• 2018-11-07 03:27:53
  • ព័ត៌មាន

​បើ​ធ្វើ​តាម​បាន​ដូច ខាត់ សុឃីម ពិត​ល្អ​សម្រាប់​ខ្លួន​ឯង និង​ពិត​ជា​ជោគជ័យ​ទៅ​ថ្ងៃ​មុខ

  • 2018-11-07 03:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រជាប្រិយ ខាត់ សុឃីម ដែល​ប្រិយមិត្ត​មើល​ឃើញ​ថា រវល់​គ្រប់​ផ្លូវ​នោះ បាន​ប្រាប់​ថា តាំង​ពី​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន នាង​មាន​វិន័យ​ផ្ទាល់ខ្លួន​មួយ គឺ​មិន​ខ្ជះខ្ជាយ​ពេល​វេលា ដោយ​ឲ្យ​កន្លង​ផុត​ទៅ​ដោយ​ឥត​ប្រយោជន៍​នោះ​ទេ។

អ្នក​នាង ខាត់ សុឃីម លើក​ឡើង​ថា មនុស្ស​យើង​ម្នាក់ មាន​ពេល​វេលា​មិន​ច្រើន​ទេ ដូច្នេះ​ហើយ អំឡុង​ពេល​ឱកាស​កំពុង​ហុច​ឲ្យ​ហើយ កម្លាំង​នៅ​មាន អ្វី​ដែល​នាង​អាច​ធ្វើ​បាន គឺ​នាង​នឹង​ធ្វើ​ដោយ​មិន​ស្ទាក់​ទេ។ ទន្ទឹម​នឹង​ការ​ថ្លែង​បែប​នេះ គណៈកម្មការ The Voice Kid Cambodia 2 ត្រូវ​បាន​គេ​កត់​សម្គាល់​ថា នាង​កម្រ​នឹង​មាន​ឱកាស​ជួប​ជុំ​ជាមួយ​មិត្តភ័ក្ដិ ធ្វើ​សកម្មភាព​សប្បាយ​ៗ​តាម​រូប​ភាព​ផ្សេង​ៗ​ណាស់។

ផ្ទុយ​ទៅ​វិញ ក្រៅ​ពី​សិល្បៈ​ នាង​បាន​ស្ទុះស្ទារ​ទៅ​ធ្វើ​ការងារ​ខាង​ក្រៅ​ជា​ច្រើន​ទៀត ក្នុង​នោះនាង​កំពុង​រវល់​ពន្លឿន​ការ​សាងសង់​សំណង់​ផ្ទះ​ជួល​របស់​នាង​ដែល​មាន​ជាង ៥០បន្ទប់​ ធ្វើ​ស្ទូឌីយ៉ូ ធ្វើ​ជា​អ្នក​រកស៊ី​លក់ និង​កួកជេ​អចលនទ្រព្យ និង​លក់​សេវា​ធានា​រ៉ាប់រង​ជីវិត​ថែម​ទៀត។

ដោយ​ឡែក​ការងារ​សិល្បៈ​វិញ រាល់​ថ្ងៃ​នាង​កំពុង​មមាញឹក​នឹង​ការងារ​ច្រៀង​ការ កាត់​សក់ ធ្វើ​ជា​គណៈកម្មការ​ការ​ប្រឡង​ចម្រៀង​កុមារ​លំដាប់​ពិភព​លោក​របស់​ទូរទស្សន៍​ហង្សមាស ថត​រឿង ជាក់​ស្ដែង​ក្រោយ​ពី​បញ្ចប់​រឿង "បិសាច​គួរ​ឲ្យ​ស្រឡាញ់" នាង​ក៏​កំពុង​ថត​ភាពយន្ត​មួយ​រឿង​ទៀត ដឹក​នាំ​ដោយ​លោក កៅ សីហា គឺ​រឿង "អាពាហ៍ពិពាហ៍​ចៃដន្យ" និង​មាន​រឿង​ថ្មី​មួយ​ទៀត ត្រៀម​ថត​បន្ទាប់​ពី​រឿង​នេះ។

ភរិយា លោក អ៊ិន ផានូ ហៅ បញ្ញា បាន​លើក​ឡើង​​ថា រាល់​ថ្ងៃ​ នាង​មាន​ការងារ​ច្រើន រហូត​រក​ពេល​ទំនេរ​មិន​ឃើញ​ពិត​មែន។ "ដូច​និយាយ​អីចឹង បើ​យើង​បោះបង់​ចោល​ពេលវេលា​របស់​យើង មិន​រក​អី​ជា​ប្រយោជន៍ ឲ្យ​ខ្លួន​យើង ក្រុម​គ្រួសារ ឬ​សង្គម​ជាតិ​ទេ ថ្ងៃ​ក្រោយ​យើង​នឹង​ស្ដាយ​ក្រោយ។ អីចឹង​ការងារ​ខ្ញុំ​រាល់​ថ្ងៃ គឺ​ខ្ញុំ​គិត​យ៉ាង​ម៉េច​ថា អោយ​តែ​កង់​ឡាន​វិល គឺ​មាន​លុយ​ចូល​ផ្ទះ​អីចឹង​ណា!”។ សុឃីម ថ្លែង។

ដោយ​សារ​តែ​បែប​នេះ តារា​ប្រជាប្រិយ​ដដែល បញ្ជាក់​ថា រាល់​ថ្ងៃ​នាង​មិន​សូវ​មាន​ពេល​ជួប​ជុំ​ផឹកស៊ី​អី​ទេ ម្យ៉ាង​នាង​ក៏​មិន​សូវ​ចូល​ចិត្ត​ទម្លាប់​នេះ​ដែរ ព្រោះ​នាង​ស្ដាយ​ឱកាស ស្ដាយ​​ពេល​វេលា និង​មាន​រឿង​ត្រូវ​ទទួល​ខុស​ត្រូវ​ច្រើន​ទៀត។ នេះ​មិន​ទាន់​និយាយ​ដល់​ការងារ​ចេញ​ទៅ​ច្រៀង​សម្ដែង​នៅ​បរទេស​ផង។

ខាត់ សុឃីម ប្រាប់​ថា មាន​អ្នក​ទាក់​ទង​ទៅ​សម្ដែង​នៅ​បរទេស​ច្រើន ប៉ុន្តែ​រវល់​នឹង​ការងារ​ក្នុង​ស្រុក​ច្រើន​ទាំង​សិល្បៈ ទាំង​ការងារ​ផ្ទាល់​ខ្លួន ពិសេស​ការ​ច្រៀង​ការ ដែល​នាង​មាន​ក្រុម​តន្ត្រី​សម្រាប់​លេង​តាម​ពិធី​មង្គល បុណ្យ​ទាន​នានា​នោះ គឺ​មិន​ទាន់​អាច​ដក​ខ្លួន​ទៅ​បាន​ទេ។ "ឥឡូវ​នេះ ទៅ​ណា​មិន​រួច​ទេ រដូវ​ការ​មក​ដល់​ទៀត​ហើយ អីចឹង​ដើរ​ចោល​មិន​កើត ព្រោះ​យើង​មាន​ក្រុម មាន​សមាជិក​ច្រើន បើ​ទៅ​ចោល​ពួក​គាត់ គឺ​មិន​កើត អីចឹង​មិន​ទាន់​អាច​ទៅ​បាន​ទេ!”។

សិល្បករ​ពហុ​ជំនាញ​ប្រាប់​ថា បន្ទាប់​ពី​ផុត​រដូវ​កាល​ការ​ ដែល​រវល់​ប៉ុន្មាន​ខែ​នេះ នាង​នឹង​រៀប​ចំ​ខ្លួន​សម្រាប់​បេសកកម្ម​បរទេស​ ដើម្បី​ជួប​ជុំ​បង​ប្អូន​នៅ​នាយ​សមុទ្រម្ដង៕

អត្ថបទ៖ ទារិកា

មតិយោបល់