• 2018-12-15 00:54:26
  • ព័ត៌មាន

អបអរសាទរ ព្រំ សិលា ក្លាយជាប្រធានសមាគមភាពយន្តកម្ពុជា ខណៈ លៀក លីដា ជាអនុប្រធាន

  • 2018-12-15 00:54:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​លោក ឆាយ បូរ៉ា ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​សមាគម​ភាព​យន្ត​កម្ពុជា​ដោយ​មូល​ហេតុ​សុខភាព​ និង​មាន​ភារកិច្ច​ផ្ទាល់​ខ្លួន​ត្រូវ​បំពេញ​ជា​ចាំបាច់​រួច​មក​សមាគម​ភាព​យន្ត​បាន​ធ្វើ​​​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​ប្រធាន​ និង​អនុប្រធាន​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨​ កន្លង​ទៅ​ក្រោម​អធិបតីភាព​ឯក​ឧត្តម ស៊ិន ចាន់សៃយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ។​

លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជាលាលែងពីតំណែង

បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​សមាគម​ភាព​យន្ត​ឲ្យ​ដឹង​ថា បេក្ខភាព​ដែល​ឈរ​ឈ្មោះ​បោះ​ឆ្នោត​​មាន​ចំនួន​៥រូប​មក​ពី​ស្ថាប័ន​ដែល​​ទាក់​ទង​នឹង​វិស័យ​ភាព​យន្ត​​រួម​មាន​៖

១. លោក ជុំ សុភា ម្ចាស់​ផលិតកម្ម​រាហ៊ូ ២. លោក លៀក លីដា ម្ចាស់​ផលិតកម្ម​ LD Pictures ៣. លោក អ៊ិន សុភិន ម្ចាស់​ផលិតកម្ម​មហាហង្ស ៤. លោក ហ៊ុយ យ៉ាឡេង ម្ចាស់​ផលិតកម្ម​មាតុចក្រ ៥. លោកព្រំ សិលា ម្ចាស់​ក្រុមហ៊ុន​ចែក​ចាយ​ភាពយន្ត​ ឯករាជ្យ។

លោក ព្រំ សិលា ប្រធានសមាគមភាពយន្តថ្មី

ឆ្លង​តាម​របៀបវារៈ​​នៃ​ការ​បោះ​ឆ្នោត​​របស់​អង្គ​ប្រជុំ​​​រួច​មក​​ឃើញ​ថា​​លទ្ធផល​បាន​​ទៅ​លើ​លោក ព្រំ សិលា ជា​ប្រធាន​សមាគម​ភាពយន្ត​ថ្មី​​ដោយ​​មាន​សំឡេង​គាំទ្រ​ ១២ លើ​១៨​សំឡេង ខណៈ​លោក លៀក​ លីដា ម្ចាស់​ផលិតកម្ម​LD ជា​អនុ​ប្រធានសមាគមភាពយន្ត​ថ្មី។

លោក លៀក លីដា អនុប្រធានសមាគមភាពយន្តថ្មី

គួរ​រម្លឹក​ថា​លោក ព្រំ សិលា ដែល​ជាប់​ឆ្នោត​ជា​ប្រធាន​សមាគម​ភាព​យន្ត​ថ្មី​នេះ​លោក​គឺ​ជា​អ្នក​ចែក​ចាយ​ និង​ផ្សព្វផ្សាយ​ភាពយន្ត​ក្នុង​ស្រុក​​ដ៏​ល្បី​ឈ្មោះ​​មួយ​រូប​មាន​ដូច​ជា​រឿង “ធ្មប់” “កំពូល​អ្នក​ថត​រូប​Selfie” “វិប្បលាស”​ “បាត​ដៃ​ខ្មៅ” និង​រឿង “ស្នូរ​ជើង​អ្នក​ណា” ជា​ដើម។ ឯ​លោក លោក លៀក លីដា ​ទើប​តែ​ទទួល​បាន​តំណែង​ជា​អនុប្រធាន​ថ្មី​លោក​គឺ​ជា​ម្ចាស់​ផលិតកម្ម​LD Pictures ដែល​ជា​ផលិតកម្ម​មួយ​​ផលិតកម្មភាព​យន្ត​​ខ្នាត​ធំ​បាន​​ច្រើន​ជាង​គេ​ជា​រៀង​រាល់​ឆ្នាំ៕​

សកម្មភាពប្រជុំពេលបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានសមាគមភាពយន្តកម្ពុជា

រូបថត៖ពីផេក សមាគមភាពយន្តកម្ពុជា ​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម