• 2018-07-21 06:12:06
  • ព័ត៌មាន

ឈិន ឡុង រិះ​គន់​តារា​​ក្មេង​ៗ​ជំនាន់​ក្រោយ​ចំ​ៗ ថា​មាន​អត្តចរិត​មិន​ល្អ​អំឡុង​ពេល​ធ្វើការ

  • 2018-07-21 06:12:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៩ ខែ​កក្កដា​នេះ តារា​សម្ដែង​ចិន​ដ៏​ល្បី​ឈ្មោះ Jackie Chan (ឈិន ឡុង) បាន​ធ្វើ​កិច្ច​សម្ភាសន៍​ខ្លី​មួយ​ជាមួយ​អ្នក​សារព័ត៌មាន។​ ក្នុង​កិច្ច​សម្ភាសន៍​នោះ​ដែរ តារា​សម្ដែង​រូប​នេះ បាន​និយាយ​រិះគន់​តារា​សម្ដែង​វ័យ​ក្មេង​មួយ​រូប​ដែល​ធ្វើ​អត្តចរិត​មិន​ល្អ​អំឡុង​ពេល​កំពុង​បំពេញ​ការងារ។

តារា​សម្ដែង ឈិន ឡុង​បាន​និយាយ​ថា មាន​តារា​សម្ដែង​វ័យ​ក្មេង​ជា​ច្រើន ចូលចិត្ត​ចាំ​ឲ្យ​តែ​ដល់​ម៉ោង​បាន​លេង​ទូរស័ព្ទ ត្រឡប់​ទៅ​បន្ទប់​វិញ ចូល​ក្នុង​ឡាន ឬ​ក៏​ទៅ​ណា​ក៏​មិន​ដឹង ស្រាប់​តែ​បាត់​ខ្លួន​តែ​ម្ដង។ តារា​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "អំឡុង​ពេល​កំពុង​ថត គេ​បាន​ទុក​ទូរស័ព្ទ​ចោល​ហើយ​ទៅ​ថត ប៉ុន្តែ ក្រោយ​អ្នក​ដឹក​នាំ​រឿង​បាន​ស្រែក​ថា "Cut” ភ្លាម គេ​ឱន​ក្បាល​គោរព ហើយ​ទៅ​កាន់​ទូរស័ព្ទ​ចុច​ភ្លែត។ អាកប្បកិរិយា​នេះ​គឺ​មិន​ល្អ​ទាល់​តែ​សោះ​អំឡុង​ពេល​បំពេញ​ការងារ។ ពេល​ខ្លះ ខ្ញុំ​ពិត​ជា​​ទប់​អារម្មណ៍​មិន​ចង់​បាន ចង់​តែ​ប្រកាស​ឈ្មោះ​របស់​គេ​ជា​សាធារណៈ​នោះ​ទេ" តែ​ចុង​​ក្រោយ លោក​ក៏​បាន​ទុក​រូប​របស់​តារា​សម្ដែង​នោះ​ចុះ​វិញ ដោយ​មិន​បាន​បង្ហាញ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ឡើយ។

ជាមួយ​នឹង​បទ​ពិសោធ​រាប់​ឆ្នាំ​របស់​លោក​ក្នុង​វិស័យ​មួយ​នេះ តារា​សម្ដែង Jackie Chan បាន​និយាយ​ថា អំឡុង​ពេល​សម្រាក​ពី​ការ​ថត​ភ្លាម លោក​តែង​តែ​អាន​ប៉ារូល ហើយ​ពិភាក្សា​គ្នា​​រក​វិធី​សាស្ត្រ​ដើម្បី​ទន្ទេញ​ឲ្យ​ឆាប់​ចាំ រួម​នឹង​សិក្សា​ពី​ជ្រុង​នៃ​កាមេរ៉ា​ដើម្បី​ថត​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ។ ហេតុ​ដូច​នេះ​ហើយ ទើប​រាល់​ការ​សម្ដែង​របស់​លោក មិន​ដែល​ត្រូវ​ការ​តួអង្គ​ជំនួស​នោះ​ទេ។ មួយ​វិញ​ទៀត លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា លោក​បាន​ផ្ដល់​ជា​ដំបូន្មាន​ដល់​តារា​សម្ដែង​ក្មេង​ជំនាន់​ក្រោយ កុំ​ឲ្យ​ឧស្សាហ៍​ទៅ​បន្ទប់ ឬ​ក៏​ចុច​ទូរស័ព្ទ​ច្រើនពេក​អំឡុង​ពេល​ធ្វើការ ប៉ុន្តែ​ពួក​គេ​ទាំង​នោះ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​សម្ដី​លោក​នោះ​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម