• 2018-02-13 08:46:14
  • ព័ត៌មាន

បើពិសេសម្ល៉ឹងៗ ឆាយ វីរៈយុទ្ធ ម៉េចនឹងដាច់ចិត្តចាកចេញពី​សាន់ដេ

  • 2018-02-13 08:46:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លើយ​តប​នឹង​មតិ​លើក​ឡើង​មួយ​ចំនួន​ថា លោក​អាច​នឹង​ចាក​ចេញ​ទៅ​កាន់​ផលិតកម្ម​ផ្សេង ជា​ពិសេស ហង្សមាស ដែល​តារា​សាន់ដេ​ជា​ច្រើន​រូប​បាន​ចាក​ចេញ​ទៅ​កាន់​ផលិតកម្ម​ដ៏​ធំ​មួយ​នេះ តែ​យ៉ាង​ណា​លោក ឆាយ វីរៈយុទ្ធ បាន​បញ្ជាក់​ថា ត្រឹម​ម៉ោង​នេះ​ថ្ងៃនេះ សាន់ដេ គឺ​ជា​ទ្រនំ​ដ៏​សុខសាន្ត​បំផុត​សម្រាប់​ខ្លួន ដែល​មិន​អាច​ចាក​ចេញ​បាន​ទេ។

តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ បន្ត​ថា ភាព​ស្រស់​ថ្លា និង​សប្បាយ​រីក​រាយ​​ក្នុង​ទ្រនំ​សាន់ដេ ធ្វើ​ឲ្យ​លោក​មិន​ចង់​ចាក​ចេញ ទៅ​កាន់​ផលិតកម្ម​ណាមួយទៀត​នោះ​ទេ។ ភាព​សប្បាយ​រីករាយ ដោយសារ​លោក កំពុង​មាន​បទ​ចម្រៀង​ផ្ទុះ​ជា​ច្រើន​ក្នុង​ផលិតកម្ម​មួយ​នេះ នា​ចុង​ឆ្នាំ​២០១៧ និង​ដើម​ឆ្នាំ​២០១៨ ហើយ​លោក​កំពុង​ពង្រឹង​ខ្លាំង​ថែម​ទៀត ដើម្បី​ផ្គាប់​ចិត្ត​អ្នក​គាំទ្រ។

ទោះ​ជា​យ៉ាង​ណា​ក្ដី អតីត​តារា​ចម្រៀង M និង Bigman បាន​បញ្ជាក់​ថា អាច​នឹង​ប្រែប្រួល​ខ្លះៗ ដោយ​មិន​អាច​មើល​ឃើញ​នោះ​ទេ សម្រាប់​ការ​ផ្លាស់ប្ដូរ​ទ្រនំនា​ថ្ងៃ​អនាគត។ ក៏​ប៉ុន្តែ​សម្រាប់​ពេល​នេះ លោក​ចង់​ផ្ដោត​តែ​លើ​ផលិតកម្ម សាន់ដេ មួយ​តែ​ប៉ុណ្ណោះ។

លោក ឆាយ វីរៈយុទ្ធ សង្កត់​ធ្ងន់​ថា ការ​ចាក​ចេញ​របស់​តារា​ចម្រៀង​មួយ​ចំនួន​ពី​សាន់ដេ ទៅ​កាន់​ផលិត​កម្ម​ផ្សេង ក៏​ជា​ឱកាស​សម្រាប់​ខ្លួន ដើម្បី​អាច​ក្រសោប​ទីផ្សារ​ចម្រៀង​បាន​ខ្ពស់​ថែម​មួយ​កម្រិត​ទៀត។ ជាក់​ស្ដែង​មួយ​រយៈ​កន្លង​មក​នេះ​លោក​ទទួល​ស្គាល់​ថា ទីផ្សារ​ចម្រៀង​របស់​លោក​ពិត​ជា​មាន​ការ​រីក​ចម្រើន​ខ្លាំង​មែន។

តារាចម្រៀង ឆាយ វីរៈយុទ្ធ និងភរិយា

ទន្ទឹម​នឹង​ភាព​សប្បាយ​រីករាយ​នឹង​ទីផ្សារ​ចម្រៀង​កើន​ឡើង លោក ឆាយ វីរៈយុទ្ធ ក៏​មិន​ភ្លេច​ពី​ការ​ពង្រឹង​យុទ្ធសាស្ត្រ​បន្ថែម​ដែរ ដូច​ជា​ចង្វាក់​រាំ និង​ចម្រៀង​បែប​ញាក់​កន្ត្រាក់​អារម្មណ៍ ដែល​កំពុង​ទទួល​ការ​គាំទ្រ​ខ្លាំង នៅ​តាម​កម្មវីធី​ប្រគំ​តន្ត្រី​នានា។

ក្រោយ ខេមរៈ សិរីមន្ត ចេញ​ពី​ផលិតកម្ម សាន់ដេ លោក ឆាយ វីរៈយុទ្ធ ត្រូវ ទស្សនិក​ជន​មើល​ឃើញ​ថា គឺ​ជា​តារា​ចម្រៀង​លេចធ្លោ​ខ្លាំង នា​ចុង​ឆ្នាំ​២០១៧ និង​ដើម​ឆ្នាំ​២០១៨​នេះ ព្រោះ​តែ​បទ​ចម្រៀង​ជា​ច្រើន កំពុង​ទាក់​ទាញ​ការ​គាំទ្រ​ពី​ទស្សនិក​ជន ធ្វើ​ឱ្យ​ទីផ្សារ​របស់​ហក់​ឡើង​ខ្លាំង។ ម្យ៉ាង​ទៀត​ទន្ទឹម​ទីផ្សារ​ចម្រៀង​ពុះ​កញ្រ្ជោល​ឡើង ថ្មីៗ​នេះ​លោក​ទើប​ក្លាយ​ជា​ទូត​សុឆន្ទៈ​របស់​ក្រុមហ៊ុន​ឡាន Chevrolet ដែល​ជា​ឡាន​ល្បី​ឈ្មោះ​របស់​សហរដ្ឋ​អាមេរិក ហើយ​ធ្វើ​ឱ្យ​លោក​ទទួល​បាន​កម្រៃ​ពី​ការ​ឈរ​ឈ្មោះ​នេះ​ជិត ១០ម៉ឺន​ដុល្លារ៕

អត្ថបទៈ ចរិយា

មតិយោបល់