• 2019-01-05 03:17:06
  • ព័ត៌មាន

កប់​ៗ​បាត់ គម្រោង​ផ្លាស់​ប្ដូរ​ទីតាំង​ផ្សារ​បន្លែ​ពី​ផ្សារ​ដើម​គ​របស់​រាជរដ្ឋាភិបាល ធ្វើ​ឲ្យ ខាត់ សុឃីម គ្រប់​ទឹក

  • 2019-01-05 03:17:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាត់ សុឃីម ដែល​គេ​ដឹង​ថា​មាន​ទ្រព្យ និង​អចលនទ្រព្យ​ជា​ច្រើន​នោះ ចាប់​ផ្ដើម​មាន​ទឹក​មាត់​លេប​ថែម​ទៀត បន្ទាប់​ពី​លឺ​ដំណឹង​រាជរដ្ឋាភិបាល ប្រកាស​ពី​គម្រោង​ផ្លាស់​ប្ដូរ​ទីតាំង​ផ្សារ​បន្លែ​ពី​ផ្សារ​ដើម​គ​ទៅ​កាន់​បឹង​តាមោក ជា​ទី​ដែល​នាង​មាន​អចលនទ្រព្យ​មួយ​ចំនួន​នៅ​ទី​នោះ។

តារា​ប្រជាប្រិយ​បាន​បើក​បង្ហាញ​រឿង​នេះ នៅ​លើ​បណ្ដាញ​សង្គម​របស់​នាង​នា​រសៀល​ម្សិលមិញ។ សុឃីម ថា​នាង មាន​ដី​មួយ​កន្លែង​ដែល​មាន​ទំហំ​ជាង ៤០០០ការ៉េ ជា​ដី​ដែល​នាង​បាន​ទិញ​ទុក​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ដោយ​មិន​បាន​នឹក​ស្មាន​ថា វា​នឹង​ត្រូវ​ចំ​គម្រោង​កែ​លម្អ​ក្រុង​របស់​រាជរដ្ឋាភិបាល​នោះ​ទេ។ ស្រាប់​តែ​ពេល​ទទួល​ដំណឹង​ពី​ការ​ផ្លាស់​ប្ដូរ​ទីតាំង​ផ្សារ​ដើម​គ​របស់​ផ្សារ​ដើម​គ​នោះ ធ្វើ​នាង​គ្រប់​ទឹក​តែ​ម្ដង ខណៈ​ដំបូង​ឡើយ​នាង​បាន​ទិញ​ដី​នោះ​ក្នុង​តម្លៃ​ធូរ​ថ្លៃ​ប៉ុណ្ណោះ។

ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី បាន​ចេញ​សេចក្ដី​ប្រកាស​លេខ ៨២៧ សជណ ចុះ​ថ្ងៃ​ទី ០២ សីហា ២០១៨ សម្រេច​​យក​ដី​ទំហំ ២០​ហិកតារ នៅ​បឹង​តា​មោក ស្ថិតនៅ​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ដើម្បី​សាងសង់​ផ្សារ​ផ្គត់ផ្គង់​បន្លែ ផ្លែឈើ និង​ជា​ចំណត​រថយន្ត​ និង​អនុញ្ញាត​ឱ្យ​រើ​ផ្សារ​បន្លែ​ពី​ផ្សារ​ដើម​គ ទៅ​ផ្សារ​ថ្មី​នៅ​បឹង​តា​មោក​វិញ។

ផែនការ​នេះ ធ្វើ​ឲ្យ​អ្នក​មាន​ដី​នៅ​ម្ដុំ​នោះ ចាប់​ផ្ដើម​មាន​សង្ឃឹម​លើ​ផល​ពី​អចលនទ្រព្យ​របស់​ខ្លួន ក្នុង​នោះ​មាន​ទាំង ខាត់ សុឃីម ផង។ បែប​នេះ​ហើយ ទើប​ភ្លាម​ៗ នាង​បាន​ប្រកាស​លក់​ដី​នោះ​តែ​ម្ដង។ សុឃីម បញ្ជាក់​ថា នាង​ត្រូវ​ការ​លុយ​មក​បង្វិល ក៏​ដូច​ជា​យក​ទៅ​វិនិយោគ​លើ​គម្រោង​មួយ​ចំនួន​ទៀត ពិសេស​គឺ​អចលនទ្រព្យ​នេះ​តែ​ម្ដង ស្រប​ពេល​បច្ចុប្បន្ន​នាង​បាន និង​កំពុង​កប់​លុយ​ក្នុង​អចលនទ្រព្យ​មួយ​ចំនួន។

គណៈកម្មការ​កម្មវិធី Cambodia Got Talent 2 ថ្លែង​ថា៖ " ខ្ញុំ​ត្រូវ​ការ​លុយ ទៅ​ធ្វើ​នេះ ធ្វើ​នោះ​ទៀត​ណា ពិសេស​គឺ​វិស័យ​អចលនទ្រព្យ​ហ្នឹង​តែ​ម្ដង ព្រោះ​ឥឡូវ​នេះ​ខ្ញុំ​គិត​ថា វិស័យ​អចលនទ្រព្យ​នេះ​វា​ល្អ​អីចឹង​ណា!”។

ខាត់ សុឃីម សម្រេច​ដាក់​លក់​ដី​ទំហំ ៤០០០ការ៉េ តំបន់​បឹង​តា​មោក​ជិត​គម្រោង​សាង​សង់​ផ្សារ​បន្លែ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​តម្លៃ ១០០ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ។ តាម​ការ​បញ្ជាក់​របស់​ម្ចាស់​អចលនទ្រព្យ​រូប​នេះ ពី​មុន​នាង​ក៏​ធ្លាប់​ដាក់​លក់​ដី​ក្នុង​តំបន់​នោះ​​ដែរ ប៉ុន្តែ​លក់​ក្នុង​តម្លៃ​ផ្សេង ហើយ​ក៏​មាន​គេ​សួរ​នាំ​ច្រើន​ដែរ តែ​ខុស​ត្រូវ​ៗ​គ្នា​តិច​តួច​លើ​តម្លៃ។ បញ្ហា​នេះ នាង​ថា អាច​ថា​កាល​ពី​មុន អ្នក​ទិញ​គិត​មិន​ដល់​ថា​នឹង​មាន​ហាង​ឆេង​ដូច​ជា​ពេល​នេះ។

រូបភាព៖ ហ្វេសប៊ុក ខាត់ សុឃីម

ដូច្នេះ​ហើយ នាង​ថា ដល់​ឥឡូវ​ភ្ជាប់​ជាមួយ​គម្រោង​បង្កើត​ផ្សារ​បន្លែ​ដែល​រើ​ពី​ផ្សារ​ដើម​គ​របស់​រដ្ឋាភិបាល នាង​មាន​ជំនឿ​ថា ម្ចាស់​លុយ​ដែល​ប្រាថ្នា​ដី​នៅ​កន្លែង​នោះ ក៏​ដូច​ជា​ដី​របស់​នាង នឹង​មាន​ចំនួន​ច្រើន៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម