តើនរណានៅពីក្រោយខ្នង ឈិត សុជាតា បើកក្រុមហ៊ុនទេសចរណ៍ អេស ធី អេ ?
ក្រៅពីអាជីពសិល្បៈ ជាអ្នកសម្ដែង ដើរបង្ហាញម៉ូដ និង ពិធីការិនី អ្នកនាង សុជាតា គឺជាម្ចាស់ក្រុមហ៊ុនទេសចរណ៍ STA។ អ្នកនាង សុជាតា បានគ្រប់គ្រងក្រុមហ៊ុនអស់រយៈពេល ៥ ឆ្នាំ មកហើយ បន្ទាប់ពីនាងបានបញ្ចប់ការសិក្សាផ្នែកទេសចរណ៍កាលពីឆ្នាំ២០០៨។
អ្នកនាង សុជាតា មានដើមកំណើតមកពីខេត្តតាកែវ ហើយបានផ្សងព្រេងមកកាន់ភ្នំពេញ កាលពីអំឡុងឆ្នាំ ២០០៣ បានចាប់យកមុខរបរជាអ្នកសិល្បៈ ហើយក៏បានក្លាយជាពិធីការិនី តារាសម្ដែង និង ដើរបង្ហាញម៉ូដ រហូតមកទល់នឹងពេលសព្វថ្ងៃនេះ។
នៅឆ្នាំ ២០០៨ នាងបានសម្រេចចិត្តបើកក្រុមហ៊ុនទេសចរណ៍ STA ហើយអាចថា នេះជាជំហានជោគជ័យដ៏ធំក្នុងជីវិតរបស់នាងផងដែរ។ ការបើកក្រុមហ៊ុនទេសចរណ៍នេះ បានក្លាយទៅជាចម្ងល់ផងដែរ សម្រាប់អ្នកគាំទ្រសុជាតា ដោយបានចោទជាសំណួរថា តើនាងបានប្រាក់ពីណាបើកក្រុមហ៊ុនទេសចរណ៍នេះឡើង?
ដូច្នេះ អ្នកនាង ឈិត សុជាតា ធ្លាប់បានផ្ដល់កិច្ចសម្ភាសន៍ជាមួយ Sabay ដើម្បីស្រាយចម្ងល់មួយចំនួនដែលទាក់ទងនឹងភាពជាអ្នកដឹកនាំ និង ការបើកក្រុមហ៊ុនទេសចរណ៍ STA របស់នាង។ ខាងក្រោមនេះ គឺជាកិច្ចសម្ភាសន៍ទាំងស្រុងរវាងSabay និង អ្នកនាងសុជាតា៖
Sabay៖ អ្នកនាង សុជាតា ដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្នែកទេសចរណ៍កាលពីឆ្នាំ ២០០៨ តើនេះជាដើមចម ដែលនាំឲ្យនាងសម្រេចចិត្តបើកក្រុមហ៊ុនទេសចរណ៍នេះឡើងមែនទេ?
សុជាតា៖ ចាស៎! មែនហើយ ទី០១ត្រូវជំនាញដែលខ្ញុំសិក្សាផង និងទី២ សាច់ញាតិក៏មានជំនាញផ្នែកទេសចរណ៍នេះយូរឆ្នាំមកហើយដែរ ដោយពួកគាត់ ធ្លាប់បានធ្វើការនៅក្រុមហ៊ុនទេសចរណ៍ធំៗជាច្រើន។ ជាពិសេសខ្ញុំគិតថា ប្រទេសកម្ពុជាមានសក្ដានុពលលើវិស័យទេសចរណ៍។
Sabay៖ ដើមឡើយអ្នកនាង គឺជាកសិករមួយរូប ដែលមានបងប្អូន ៦ នាក់ ប្រុស ២ និងស្រី ៤ ប្រភពមកពីខេត្តតាកែវ និង មានស្ថានភាពគ្រួសារមធ្យមទេ តើកញ្ញាមានប្រាក់មកពីណា បើកក្រុមហ៊ុន?
សុជាតា៖ ជាការពិតណាស់ គ្រួសារខ្ញុំមធ្យម គឺមិនមានលទ្ធភាពឯណា នឹងបើកក្រុមហ៊ុននោះទេ ប៉ុន្តែដោយសារតែក្នុងអំឡុងឆ្នាំ ២០០៨ គឺជាពេលស្ថានភាពដីធ្លីឡើងថ្លៃយ៉ាងគំហុក ដូច្នេះម្ដាយខ្ញុំបានលក់ដីមួយកន្លែងនៅខេត្តសៀមរាប ដោយនេះហើយ គឺជាដើមទុនសម្រាប់បើកក្រុមហ៊ុនទេសចរណ៍នេះឡើង ដោយមិនមាននរណានៅពីក្រោយខ្នង ក្រៅពីម្ដាយខ្ញុំទេ។
ប៉ុន្តែប្រសិនបើសួរពីរឿងទុនប៉ុន្មានគឺខ្ញុំមិនអាចឆ្លើយបាន នោះទេ ប៉ុន្តែគ្រាន់តែអាចនិយាយបានថា ការបើកក្រុមហ៊ុនទេសចរណ៍គឺចាំបាច់មានដើមទុនច្រើន ជាពិសេសត្រូវមានប្រាក់តម្កល់ ព្រោះថា ក្រុមហ៊ុនទេសចរណ៍ត្រូវមានដៃគូរនៅក្រៅប្រទេសច្រើន ដើម្បីឲ្យគេជឿជាក់។
Sabay៖ ការបើកក្រុមហ៊ុនដំបូង តើអ្នកនាង ជួបការលំបាកទេ?
សុជាតាៈ លំបាកណាស់បង! ថ្វីត្បិតខ្ញុំរៀនចប់ផ្នែកទេសចរណ៍មែនក្ដី ប៉ុន្តែគ្មានបទពិសោធន៍អ្វីទាំងអស់ ដូច្នេះបានសាច់ញាតិទេ គាត់មានបទពិសោធន៍គ្រប់គ្រងរហូតមកទល់នឹងពេលសព្វថ្ងៃនេះ។ មួយទៀតឆ្នាំទី១ និងទី២ ក្រុមហ៊ុនគ្មានប្រាក់ចំណេញនោះទេ ផ្ទុយទៅវិញមានតែខាត។ ប៉ុន្តែចូលឆ្នាំទី៣មកដល់ពេលនេះ គឺអាចនិយាយបានថា ជោគជ័យហើយ។
Sabay៖ តើមានភាពខុសគ្នាដូចម្ដេចរវាងអាជីពអ្នកសិល្បៈ និងធ្វើជាថៅកែក្រុមហ៊ុននោះ?
សុជាតា៖ ខុសគ្នាឆ្ងាយណាស់បង! មួយធ្វើការឲ្យគេ មួយទៀត គឺជាអ្នករកស៊ីខ្លួនឯង។ ការគ្រប់គ្រងក្រុមហ៊ុនមិនមែនជារឿងងាយនោះទេ គឺត្រូវតែមានយុទ្ធសាស្ត្រជាប់ជានិច្ច នៅក្នុងការគ្រប់គ្រងការងារ ប្រជុំក៏ច្រើន និងត្រូវស្វែងរកគំនិតថ្មីៗ និងបង្កើតទំនាក់ទំនងច្រើនទាំងក្នុងនិងក្រៅប្រទេសទៀតផង។ ដោយឡែកការងារសិល្បៈមិនបានចំណាយពេលច្រើននៅក្នុងការគិតនោះទេ គឺធ្វើទៅតាមគេរហូតហ្នឹង អ្នកដឹកនាំប្រាប់ថាម៉េច គឺយើងធ្វើបែបនោះ។
Sabay៖ ដើម្បីគ្រប់គ្រងក្រុមហ៊ុនមួយជោគជ័យតើអ្នកនាងត្រូវមានយុទ្ធសាស្ត្រដូចម្ដេចដែរ?
សុជាតា៖ ការអនុវត្តកន្លងមក គឺខ្ញុំយកគោលការណ៍ សុជីវធម៌ សច្ចធម៌ ជាមួយអតិថិជនជាចំណុចមូលដ្ឋាន នៃការគ្រប់គ្រង។ ទន្ទឹមនឹងគ្នានេះ គុណភាពការងារ ត្រូវដើរទន្ទឹមនឹងតម្លៃ និងរើសបុគ្គលិកដែលមានបទពិសោធន៍ច្រើនឆ្នាំមកធ្វើការ គឺងាយនៅក្នុងការពន្យល់អតិថិជន។ ការផ្សព្វផ្សាយ និង ការទំនាក់ទំនង គឺជាចំណុចពិសេសនៅក្នុងការគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ ព្រោះថា បើកក្រុមហ៊ុនទេសចរណ៍ គឺត្រូវមានបណ្ដាញទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីងាយស្រួលក្នុងការ ដឹកនាំភ្ញៀវទេសចរណ៍ទៅកាន់តំបន់កម្សាន្តទាំងនោះ។
Sabay៖ សំណួរមួយដែលខ្ញុំមិនអាចអត់សួរបាននោះគឺថា សិល្បៈជាកន្លែងប្រមូលផ្ដុំដោយពាក្យចចាមអារ៉ាម តើបញ្ហាទាំងអស់នេះ ធ្លាប់ធ្វើឲ្យប៉ះពាល់ដល់ភាពជាអ្នកដឹកនាំទេ?
សុជាតា៖ ខ្ញុំថាមានបង! រឿងសង្គមសិល្បៈ ជាពិសេសរឿងអ្នកកាសែតចុះផ្សាយរឿងស្នេហាអីហ្នឹង! ដែលមិនមែនជាការពិតផងនោះ ត្រូវបានមិត្តភ័ក្ដិ ឬ អតិថិជន ដែលមិនស្គាល់ខ្ញុំច្បាស់ ពេលជួបខ្ញុំតែងតែសួរពីរឿងនេះ។ ប៉ុន្តែបុគ្គលិកមិនអីនោះទេ គឺពួកគាត់ ដឹងរឿងខ្ញុំច្បាស់ ដូច្នេះគ្មានចម្ងល់ណាមួយកើតឡើងនោះទេ មកលើភាពជាអ្នកដឹកនាំរបស់ខ្ញុំ។ ផ្ទុយទៅវិញសិល្បៈក៏អាចថា មានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន គឺវិជ្ជមាននោះ សិល្បៈក៏ជាផ្នែកមួយផ្សព្វផ្សាយពីក្រុមហ៊ុនទេសចរណ៍របស់ខ្ញុំដែរ។
សូមចុចអាន៖ សួន ពិសិដ្ឋ អ្នកនិពន្ធខ្មែរដំបូងចារឈ្មោះជាប្រវត្តិសាស្ត្រនៅកាណាដា!
Sabay៖ នៅក្នុងភាពជាអ្នកដឹកនាំ តើសុជាតា ប្រកាន់យកគំនិតអ្វីជាធំ?
សុជាតា៖ ខ្ញុំតែងតែប្រកាន់យកគំនិតមួយជាធំនោះគឺ ធ្វើការកាន់តែច្រើន ខ្ញុំនឹងទទួលបានច្រើន។ ខ្ញុំយល់ថា ការឧស្សាហ៍ព្យាយាម គឺជាចំណុចសំខាន់ ដែលធ្វើឲ្យមនុស្សជោគជ័យ ជាពិសេសនៅក្នុងភាពជាអ្នកដឹកនាំ ។
Sabay៖ ជាចុងក្រោយ តើអ្នកនាងមានគោលដៅអនាគត និងគម្រោងការជួយស្ត្រីនានា ដែលចង់អភិវឌ្ឍន៍នោះទេ?
សុជាតា៖ ខ្ញុំគិតថា អ្វីដែលខ្ញុំអាចធ្វើបានខ្ញុំនឹងធ្វើទៅតាមលទ្ធភាពរបស់ខ្ញុំ។ ការបើកក្រុមហ៊ុននេះក៏អាចថា ជាផ្នែកមួយបង្កើតការងារដល់ប្រជាពលរដ្ឋផងដែរ ហើយស្ត្រីដែលមានសមត្ថភាព គឺក្រុមហ៊ុននឹងទទួលឲ្យធ្វើការភ្លាម។ ប្រសិនបើនិយាយពីសិល្បៈវិញ ក្នុងនាមខ្ញុំជាស្ត្រី ហើយជាអ្នកសិល្បៈ ខ្ញុំនឹងព្យាយាមផ្សព្វផ្សាយនូវវប្បធម៌ប្រពៃណីរបស់ខ្មែរ ទៅកាន់សាធារណជន ជាពិសេសជនបរទេស។
នៅខាងក្រោមនេះគឺជារូបភាព អ្នកនាងសុជាតា កំពុងបំពេញការងារនៅ ក្រុមហ៊ុនទេសចរណ៍ STA ដែលមានទីតាំងនៅផ្ទះលេខ ១៤០ Eo, ផ្លូវលេខ១២៨ កម្ពុជាក្រោម ខណ្ឌ៧មករា រាជធានីភ្នំពេញ៕
សូមចុចអាន៖ អ្វីនៅពីក្រោយភាពជោគជ័យរបស់ គង់ សុជាតិ ពីអ្នកលក់ចេកឆឹង ក្លាយជាពិធីការិនីល្បី និង ជាថៅកែហាងកែសម្ផស្ស?
សូមចុចអាន៖ ជុំ លីណូ ទើបរួចផុតពីស្លាប់ លាតត្រដាងប្រវត្តិ
សូមចុចអាន៖ ឆាយ វីរៈយុទ្ធ បង្ហើបរឿងសំខាន់ពីរយ៉ាង ដែលចងចាំមិនអាចបំភ្លេចបានក្នុងជីវិត
សូមចុចអាន៖ ខេម ពីអ្នករត់ម៉ូតូឌុបមកជាតារាចម្រៀងលំដាប់ជួរមុខនាពេលបច្ចុប្បន្ន
អត្ថបទ៖ ប៊ិន ប៊ុណ្ណា