• 2019-02-02 03:02:42
  • ព័ត៌មាន

អស្ចារ្យ​មែន! មុន​ថ្ងៃ​ខួប​កំណើត​មក​ដល់​ថ្ងៃ​នេះ សុឃីម សម្រេច​បាន​សមិទ្ធផល​គ្រាក់ៗ​ជា​ច្រើន

  • 2019-02-02 03:02:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាត់ សុឃីម បាន​ឈាន​ដល់​វ័យ ៤០​ឆ្នាំ​ហើយ គិត​ត្រឹម​ថ្ងៃ​ទី ២ ខែ​កុម្ភៈ ២០១៩ នេះ​ហើយ ដោយ​ក្នុង​នោះ ពិត​មិន​ធម្មតា​ឡើយ នាង​សម្រេច​បាន​សមិទ្ធផល​ធំ​ៗ​មួយ​ចំនួន រាប់​ចាប់​តាំង​ពី​ចុង​ឆ្នាំ ២០១៨ មក​ដល់​ដើម​ឆ្នាំ ២០១៩​នេះ ជា​កាដូ​សម្រាប់​ថ្ងៃ​ពិសេស​របស់​ខ្លួន។

១.រថយន្ត​ស៊េរី​ប្រណិត Mercedes Benz៖ សុឃីម ទើប​បាន​ទិញ​ចូល​រថយន្ត​ប្រណិត Mercedes Benz ដ៏​ប្រណិត​មួយ​គ្រឿងស៊េរី​ឆ្នាំ ២០១៥ ដែល​ទើប​នឹង​មក​ដល់​នា​ថ្ងៃ​ម្សិលមិញ​ប៉ុណ្ណោះ ក៏​ជា​ថ្ងៃ​ដែល​នាង​បើ​គម្រោង​ជំនួញ​ធំ​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​ផង។ តារា​ប្រជាប្រិយ​ប្រាប់​ថា នេះ​ជា​ប្រភេទ​រថយន្ត​ដែល​ស្រឡាញ់​បំផុត និង​កាដូ​របស់​ស្វាមី​នាង​សម្រាប់​ថ្ងៃ​ពិសេស​នេះ។

“ដំបូង​ប្ដី​ខ្ញុំ​គាត់​ចង់​ឲ្យ​ជិះឡិចស៊ីស​ទេ ប៉ុន្តែ​ដើរ​មើល​ច្រើន​ហើយ​មិន​ត្រូវ ក៏​មក​ត្រូវ Mercedes នេះ វា​ស្អាត ទំនើប​ណាស់ ម្យ៉ាង​វា​តូច និង​ទាប​ល្មម​សម​នឹង​ខ្ញុំ រួម​ទាំង​ពណ៌​ផង គឺ​ស្រឡាញ់​ខ្លាំង​ហ្មង!”។ Mercedes Benz ស៊េរី​ប្រណិត​របស់ ខាត់ សុឃីម មាន​តម្លៃ ជាង ៧ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

២.ហក់​ចូល​វិនិយោគ​ជំនួញ​អចលនទ្រព្យ​លើក​ដំបូង​បំផុត៖ ខាត់ សុឃីម បាន​ធ្វើ​ឲ្យ​ការ​ចាប់​អារម្មណ៍​ខ្លាំង ក្រោយ​ប្រកាស​បើក​គម្រោង​ដីឡូតិ៍​នៅ​ខេត្ត​ព្រះសីហនុ​នា​ថ្ងៃ​ម្សិលមិញ​នៅ​ភូមិ ឃុំ អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់។ នេះ​ជា​ការ​ឈាន​ជើង​ថ្មី​បំផុត ក្នុង​នាម​ជា​ពាណិជ្ជករ​ដី​ធ្លី​ផ្លូវ​ការ ខណៈ​កន្លង​មក​គេ​ដឹង​ថា នាង​មាន​ដី​ច្រើន​កន្លែង​នៅ​តាម​បណ្ដា​ខេត្ត និង​រាជធានី។

ជំហាន​ថ្មី​នេះ សុឃីម ចាប់​ដៃ​ជាមួយ​មិត្ត​ពី​កុមារភាព​លោក ម៉េន ហ្គានី និង​លោក ឆាយ វីរៈយុទ្ធ ដោយ​បាន​បោះ​ទុន​វិនិយោគ​រួម​គ្នា​ប្រមាណ ២​លាន​ដុល្លារ​អាមេរិក​ឯណោះ។

សុឃីម និង​ដៃគូ​ជំនួញ​ក្នុង​ថ្ងៃ​សម្ពោធ​ម្សិលមិញ

៣.សំណង់​ផ្ទះ​ល្វែង​សម្រាប់​ជួល៖ ងាក​ទៅ​ឆ្នាំ​ចាស់ ដែល​ទើប​ផ្លាស់​ចូល ២០១៩ ថ្មី​ៗ តារា​ស្រី​មក​ពី​ភ្នំបាសិត ក៏​ទើប​នឹង​បង្ហើយ​ការ​សាងសង់​សំណង់​អគារ​ធំ​មួយ​សម្រាប់​ជួល​ផង​ដែរ​នៅ​តំបន់​ស្ទឹង​មាន​ជ័យ។ សំណង់​អគារ​សម្រាប់​ជួល​នេះ ត្រូវ​បាន​បែក​ចែក​ជា​បន្ទប់ៗ សរុប​ទាំង​អស់​មាន​ជាង ៥០បន្ទប់។ តម្លៃ​អគារ មាន​តម្លៃ​ប្រមាណ​ជាង ១០ម៉ឺន​ដុល្លារ​ឯណោះ ប៉ុន្តែ​តម្លៃ​ដី មិន​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​នោះ​ទេ។

ទាំង​អម្បាលមាន​ខាង​លើ មិន​ទាន់​រាប់​បញ្ចូល​ដី​នៅ​បុរី​កាំងម៉េង នៅ​តំបន់​បឹង​តាមោក កំពត ជា​ដើម​ផង ដែល​នាង​ធ្លាប់​បាន​ប្រកាស​លក់​ក្នុង​តម្លៃ​ចាប់​ពី ជាង​១០ម៉ឺន​ដុល្លារ រហូត​ទៅ​ដល់​ជាង ៤០ម៉ឺន​ដុល្លារ​អាមេរិក​នោះ​ផង បូក​រួម​ទាំង​ផ្ទះ និង​ដី​ច្រើន​កន្លែង​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម