• 2019-03-14 03:58:18
  • ព័ត៌មាន

ប្រាប់​ឲ្យ​ដឹង! មាន​ទាំង​កម្សាន្ត​សប្បាយ​ច្រើន​ទៀត ក្នុង​ការ​ចូល​រួម​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ថ្នាក់​ជាតិ​ដំបូង​

  • 2019-03-14 03:58:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ថ្នាក់​ជាតិ​ដំបូង ហៅ​ថា "Digital Cambodia 2019” រយៈ​ពេល​៣​ថ្ងៃ នឹង​ចាប់​ផ្ដើម​បើក​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៥ មីនា ស្អែក​នេះ​ហើយ ហើយ​ក្រៅ​ពី​ជា​កន្លែង​ប្រមូល​ផ្ដុំ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់ ព្រឹត្តិការណ៍​នេះ​ក៏​ពេញ​ដោយ​ការ​កម្សាន្ត​ជា​ច្រើន​ទៀត​ផង។

តាម​អ្នក​រៀប​ចំ​កម្មវិធី​បាន​ឲ្យដឹង​ថា ការ​កម្សាន្ត​ក្នុង​ព្រឹត្តិការ​មាន​ចែក​ជា​ពីរ ទី១ គឺ​ការ​កម្សាន្ត​ជាមួយ​បច្ចេកវិទ្យា ដូច​ជា​ការ​ចូល​លេង​សប្បាយ​ជាមួយ​បច្ចេកវិទ្យា VAR និង​ការ​កម្សាន្ត​ជាមួយ​បច្ចេកវិទ្យា​ហ្គេម​ជា​ច្រើន​ទៀត។ ទី២ គឺ​ការ​កម្សាន្ត​ជាមួយ​ក្រុម​សិល្បករ​ល្បី​ៗ​កម្ពុជា។

មាន សូនីតា ដែល​ប្រិយមិត្ត​ស្គាល់​ថា​ជា រាជនី​ក្រមា បាន​បញ្ជាក់​រួច​ហើយ​ថា នាង​នឹង​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ដ៏​ធំ​អស្ចារ្យ​នេះ។ ដូច​ជា​ទស្សនិកជន​ម្នាក់ នាង​នឹង​ទៅ​ចូល​រួម​ដើរ​កម្សាន្ត ដើម្បី​សិក្សា​ស្វែង​យល់ អំពី​ការ​វិវត្តន៍​របស់​បច្ចេកវិទ្យា ពិសេស​បច្ចេកវិទ្យា​ក្នុង​ស្រុក។ ក្រៅ​ពី​នេះ នាង​ក៏​នឹង​ទៅ​ចូល​រួម​លេង​ល្បែង​កម្សាន្ត​បច្ចេកវិទ្យា​នានា​ដែល​មាន​ក្នុង​កម្មវិធី​ផង​ដែរ។

វិល​មក Small Wold Small Band ដែល​បាន និង​កំពុង​ល្បីល្បាញ​ក្នុង​សង្គម​យុវវ័យ​វិញ ក៏​នឹង​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​ដូច​គ្នា។ ខុស​ពី មាន សូនីតា បន្តិច SWSB នឹង​ចូល​រួម​សម្ដែង​ក្នុង​កម្មវិធី​ដ៏​ធំ​អស្ចារ្យ​នេះ​តែ​ម្ដង ដោយ​ពួក​គេ​បាន​ត្រៀម​ការ​សម្ដែង​ពិសេស​ៗ និង​បទ​ចម្រៀង​ពីរោះៗ កំពុង​ពេញ​និយម​ដើម្បី​បម្រើ​អារម្មណ៍ ក៏​ដូច​ជា​បង្ក​ភាព​សប្បាយ​រីករាយ​ដល់​ប្រិយមិត្ត​ដែល​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​តែ​ម្ដង។

តាម​ផែន​ការ​ក្រុម SWSB នឹង​បង្ហាញ​ជូន​ការ​​សម្ដែង​ពួក​គេ​នៅ​ថ្ងៃ​ទី ១៥ មីនា ដែល​ជា​ថ្ងៃ​បើក​ឆាក​តែ​ម្ដង។ "ម៉ោះ​ៗ ជួប​គ្នា​នៅ​សន្និសីទ និង​ពិព័រណ៍ ឌីជីថល​កម្ពុជា ២០១៩ លើក​ទី​១​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នឹង​ត្រូវ​រៀប​ចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់ ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ២០១៩ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ។ សូម​កុំ​ភ្លេច​ចូល​រួម​ទាំង​អស់​គ្នា​ឲ្យ​បាន​ច្រើន​ណា! ក្រុម​តូច​ក៏​ទៅ​ដែរ”។ ក្រុម SWSB ថ្លែង​ប្រាប់​អ្នក​គាំទ្រ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន។

ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ថ្នាក់​ជាតិ​ដំបូង ហៅ​ថា "Digital Cambodia 2019” គឺ​ជា​កន្លែង​ប្រមូល​ផ្ដុំ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់ អ្នក​ជំនាញ​ជាតិ និង​អន្តរជាតិ​ផ្នែក​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ រៀប​ចំ​ដោយ ជា​វេទិកា​ពិភាក្សា នឹង​ចាប់​បើក​ពី​ថ្ងៃ​១៥ មីនា ស្អែក​នេះ ដល់​ថ្ងៃ​ទី ១៧មីនា។ ព្រឹត្តិការណ៍​នេះ រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន​ ​(​វិទ្យាស្ថាន​ជាតិ​ ​NIPTICT​)។

Digital Cambodia 2019 មាន​គោលដៅ សម្រាប់​ការ​ត្រៀមខ្លួន​ជាស្រេច​របស់​កម្ពុជា​ក្នុង​ការ​ចាប់​យក​សេដ្ឋកិច្ច​ឌីជីថល​ ​និង​ការ​បង្ហាញ​នូវ​ការ​រីក​ចំរើន​ប្រកប​ដោយ​សក្ដានុពល​នៃ​បច្ចេកវិទ្យា​ឌីជីថល​។ កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​សំ​ខាន់​ៗ​ជាអាទិ៍​ ​ការ​បង្កើត​ ​Platform​ ​ថ្នាក់​ជាតិ​បង្ហាញ​ថា កម្ពុជា​ជាគោល​ដៅ​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ឌីជីថល​។

ទី២​ ​ជំរុញ​អាជីវកម្ម​បង្កើត​ថ្មី​ៗ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល។ ទី២ លើកកម្ពស់​សហគ្រិនភាព និង​នវានុវត្តន៍​ឌីជីថល។ ទី៣​ផ្លាស់​ប្តូរ​បទពិសោធន៍​ ​ពិភាក្សា​អំពី​និន្នាការ​និង​បញ្ហា​ប្រឈម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​បញ្ហា​ផ្សេង​ៗ​ដែល​អាច​ត្រូវ​បាន​ដោះស្រាយ​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល។

ទី៤​ គឺ​ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍន៍​ក្រប​ខណ្ឌ​ច្បាប់​ និង​គោលនយោបាយ ​និង​ការអប់រំ​ដែល​ស្របតាម​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា។ ដោយ​ឡែកទី៥​ ផ្ដល់​ឱ្យ​សហគ្រិន និង​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​ការ​អភិវឌ្ឍ​បណ្ដាញ​ទំនាក់ទំនង​របស់​ពួកគេ​ ​និង​ជា​ឱកាស​ក្នុង​ការ​ជួប​ជាមួយ​ក្រុម​ហ៊ុន​ផ្ដល់​មូលនិធិ​ប្រកបដោយ​សក្ដានុពល​ជាច្រើន។

​​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិ​ការណ៍​នេះ​ ​សូម​ចូល​មើល​គេហទំព័រ​របស់​យើង​នៅ​ ​www.digitalcambodia.com.kh​ ​ឬ​ តាម​ទំព័រ​ ​Facebook​:​ ​https​:​/​/​www.facebook.com​/​OfficialDigitalCambodia​/​ ​អំពី​កម្មវិធី​ឌីជីថល​កម្ពុជា​៕

អត្ថបទ៖ ទារិកា

មតិយោបល់