ក្រៅពីលោកតា សង់ស៊ីស គ្រួសារមួយនេះ នៅមានកូនប្រុសម្នាក់ទៀតកំពុងដេកឈឺនៅផ្ទះដែរ
ខណៈតារាកំប្លែងជើងចាស់លោកតា សង់ស៊ីស កំពុងសម្រាកព្យាបាលជំងឺលើសសម្ពាធឈាមនៅមន្ទីរពេទ្យ ស្វាមីរបស់អ្នកនាង ឆយ បានបង្ហើបថា គ្រួសារមួយនេះ ក៏នៅមានកូនប្រុសម្នាក់ទៀតដេកឈឺនៅផ្ទះដែរ។
អ្នកនាយ ឆយ និងឪពុកសម្រាកនៅមន្ទីរពេទ្យមួយ
ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ លោកបានឱ្យដឹងថា ប្អូនថ្លៃរបស់លោកឈ្មោះ ប្រសឺត ដែលកន្លងមកធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសជង្គង់ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ។ លោកថា៖"បើនិយាយទៅ គាត់ជួបគ្រោះថ្នាក់តាំងពីមុនឪចូលពេទ្យទៀតណោះ តែឥឡូវធូរហើយតើ របួសជើងបន្តិចបន្តួចដែរហ្នឹង"។
លោកបន្តទៀតថា ប្រសឺត ជួបគ្រោះថ្នាក់ចរាចរណ៍មិនធ្ងន់ធ្ងររហូតបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាមដូចគេនិយាយតគ្នានោះទេ។ ហើយការណ៍ដែលចេញ-ចូលទៅព្យាបាលនៅប្រទេសវៀតណាមកន្លងមក គឺដោយសាររូបគេមានជំងឺផ្សេងទៅវិញទេ។ ប៉ុន្តែយ៉ាងណា ទាំងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងជំងឺប្រចាំកាយនោះ បានប្រសើរឡើងបណ្ដើរៗហើយ៕
អត្ថបទ៖ សំ ជំនាញ