ឌីជេ ក្ដឹប នាំមិត្តភក្ដិយកថវិកាជួនអតីតតន្ត្រីករ អ៊ុំ ដរ៉ា
មុននេះបន្តិច ឌីជេ ក្ដឹប បាននាំមិត្តភក្ដិជាតន្ត្រីករមួយក្រុម យកថវិកាមួយចំនួនប្រគល់ជួនអតីតតន្ត្រីករ អ៊ុំ ដរ៉ា ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ។
ក្ដឹប ប្រគល់ថវិកាជួនលោក អ៊ុំ ដរ៉ា
"ការពិតទៅ ពួកខ្ញុំក៏អត់ដែរ ប៉ុន្តែធ្វើបុណ្យទាន់ខែភ្លឺ ទាន់គាត់នៅអាចមើលឃើញ យើងជាអ្នកជំនាន់ក្រោយត្រូវតែដឹងគុណគាត់"។ ក្ដឹប ថ្លែងមកកាន់ Sabay។ លោកបន្តទៀតថា ពួកគេមានគម្រោងជាយូរមកហើយដែរ ប៉ុន្តែដោយសារមមាញឹកក្នុងការងារទើបពន្យាររហូតមកដល់ពេលនេះ។ តារាចម្រៀង Rap រូបនេះបន្ថែមថា ក្នុងនាមជាអ្នកជំនាន់ក្រោយ គឺត្រូវគោរពរៀមច្បងជំនាន់មុន ជាក់ស្ដែងដូចជាសកម្មភាពព្រឹកនេះជាដើម។
ក្ដឹប មិនបានបញ្ជាក់ពីចំនួនថវិកា ដែលនាំយកទៅប្រគល់ជួនលោក អ៊ុ ដរ៉ា នោះទេ ដោយបានលើកហេតុផលថា ពួកគេម្នាក់ៗធ្វើតាមលទ្ធភាពរៀងខ្លួន។ ប៉ុន្តែក្នុងនាមជាសិល្បករមួយរូប លោកស្នើឱ្យសិល្បករដូចគ្នា និងសប្បុរសជននានា ធ្វើយ៉ាងណាគិតគួរដល់អតីតអ្នកនិពន្ធ និងតន្ត្រីករ ដែលកំពុងមានជំងឺរូបនេះ។
ប្រសិនបើសប្បុរសជន និងសិល្បករចង់ឧបត្ថម្ភដល់អតីតតន្រ្តីករ អ៊ុំ ដរ៉ា អាចទាក់ទងទៅកាន់គ្រួសាររបស់គាត់តាមរយៈលេខ ០៩៦ ៤៧១ ៣៤៦ ៧។
អត្ថបទ៖ សំ ជំនាញ