• 2019-03-07 04:11:00
  • ព័ត៌មាន

ឡូយ​បាត់ ក្រុម​ស្រី​ស្អាត​ដ៏​ល្បី​របស់​ថៃ BNK48 មក​ចុះ​កុងត្រា​ជាមួយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ

  • 2019-03-07 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 35

ចន្លោះមិនឃើញ

មាន​ព្រឹត្តិការណ៍​កក្រើក​មួយ​នៅ​អ៊ីអន​១​ម្សិលមិញ ពេល​ដែល​ក្រុម​តារា​ចម្រៀង​ស្រី​ល្បីឈ្មោះ​បំផុត​មួយ​របស់​ថៃ BNK48 បាន​បង្ហាញ​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ម្សិលមិញ ដើម្បី​ចុះ​កិច្ច​ព្រមព្រៀង​គ្នា​ជា​ផ្លូវ​ការ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥។

លោក លោក ហួង តារាមុន្នី លោក Jirat Pavaravadrana(រូបកាន់​ឯកសារ) និង​គណៈ​គ្រប់គ្រង​ភាគី​ទាំង​ពីរ

នេះ​ជា​ដំណើរ​លើក​ដំបូង​របស់​ក្រុម​តារា​ចម្រៀង​ស្រី BNK48 មក​កម្ពុជា។ ក្រុម​នេះ បាន​ចុះ​កិច្ច​ព្រមព្រៀង​នោះ រយៈ​ពេល ៥​ឆ្នាំ ជាមួយ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ​លេខ​៥ ដែល​នឹង​បើក​ផ្លូវ​ឲ្យ BNK48 បាន​មក​បង្ហាញ​ខ្លួន​​ញឹកញាប់​នៅ​កម្ពុជា ផ្សារ​ភ្ជាប់​ទំនាក់ទំនង និង​បង្កើន​ភាព​ជិត​ស្និទ្ធ​ជាមួយ​អ្នក​គាំទ្រ​នៅ​កម្ពុជា ក៏​ដូច​ជា​លើក​កម្ពស់​ប្រជាប្រិយភាព​របស់​ក្រុម​តារា​ស្រី ឲ្យ​កាន់​តែ​ល្បី​ថែម​ទៀត។ នេះ​បើ​តាម​លោក ហួង តារាមុន្នី នាយក​ផលិត​កម្មវិធី​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥។

បន្ថែម​ពី​លើ​នេះ នាយក​ផលិត​កម្មវិធី​ដដែល ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ចាប់​ដៃ​គ្នា​រវាង​ស្ថាប័ន​របស់​លោក ជាមួយ BNK48 ក៏​នឹង​បើក​ផ្លូវ​ឲ្យ​កម្ពុជា​អាច​ជ្រើស​រើស​តារា​ចម្រៀង​មាន​សមត្ថភាព មាន​ទេពកោសល្យ មួយ​រូប​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្រុម​ចម្រៀង​ល្បី​ដែល​ប្រមូល​ផ្ដុំ​ដោយ​តារា​ចម្រៀង​ចម្រុះ​ជាតិ​សាសន៍​នេះ​ថែម​ទៀត ហើយ​ថា ស្ថាប័ន​របស់​លោក​នឹង​ធ្វើ​ទៅ​លើ​រឿង​នេះ។

ក្រុម​នេះ BNK48 គឺ​ជា​ក្រុម​តារា​ចម្រៀង​ស្រី​ដ៏​ល្បី​របស់​ថៃ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ២ មិថុនា ឆ្នាំ ២០១៧ ដែល​មក​ទល់​បច្ចុប្បន្ន​មាន​សមាជិក​ដល់​ទៅ ៥១​នាក់​ទៅ​ហើយ។ ក្រុម​នេះ ក៏​មាន​ក្រុម​តារា​ចម្រៀង​ស្រី​នៅ​តាម​ប្រទេស​មួយ​ចំនួន​ទៀត​ជា​ដៃគូ​ដែរ ដូច​ជា​នៅ​ប្រទេស ជប៉ុន មាន AKB48 នៅ​ឥណ្ឌូណេស៊ី​មាន JKT48 និង​នៅ​ចិន មាន SNH48 ជា​ដើម។

តាម​គណៈ​​គ្រប់​គ្រង​ក្រុម​តារា​ចម្រៀង​ស្រី​ថៃ​ខាង​លើលោក Jirat Pavaravadrana បាន​ឲ្យ​ដឹង​ថា BNK48 មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ជា​ច្រើន​ទៀត​នៅ​តំបន់​អាស៊ី និង​ក្នុង​ពិភព​លោក។ ដូច្នេះ​ហើយ​លោក​មាន​ក្ដី​សង្ឃឹម និង​ជឿ​ជាក់​ថា ការ​បោះ​ជំហាន​ចូល​មក​ឧស្សាហកម្ម​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នេះ នឹង​ទទួល​បាន​ការ​ពេញ​និយម គាំទ្រ​ខ្លាំង​ដូច​បណ្ដា​ប្រទេស​ទាំង​នោះ​ដែរ។

មាន​ចំណុច​គួរ​កត់​សម្គាល់ BNK48 គឺ​ជា​ក្រុម​តារា​ចម្រៀង​ស្រី​សុទ្ធ ដែល​មាន​សមាជិក​ដល់​ទៅ ៥១។ ពួក​គេ​មិន​ត្រឹម​តែ​មាន​ទេពកោសល្យ​សិល្បៈ​យ៉ាង​ប៉ិន​ប្រសប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ម្នាក់​ៗ​សុទ្ធ​មាន​វ័យ​ក្មេង និង​ស្រស់​ស្អាត​ខ្លាំង​តែ​ម្ដង។ ដំណើរ​មក​ដល់​កម្ពុជា​លើក​ទី​១ និង​បាន​ធ្វើ​ការ​សម្ដែង​នៅ​អ៊ីអន​យប់​មិញ​នេះ ក្រុម​ស្រី​ស្អាត បាន​ច្រៀង​រាំ​ជា​ច្រើន​បទ​ជូន​អ្នក​គាំទ្រ​នៅ​កម្ពុជា​ទស្សនា ក្រោម​សំឡេង​ហ៊ោ​យ៉ាង​កង​រំពង៕

ទស្សនា​ការ​សម្ដែង​របស់​ពួក​គេ​យប់​មិញ!!!

អត្ថបទ៖ ទារិកា

មតិយោបល់