សាវីន ហ្វីលីព បង្ហាញជំហរជួយមន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប
តារាសម្ដែង សាវីន ហ្វីលីព កំពុងកៀរគរអតីតអ្នករៀនផ្នែកសណ្ឋាគារនៅប្រទេសសិង្ហបុរីជាមួយគ្នា និងអ្នករួមអាជីពសិល្បៈ ដើម្បីរៀបចំការជួបជុំមួយ ស្វែងរកថវិកាជួយមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ខណៈសប្បុរសជននានាហាក់មើលរំលង។
“ក្នុងនាមជាតួម្នាក់ ខ្ញុំគិតថា តើគួរធ្វើអ្វីខ្លះ ដើម្បីជួយកុមារនៅស្រុកយើង។ ម្យ៉ាងសប្បុរសជនភាគច្រើនជួយតែមន្ទីរពេទ្យគន្ធបុប្ផា ហើយអត់សូវមាននរណានឹកនាទីនេះសោះ"។ លោកថ្លែងមកកាន់ Sabay ។
លោកបន្ថែមថា មានកុមាររស់នៅក្នុងខេត្តផ្ទាល់ និងខេត្តជាប់ព្រំប្រទល់គ្នា រាប់ពាន់នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ព្រោះជាកន្លែងសង្គ្រោះកុមារមិនយកប្រាក់ធំទី២បន្ទាប់ពីមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងនាមជាម្ចាស់មូលនិធិជួយកុមារ និងឯកអគ្គរាជទូតសុឆន្ទៈអង្គការ CGF Foundation លោកមានគម្រោងបង្កើតការជួបជុំមួយនៅល្ងាចថ្ងៃទី១២ ខែធ្នូនេះក្នុងបរិវេណភោជនីយដ្ឋាន Brew Pup ខេត្តសៀមរាប ដោយអ្នកចូលរួមត្រូវបង់វិភាគទានតិចតួច។
ទោះបីជាយ៉ាងណា តួបងធំរូបនេះបន្តថា ប្រហែលជាមានសប្បុរសជនមួយចំនួន នឹងបរិច្ចាគថវិកាច្រើនជាងការកំណត់ទៀតផង ព្រោះពួកគេភាគច្រើនជាម្ចាស់ ឬជាអ្នកគ្រប់គ្រងសណ្ឋាគារនានានៅខេត្តសៀមរាបតែម្ដង។ ដោយឡែកថវិកាទទួលបាន និងប្រកាសភ្លាមៗដោយមានប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាសាក្សី និងចំពោះមុខអ្នកចូលរួមតែម្ដងបង្ហាញពីការរួមចំណែក។
លោក សាវីន ហ្វីលីព អំពាវនាវសុំការចូលរួមឱ្យបានច្រើនពីសប្បុរសជននានា ដើម្បីជួយដល់មន្ទីរពេទ្យកុមារមួយនេះ ព្រោះមានកុមារជាច្រើនកំពុងរង់ចាំការជួយសង្គ្រោះជីវិតរបស់ពួកគេ ខណៈគ្រួសារមិនមានលទ្ធភាពព្យាបាលនៅមន្ទីរពេទ្យឯកជន៕
អានអត្ថបទ៖ រឿងរ៉ាវ ប៊ុត សីហា ឆ្មើងឆ្មៃមិនគោរពការងារ ប្រភពថាទះដៃតែម្ខាងមិនឮ
អានអត្ថបទ៖ ការស្លៀកពាក់ ឈុន វីរៈកោសល្យ សង្ហាយ៉ាងណារហូតឈ្នះពាននៅម៉ាឡេស៊ី?
អត្ថបទ៖ សំ ជំនាញ
រូបថត៖ ផ្ដល់ឱ្យ