- 2019-04-06 04:04:30
- ព័ត៌មាន
នាយគ្រឿន ថា ទោះខឹងយ៉ាងណា ឪពុកម្ដាយសូមកុំដល់ថ្នាក់បណ្ដាសាកូន
- 2019-04-06 04:04:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយគ្រឿន ថា ទោះខឹងយ៉ាងណា ឪពុកម្ដាយសូមកុំដល់ថ្នាក់បណ្ដាសាកូន
ចន្លោះមិនឃើញ
“គ្រូទាយ ម្ដាយថា" គឺជាពាក្យតំណាលតៗគ្នា បង្ហាញពីប្រសិទ្ធភាពនៃពាក្យទំនាយរបស់ឪពុកម្ដាយ ដែលអាចជាក់ច្បាស់ដូចពាក្យរបស់គ្រូទាយ។ ដូច្នេះហើយ បើចៀសបាន នាយគ្រឿនថា ឪពុកម្ដាយទោះខឹងយ៉ាងណា កុំដល់ថ្នាក់ដាក់បណ្ដាសាលើកូន។
តារាកំប្លែងប្រជាប្រិយ បានលើកឡើងថា ការដាក់ទំនាយ ឬបណ្ដាសាលើកូនពីឪពុកម្ដាយ គឺអាចឲ្យកូនជួបតែរឿងស៊យពិតមែន ធ្វើអ្វីៗមិនសូវបានសម្រេច ដែលទាំងនេះលោកឃើញ និងបានលឺតពីចាស់មក។ លោកបន្តថា ការជេរដាក់បណ្ដាសារបស់ឪពុកម្ដាយ ទោះដោយចេតនា ឬអចេតនាក៏ដោយ វាអាចឲ្យកូនជួបតែស៊យមួយជីវិត។
"ហើយអារឿង ស៊យអីហ្នឹង គឺវាមានគ្រប់ទីកន្លែង គ្រប់សម័យណាក៏ឃើញដែរ អីចឹងហើយ ទោះខឹងយ៉ាងនា គេមិនឲ្យដាក់បណ្ដាសាកូន ព្រោះអាការដាក់បណ្ដាសាកូនហ្នឹង វាមិនល្អ អីចឹងណាបង!”។ នាយ គ្រឿន បន្ថែម។ ផ្អែកលើការមើលឃើញជាក់ស្ដែង លើចំណុចខាងលើ ទើបតារាកំប្លែង និងជាអ្នកនិពន្ធ ព្រមទាំងដឹកនាំរឿងផងរូបនេះ បានសរសេរឡើងនូវខ្សែរឿង "ជួបស៊យ" តាំងពីឆ្នាំ ២០១៦ មក។
ត្បិតថាភាពយន្តនេះ ជារឿងកំប្លែងសើចសប្បាយ ប៉ុន្តែមួយផ្នែក គឺនាយចង់ឆ្លុះបង្ហាញមួយចំណុច អំពីរឿងដែលកើតមានពិតនៅក្នុងសង្គម និងមានគ្រប់សម័យកាល នោះ គឺមនុស្សស៊យ ចង្រៃ។
ដូច្នេះហើយ នាយលើកឡើងថា ទោះជាពាក្យទំនាយរបស់អ្នកមានគុណ ជាក់ច្បាស់ ឬមិនច្បាស់យ៉ាងណា គួរកុំដាក់វាទៅលើកូនៗ ព្រោះវាអាចឲ្យកូនៗជួបតែរឿងមិនសមប្រកបក្នុងឆាកជីវិត។ រឿង "ជួបស៊យវគ្គ១" កាលពីឆ្នាំ ២០១៦ គឺជាស្នាដៃដឹកនាំរឿងដំបូងបំផុតរបស់ តារាកំប្លែងមកពីខេត្តស្វាយរៀង ប៉ុន្តែក៏ទទួលបានជោគជ័យខ្លាំងបំផុត។ នេះបើតាមការបញ្ជាក់របស់សាមីខ្លួន។
ដោយសារតែបែបនេះ ទើប នាយគ្រឿន បានបន្តមកសរសេរជាសេណារីយ៉ូកុន និងថតរហូតចប់រួចរាល់ទៀត នូវខ្សែភាពយន្ត "ជួបស៊យ២"។ ភាពយន្តទី៥ របស់នាយគ្រឿននេះ ទើបបានបើកសម្ពោធល្ងាចមិញនៅផ្សារទំនើបអ៊ីអន២ និងត្រៀមដាក់បញ្ចាំងជូនប្រិយមិត្តបានទស្សនាចាប់ពីថ្ងៃទី ១១ មេសា តទៅនៅគ្រប់រោងភាពយន្តទំនើបៗនៅរាជធានី។ រឿងនេះចូលរួមសម្ដែងដោយ នាយ គ្រឿន ផ្ទាល់ កញ្ញា គៀត សុវណ្ណាឡាង លោក វុធ ថុង ទេព រិនដារ៉ូ និង ប៉ែន សុផានី ជាដើម។
ផ្អែកលើកម្រិតជោគជ័យលើរឿង "ជួបស៊យវគ្គ១" អ្នកដឹកនាំរឿង គ្រឿន មានការរំពឹងទុកថា រឿង "ជួបស៊យ២" អាចនឹងមានការគាំទ្រច្រើនជាងវគ្គទី១ទៅទៀត៕