតែទទួលការគាំទ្រពីមហាជន។ អ្នកស្រីសម្ដែងកុនសរុបបានប្រមាណជា៦៥ រឿង កាលក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និង៧០។ បន្ទាប់ពីទៅរស់នៅក្រៅប្រទេសមួយរយៈ ក្នុងឆ្នាំ១៩៩៣ អ្នកស្រីត្រលប់មកកម្ពុជាវិញ ក្រោយពីត្រលប់ពីបរទេសវិញអ្នកស្រីត្រូវបានគេទាក់ទងឱ្យជួយបង្ហាត់សិល្បៈភាពយន្តតាមក្លឹប អង្គការ និងស្ថានីយទូរទស្សន៍នានា។ ក្នុងអំឡុងឆ្នាំ១៩៩៧-១៩៩៨ អ្នកស្រីបានបើកក្លឹប MSL ជាមួយលោកហ៊ុយ សាន់ អតីតតារាភាពយន្តរួមជំនាន់ ទទួលបង្ហាត់បង្រៀនរាំ ដើរម៉ូដ សម្ដែង និងច្រៀង។ អ្នកស្រីក៏បានសហការជាមួយទូរទស្សន៍ជាតិកម្ពុជាបង្កើតកម្មវិធីជាច្រើន។ បច្ចុប្បន្នអ្នកស្រី នៅតែបន្តសម្ដែងកុន ថតផ្សាយពាណិជ្ជកម្មផលិតផលផ្សេងៗ និងបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍មួយចំនួនផងដែរ។