អេឡិច ហ្សូរ៉ា មានឱកាសទៅដល់ប៉ូឡូញ
តារាសម្ដែង អេឡិច ហ្សូរ៉ា បានប្រាប់ Sabay ឲ្យដឹងថា ពេលនេះលោក និងយុវជនខ្មែរ ៣០ នាក់ទៀត បានស្ថិតនៅក្នុងប្រទេសប៉ូឡូញដើម្បីធ្វើទស្សនកិច្ចផ្លូវការរយៈពេល ២ សប្ដាហ៍។
" World Youth Day 2016 ឬប្រជុំយុវជនពិភពលោក" ដែលរៀបចំបីឆ្នាំម្ដង ហើយក៏ជាកម្មវិធីដែលធ្វើឲ្យបុរសវ័យ ២៧ ឆ្នាំខាងលើមានឱកាសបានទៅដល់ប្រទេសក្នុងតំបន់អឺរ៉ុបមួយនោះ។ លោកបានប្រាប់បន្តទៀតថា "បងមកនេះមានរយៈពេល ២ អាទិត្យ ហើយកិច្ចប្រជុំធ្វើឡើងនៅទីក្រុង Kraków ១ អាទិត្យ និងបន្តទៅទីក្រុងមួយទៀតឈ្មោះ Kielce ”។
ហ្សូរ៉ា បានបញ្ជាក់ពីមូលហេតុ ដែលធ្វើឲ្យលោកមកធ្វើការ ក៏ដូចជាដើរលេងនៅទីនោះបានថា ព្រោះតែលោកជាសមាជិកកាតូលិកក្នុងប្រទេសកម្ពុជា ហើយកម្មវិធីនេះ រៀបចំឡើងដើម្បីជួបជុំអ្នកកាតូលិកទាំងអស់នៅលើពិភពលោក។ ដោយឆ្នាំនេះ មានអ្នកចូលរួមលើសពី ២លាននាក់ ចំណែកការចាយវាយ គឺខាងសមាគមជាអ្នកចំណាយទាំងអស់។
តួប្រុសក្នុងរឿង "ទេសចរណ៍ឋាននរក” បញ្ជាក់ថា លោកធ្លាប់បានទៅចូលរួមកម្មវិធីបែបនេះក្រៅប្រទេសបានច្រើនដែរដូចជា ទីក្រុង Madrid ប្រទេសអេស្ប៉ាញ ហ្វីលីពីន និងមានប្រទេសជាច្រើនទៀត។ លោកបានចេញដំណើរពីប្រទេសកម្ពុជាតាំងពីថ្ងៃ ១៨ ខែ កក្កដា ដោយគ្រាន់តែចំណាយពេលជិះយន្តហោះជិត ២ ថ្ងៃ ហើយថ្ងៃទី ០១ ខែសីហា ទើបត្រឡប់មកវិញ៕
អត្ថបទ៖ទ្រី រ៉ាវី
រូបភាព៖ផ្ដល់ឲ្យ