• 2018-08-07 02:46:18
  • ព័ត៌មាន

កន្លងទៅ ១១ឆ្នាំ តួធំៗក្នុងរឿង "Coffee Prince" ប្រែប្រួលយ៉ាងណា និងធ្វើអ្វីខ្លះពេលនេះ?

  • 2018-08-07 02:46:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទើរ​មិនគួរ​ឲ្យ​ជឿ​ ខ្សែភាពយន្ត​ "Coffee Prince” មាន​អាយុ​កាល​ជាង​ ១១​ឆ្នាំ​ទៅ​ហើយ​ក្នុង​ឆ្នាំ​ថ្មី។ ភាពយន្ត​ដែល​មាន​គ្រប់​រសជាតិ​ និង​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​របស់​បុរស​នារី​ ២​នាក់​ដែល​មាន​ចំពោះ​គ្នា​មួយ​នេះ​តែង​ដក់​ក្នុង​បេះដូង​អ្នក​គាំទ្រ​ជានិច្ច។

កន្លង​ហួស​ទៅ​ ១​ទសវត្ស​ជាង​ទៅ​ហើយ​នេះ​ តើ​តួ​ប្រុស​ស្រី​សំខាន់ៗ​ក្នុង​រឿង​ប្រែប្រួល​រូបរាង​យ៉ាងណា​ និង​កំពុង​ធ្វើ​អ្វី​នាពេល​បច្ចុប្បន្ន?

១. តារាសម្ដែង​ Gong Yoo

ក្នុង​រឿង​ តារា​ប្រុស​រូបនេះ​សម្ដែង​ជា​តួ​ Choi Han Gyul និង​ជាម្ចាស់​​ហាង​កាហ្វេ​រូបសង្ហា​ដែល​ទាក់ចិត្ត​នារី​ជា​ច្រើន​ឲ្យ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ដក​ចិត្ត​មិន​រួច។ កាល​ពី​អំឡុង​ពេល​ថត​រឿង​នេះ​ Gong Yoo មាន​វ័យ​ ២៨​ឆ្នាំ​ ហើយ​ឈាន​មក​ទល់​ពេល​បច្ចុប្បន្ន​លោក​ឈាន​ចូល​អាយុ​ ៤០​ឆ្នាំ​ហើយ ប៉ុន្តែ​រូបរាង​រឹត​តែ​សង្ហា​ហំហាន​ជាង​ពីមុន​ទៅ​ទៀត។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ Gong Yoo ទទួល​បាន​ភាព ជោគជ័យ​ជាហូរហែ​ក្រោយ​បង្ហាញ​ខ្លួន​ក្នុង​ភាពយន្ត​ល្បី​ដួចជា ​”Goblin” និង​ “Train to Busan” ជាដើម។

២. តារាសម្ដែង​ Yoon Eun Hye

តារា​ស្រី​ដែល​​ប្រសព្វ​ខាង​ដើរ​តួ​ក្រមិចក្រមើម​រូបនេះ​ ដើរ​តួ​ជា​នារី​ម្នាក់​រៀបចំ​ខ្លួន​ជា​មនុស្ស​ប្រុស​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ប្រកបរបរ​ចិញ្ចឹម​គ្រួសារ​ មាន​ឈ្មោះ​ Go Eun Chan។ ក្នុង​រឿង​នេះ​ Eun Hye ត្រូវ​កាត់​សក់​ខ្លី​ និង​រៀបចំ​ខ្លួន​យ៉ាង​ណា​ឲ្យ​ដូច​ប្រុស​ សូម្បី​អត្តចរិត​ជា​ដើម។ ត្បិត​កន្លង​ហួស​ទៅ​ជា​ច្រើន​ឆ្នាំ​ ប៉ុន្តែ​តារាស្រី​រូប​នេះ​នៅតែ​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ​ ទាំង​ដែល​ពេល​នេះ​នាង​មាន​អាយុ​ ៣៣ឆ្នាំ​ក៏ដោយ។

នាង​នឹង​វិល​​មក​វិថី​សម្ដែង​ជា​ថ្មី​ក្រោយ​បាត់​មុខ​ជាយូរ​ តាមរយៈ​រឿងភាគ​មាន​ចំណង​ជើង​ថា ​"Love Watch”។

៣. តារាសម្ដែង​ Lee Sun Gyun

Sun Gyun ដែល​ដើរជា​តួ​សំខាន់​ម្នាក់​បន្ទាប់​ពី​តួ​ឯក​ក្នុង​រឿង​នេះ​ដែរឈ្មោះ​ Choi Han-Sung ​ជា​អ្នក​ធ្វើ​ភ្លេង​ម្នាក់​ដែល​ជាមនុស្ស​ទន់ភ្លន់​ និង​ចិត្ត​ល្អ​ម្នាក់។

បច្ចុប្បន្ន​តារា​ប្រុស​វ័យ​ ៤៣ឆ្នាំ​រូបនេះ​មមាញឹក​ច្រើន​ក្នុង​ការ​សម្ដែង​ខ្សែភាពយន្ត​ភាគ​មាន​ចំណង​ជើង​ថា "My Mister”។

៤. តារា​សម្ដែង​ Chae Jung An

ក្នុង​រឿង​​នេះ​ Jung Ah មាន​ឈ្មោះ​ថា​ Han Yoo Joo ជា​ស្នេហា​គ្រាដំបូង​របស់​តួឯក​ប្រុស​ ប៉ុន្តែ​ដោយ​សារ​ភាព​មិនចុះ​សម្រុង​គ្នា​ទើប​ពួកគេ​មិនអាច​ទាក់ទង​ក្នុងន័យ​ស្នេហា​ ក្រៅ​ពី​ធ្វើ​ជា​មិត្ត​ល្អ​នឹង​គ្នា​វិញ។ តារា​ស្រី​រូបនេះ​តែង​លេច​មុខ​ជា​រឿយៗ​ក្នុង​រឿង​ភាគ​កូរ៉េ​ជា​ច្រើន​ បន្ទាប់ពី​រឿង​ "Coffee Prine”។

ដោយឡែក​ឈាន​ចូល​ឆ្នាំ ២០១៨​នេះ​ តារា​ស្រី​វ័យ​ ៤០​ឆ្នាំ​ Jung An ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​រឿង​ "Suits” របស់​ប៉ុស្តិ៍​ KBS2 ដែរ។

៥. តារាសម្ដែង​ Kim Chang Wan

កន្លង​ទៅ​ ១១​ឆ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែ​តារា​សម្ដែង​ជើង​ចាស់​វ័យ​ ៦៤​ឆ្នាំ​ Chang Wan នៅ​តែ​មិន​ប្រែប្រួល​ មិនចាស់​ទៅ​តាម​វ័យ​នោះ​ទេ។

៦. តារាសម្ដែង​ Kim Dong Wook

ត្បិត​ក្នុង​រឿង​ តួ​ប្រុស​ Jin Ha Lim សម្ដែង​ជា​តួ​អ្នក​បម្រើ​ម្នាក់​ក្នុង​ហាង​កាហ្វេ ប៉ុន្តែ​ក៏​បាន​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ប្រជាប្រិយភាព​ និង​មានការ​គាំទ្រ​មិនធម្មតា​ដែរ។

បច្ចុប្បន្ន​ Dong Wook មាន​អាយុ​ ៣៥ឆ្នាំ កំពុង​ល្បី​ឈ្មោះ​ពេល​បង្ហាញ​ខ្លួន​ក្នុង​រឿង​ ”Along with The Gods: The Two Worlds” និង​"Along With the Gods: The Last 49 Days”។

៧. តារាសម្ដែង​ Kim Jae Wook

ងាក​មក​តួ​ចុង​ភៅ​មុខមាន​មន្តស្នេហ៍​ No Seon Ki នេះ​វិញ​ក៏​ទាក់ភ្នែក​​ទស្សនិកជន​ខ្លាំង​ដៃ​ដែរ ក្នុង​រឿង​ "Coffee Prince”។ មក​ដល់​សព្វថ្ងៃ​ លោក​មាន​អាយុ​ ៣៥​ឆ្នាំហើយ​ តែ​នៅ​តែ​សង្ហា​បែប​បុរស​វ័យ​កណ្ដាល​មិនចាញ់​ពីក្មេងទេ។

៨. តារាសម្ដែង​ Lee Eon

អ្នក​បម្រើ​ក្នុង​ហាងកាហ្វេ​ម្នាក់​នេះ​ ក៏​ស្ថិត​ក្នុង​អារម្មណ៍​អ្នក​មើល​ដែរ​រហូត​ទល់​បច្ចុប្បន្ន​ ដោយសារ​ភាព​ក្រមិចក្រមើម​ និង​ទឹកមុខ ព្រមជាមួយ​កាយវិការ​បែប​កំប្លែង​របស់​តួ​ Hwang min Yeom។ ជារឿង​សោកស្ដាយ​បំផុត​ តារា​ប្រុស​ដែល​មាន​ឈ្មោះពិត​ Lee Eon នេះ​បាន​ទទួល​មរណភាព​ទៅហើយ​ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ ២០០៨ មានន័យថា​ក្រោយ​សម្ដែង​រឿង​បាន​​១​ឆ្នាំ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម