- 2017-11-16 23:50:00
- ជីវិតតារា
ប្រវត្តិត្រួសៗរបស់តារាភាពយន្តប្រុស៣រូបល្បីខ្លាំងក្នុងទសវត្សទី៦០
- 2017-11-16 23:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិត្រួសៗរបស់តារាភាពយន្តប្រុស៣រូបល្បីខ្លាំងក្នុងទសវត្សទី៦០
ចន្លោះមិនឃើញ
នៅក្នុងទសវត្សឆ្នាំ១៩៦០ និង ៧០ មានតារាសម្ដែងជាច្រើនដែលមានទេពកោសល្យខ្ពស់ ដែលអាចធ្វើឱ្យអ្នកទស្សនាស្រក់ទឹកភ្នែក ឬរីករាយទៅតាមសាច់រឿង។ ភាពយន្តនាសម័យនោះ មិនត្រឹមតែល្បីល្បាញក្នុងស្រទាប់ប្រជាជនខ្មែរប៉ុណ្ណោះទេ តែថែមទាំងល្បីទៅដល់តំបន់អាស៊ី និងអឺរ៉ុបផង។
ថ្ងៃនេះ Sabay សូមលើកយកជីវប្រវត្តិត្រួសៗរបស់តារាប្រុសល្បីៗ ៣ រូបមកជូនលោកអ្នក៖
សូមតាមដានប្រវត្តិតារាប្រុសល្បីល្បាញខ្លាំងក្នុងអំឡុងទសវត្សទី៦០និង៧០ទាំង៣រូបខាងក្រោម៖
១. លោក គង់ សំអឿន
តារាប្រុសរូបនេះល្បីល្បាញបំផុតក្នុងអំឡុងទសវត្សទី៦០ និង ៧០ ដោយប្រជាប្រិយភាពរបស់លោកវ៉ាដាច់តួប្រុសរួមជំនាន់ដទៃទៀត។ លោកកើតក្នុងឆ្នាំ១៩៤១ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានឪពុកជាអ្នករដ្ឋការ។ លោកមានបងប្អូន៦នាក់ សុទ្ធតែប្រុស លោកជាកូនទី២។ តារាសម្តែង គង់ សំអឿន មានប្រពន្ធមិនបានរៀបការឈ្មោះ រ៉េន។ បើតាមសម្ដីម្ដាយរបស់លោក បានឱ្យដឹងថា លោកជាមនុស្សប្រុសសុភាពរាបសា មានមន្តស្នេហ៍ខ្លាំង ធ្វើឱ្យមនុស្សស្រីជាច្រើនចាប់ចិត្តលើលោក។
បុរសរូបសង្ហានេះចូលសិល្បៈក្នុងឆ្នាំ១៩៦០ ដោយកាលប្រលូកក្នុងវិស័យនេះដំបូង លោកមិនបានប្រាប់ឪពុកម្ដាយឡើយ ទាល់តែល្បីខ្លាំងទើបប្រាប់ ព្រោះឪពុកមិនចង់ឱ្យលោកចូលវិស័យនេះ។ លោកចាប់ល្បីខ្លាំងក្នុងឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥។
ក្នុងជីវិតជាអ្នកសិល្បៈ លោកបានទៅចូលរួមមហោស្រពជាច្រើនក្នុងតំបន់អាស៊ី មាន ហុងកុង សាំងហ្គាពួរ និងទីក្រុងបាងកក។ ជាងនោះទៅទៀត រាល់ភាពយន្តដែលលោកបានយកទៅប្រកួតប្រជែងនៅមហោស្រពឯក្រៅប្រទេសសុទ្ធតែទទួលបានពានទាំងអស់។ ក្នុងឆ្នាំ១៩៧៥ លោកបានទទួលកុងត្រាទៅថតរឿងក្នុងប្រទេសថៃចំនួន៣រឿង តែលោកមិនបានចេញទៅភ្លាមៗទេ ព្រោះលោកចាំនៅចូលឆ្នាំជួបជុំគ្រួសារសិន។ ប៉ុន្តែជាអកុសល ព្រឹត្តិការណ៍១៧ មេសា បានផ្លាស់ប្ដូររបបដឹកនាំ ធ្វើឱ្យលោកមិនបានចេញទៅសម្ដែង ហើយលោកក៏បានស្លាប់ក្នុងសម័យខ្មែរក្រហមតែម្ដងទៅ។ លោកត្រូវបានគ្រួសារសន្និដ្ឋានថា ត្រូវបានខ្មែរក្រហមសម្លាប់នៅម្ដុំកោះគ ស្រុកកោះធំ ខេត្តកណ្ដាល ក្នុងខែសីហា ឆ្នាំ១៩៧៥។
២. លោក ជា យុទ្ធថន
លោកកើតឆ្នាំ ១៩៣០ នៅជ្រោយចង្វា រាជធានីភ្នំពេញ មានបងប្អូន៣នាក់ លោកជាកូនទី២។ ឪពុកម្តាយរបស់បានចែកផ្លូវគ្នាតាំងពីលោកនៅក្មេងម្ល៉េះ ក្រោយពីចែកផ្លូវគ្នាកូនទាំង៣បានមករស់នៅខាងម្ដាយ ដែលមានរបរជាអ្នកលក់ទឹកដោះគោឆៅ និងអំបិល។ បន្ទាប់ពីរៀនចប់ថ្នាក់ទី៩ លោកក៏ឈប់រៀន ព្រោះគ្រួសារក្រីក្រខ្លាំង។ ក្រោយពីបញ្ចប់ការសិក្សា លោកបានចូលហាត់តៃក្វាន់ដូ ដើម្បីសុខភាព និងបង្ហាត់តៃក្វាន់ដូ ដើម្បីបានប្រាក់ខ្លះចិញ្ចឹមជីវិត។
ដោយគ្រួសារក្រីក្រពេក លោកបានប្រឡងចូលធ្វើពេទ្យនៅអាយុប្រមាណ១៦ ឬ១៧ឆ្នាំ ហើយក្នុងអំឡុងពេលនោះដែរ លោកក៏ទៅយាមទូតអាមេរិក(សន្តិសុខ)។ ក្រោយមកទៀត លោកចូលធ្វើពេទ្យបឋមក្នុងមន្ទីរពេទ្យមួយ ហើយក៏បានស្គាល់ប្រពន្ធទី១ក្នុងមន្ទីរពេទ្យតែម្ដង។ ដោយគ្រួសារខាងប្រពន្ធមានទ្រព្យជាង ឪពុកខាងស្រីមិនទទួលស្គាល់ ទើបលោក និងប្រពន្ធក៏មករស់នៅជ្រោយចង្វា ។ លោកមានកូន២នាក់ជាមួយប្រពន្ធមុន (ប្រពន្ធមុនធ្វើការនៅទូតបារាំង)។ ក្រោយធ្វើជាសន្តិសុខយាមទូតបានប្រមាណជិត២ឆ្នាំ លោកក៏ចូលសិល្បៈ។
តារាសម្ដែងរូបនេះ ចូលប្រលូកក្នុងវិស័យសិល្បៈ ពេលអាយុ៣២ឆ្នាំ។ រឿងដំបូងដែលលោកថត គឺរឿង "ផែនដីដែលខ្ញុំស្រលាញ់” ជារឿងដែលធ្វើឱ្យលោកល្បីខ្លាំង។ រឿងទី២ រឿង "ជីវិតអនាថា" ក៏ជារឿងដែលធ្វើឱ្យលោកល្បីខ្លាំងដែរ។ ពេលល្បីល្បាញលោកបានជួបប្រពន្ធទី២ គឺអ្នកស្រី សោម វណ្ណស៊ុគ (ឈ្មោះក្នុងសិល្បៈ សោម វណ្ណស៊ូដានី)។ រឿងដែលថតចុងក្រោយគឺរឿង "កីឡាករចេកណាំវ៉ា”។
៣. លោក ណុប ណែម
លោកកើតក្នុងឆ្នាំ ១៩៣៦ នៅភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ មានបងប្អូន៨នាក់ ប្រុស៥ ស្រី៣។ ប្រពន្ធរបស់លោកឈ្មោះ គីម ណូវ៉ា គឺជាតារាសម្តែងរួមជំនាន់ដ៏ល្បីម្នាក់ដែរ។ លោកទទួលមរណៈភាពក្នុងរបបខ្មែរក្រហម។
ក្នុងឆ្នាំ ១៩៦០ លោកចូលប្រឡូកក្នុងវិស័យសិល្បៈ ដោយបានសម្ដែងកុនស្ទើរតែគ្រប់ផលិតកម្មក្នុងសម័យនោះ ដែលមានប្រមាណជាង១០ផលិតកម្ម សរុបជារឿងមានប្រមាណ ៧២រឿង។ លោកក៏បានចេញទៅសម្ដែងភាពយន្តនៅក្រៅប្រទេស ប៉ែកអឺរ៉ុបផងដែរ។
ចុចអាន៖
ប្រវត្តិត្រួសៗរបស់តារាស្រី៣រូបល្បីខ្លាំងក្នុងទសវត្សរ៍ ឆ្នាំ៦០ របាំខ្មែរមួយប្រភេទដែលបរទេសស្គាល់ច្រើន និងសរសើរមិនដាច់ពីមាត់