• 2019-03-06 08:11:58
  • ព័ត៌មាន

ក្ដៅ!!!...តារា​សម្ដែង​ ចេញ​មុខ​បក​ស្រាយ ក្រោយ​រង​ការ​ព្រមាន​ធ្ងន់​ៗ ពី​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ

  • 2019-03-06 08:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បង្ហោះ​វីដេអូ​ស្លៀកពាក់​របៀប​អ្នក​ទោស​លេង​សើច​លើ​បណ្ដាញ​សង្គម រហូត​ដល់​អ្នក​នាំ​ពាក្យ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ លោក នុត សាវណា ចេញ​ព្រមាន​ចំ​ៗ​ថា​នឹង​ប្រើ​យន្តការ​ផ្លូវ​ច្បាប់​នោះ តារា​សម្ដែង​ជើង​ថ្មី​ម្នាក់ បាន​ចេញ​បក​ស្រាយ​ហើយ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ។

តារា​សម្ដែង​នោះ​មាន​ឈ្មោះ​ថា អ៊ុក សុធារ័ក្ស ជា​តារា​សម្ដែង និង​ដើរ​ម៉ូដ។ សុធារ័ក្ស ចេញ​មុខ​មក​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​ខាង​លើ​បាន​ប្រតិកម្ម​ខ្លាំង​ៗ។ លោក និង​មិត្តភ័ក្ដិ​ទៀត ដែល​មាន​មុខ​ក្នុង​វីដេអូ​លេង​សើច​នោះ បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ពួក​គេ​គ្មាន​ចេតនា​ណា​មួយ ក្នុង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នោះ។

លោក នុត សាវណា អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋានពន្ធនាគារ(រូបភាព​ហ្វេសប៊ុក)

តារា​សម្ដែង​បន្ត​ថា អ្វី​ដែល​ពួក​គេ​បាន​ធ្វើ គឺ​គ្រាន់​តែ​ក្នុង​ចេតនា​កម្សាន្ត​សប្បាយ​តែ​ប៉ុណ្ណោះ ដោយ​មិន​នឹក​គិត​ថា អាច​នឹង​មាន​ការ​ប៉ះពាល់​ដូច្នេះ​ឡើយ។ "ពេល​នោះ គឺ​ពួក​ខ្ញុំ​សម្ដែង​រឿង ដោយ​គេ​តម្រូវ​ឲ្យ​ស្លៀក​ឈុត​បែប​នេះ ហើយ​ពេល​ទំនេរ​ក៏​ថត​លេង​បង្ហោះ​លើ Tik Tok មិន​នឹក​ស្មាន​ថា នឹង​មាន​រឿង​បែប​នេះ​ឡើយ"។

សុធារ័ក្ស និង​មិត្តភ័ក្ដិ​២​នាក់​ទៀត បាន​ស្លៀក​ពាក់​អ្នក​ទោស​នៅ​ពន្ធនាគារ ហើយ​បាន​រាំ​ព្រម​គ្នា​របៀប​លេង​សើច ហើយ​យក​វីដេអូ​នោះ​បង្ហោះ​លើ​ហ្វេសប៊ុក។ ក្រោយ​ឃើញ​វីដេអូ​ខ្លី​នោះ លោក នុត សាវណា អ្នក​នាំ​ពាក្យ អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ចេញ​មក​ថ្កោល​ទោស និង​បាន​ហៅ​ថាសកម្មភាព​របស់​តារា​សម្ដែង ថា​ជា​ទង្វើ​ឆ្កួតលីលា និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​របស់​ពន្ធនាគា​ទូទាំង​ប្រទេស​ ដែល​កំពុង​តែ​អនុវត្ត​តាម​បទ​បញ្ជា​របស់​រាជរដ្ឋាភិបាល បញ្ឈប់​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ទូរសព្ទ។ ការណ៍​នេះ លោក​ថា នឹង​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ពី​សាធារណជន។

អ៊ុក សុធារ័ក្ស(កណ្ដាល) និង​មិត្តភ័ក្ដិ

លោក សាវណា សង្កត់​ធ្ងន់​ថា “យើង​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់ បើ​បុគ្គល​នេះ​មិន​ចេញ​មុខ​មក​សុំទោស និង​ធ្វើ​សេចក្តី​បំភ្លឺ​ជា​សាធារណៈ"។ បន្ទាប់​ពី​នេះ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ សុធារ័ក្ស និង​មិត្ត​ភ័ក្ដិ​បាន​ចេញ​មក​ស្រាយ​បំភ្លឺ ព្រម​ទាំង​សុំ​ទោស​សាធារណជន​ផង។ "ឲ្យ​ពួក​ខ្ញុំ​សុំ​ទោស​បង​ប្អូន ពួក​ខ្ញុំ​ពិត​ជា​គ្មាន​ចេតនា​នោះ ដូច្នេះ​ពួក​ខ្ញុំ​សុំ​ទោស​បង​ប្អូន​ទាំង​ឡាយ ពិសេស​បង​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ឲ្យ​ពួក​ខ្ញុំ​សុំ​ទោស!”។

អត្ថបទ៖ ទារិកា

មតិយោបល់