• 2019-05-04 08:20:17
  • ព័ត៌មាន

មក​ដល់​កម្ពុជា​លើក​ដំបូង ស្រី​ស្អាត ប្រុស​ស្អាត​ថៃ លើក​ម្នាក់​១​រឿង​ពី​កម្ពុជា ដែល​ប្រិយមិត្ត​កម្រ​នឹង​លឺ

  • 2019-05-04 08:20:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ស្រស់ ប្រុស​សង្ហា​ថៃ​ពីរ​ដួង គឺ​លោក Sapol Assawamunkong ហៅ Great និង​កញ្ញា Minnie Phantira Pipityakorn ហៅ Minnie នៅ​ព្រឹក​ថ្ងៃ​នេះ ទើប​បាន​មក​ដល់​ប្រទេស​កម្ពុជា​លើក​ដំបូង​ជា​ទី​ដែល​ពួក​គេ បាន​លើក​ចំណុច​ទាក់​ទាញ​ចិត្ត​របស់​ពួក​គេ​រៀង​ខ្លួន​។

ប្រុស​ស្អាត Great បាន​ឲ្យ​ដឹង​ថា ដំបូង​បំផុត គឺ​លោក​រំភើប​នឹង​ការ​ស្វាគមន៍​របស់​អ្នក​គាំទ្រ​កម្ពុជា​ចំពោះ​ពួក​លោក។ "ខ្ញុំ​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ ហើយ​រំភើប...និយាយ​ទៅ​ខ្ញុំ​មិន​ដឹង​ថា យក​ពាក្យ​អ្វី​ដែល​បង្ហាញ​អស់​ពី​អារម្មណ៍​របស់​ខ្ញុំ​នា​ពេល​នេះ និយាយ​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា...មាន​តែ​ពាក្យ​អរគុណ អរគុណ​មែន​ទែន"។ យ៉ាង​ណា​ក៏​ដោយ​នៅ​មាន​ចំណុច​មួយ​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​លោក​ដិត​ជាប់​ពី​កម្ពុជា។

Great ថ្លែង​ថា តាំង​ពី​ដឹង​ក្ដី​មក លោក​ធ្លាប់​បាន​ទស្សនា​ភាពយន្ត​មួយ​ចំនួន​របស់​កម្ពុជា ជា​ប្រភេទ​រឿង​អភិនិហា ប៉ុន្តែ​លោក​មិន​បាន​ចាំ​ចំណង​ជើង។ ដូច្នេះ​ហើយ ឲ្យ​តែ​និយាយ​ពី​កម្ពុជា លោក​នឹក​ឃើញ​ពី​រឿង​ប្រភេទ​សីល​សាស្ត្រ​ទាំង​នោះ។

វិល​មក​ស្រី​ស្អាត​វ័យ ១៩​ឆ្នាំ Minnie វិញ ថ្លែង​ថា នាង​ចាប់​អារម្មណ៍​តំបន់​កម្សាន្ត​កម្ពុជា និង​ថៃ មាន​មួយ​ចំនួន​ដូច​គ្នា។ ប៉ុន្តែ​កញ្ញា​មិន​បាន​បញ្ជាក់​ឡើយ​ថា តំបន់​កម្សាន្ត​ណា​ខ្លះ ដែល​កញ្ញា​ចាប់​អារម្មណ៍​ថា​ដូច​គ្នា​នឹង​តំបន់​កម្សាន្ត​របស់​ប្រទេស​កំណើត​របស់​នាង​ឡើយ។ ចំណុច​ពិសេស​មួយ​ផ្សេង​ទៀត គឺ​នាង​ចាប់​អារម្មណ៍​ម្ហូប​អាហារ​ខ្មែរ ដែល​នាង​ទើប​បាន​សាក​ដំបូង​បំផុត​នៅ​ថ្ងៃ​នេះ។ "ម្ហូប​របស់​កម្ពុជា​មាន​រសជាតិ​ឆ្ងាញ់ ហើយ​មាន​២​មុខ ដែល​ខ្ញុំ​បាន​ញុំា​នោះ គឺ​អាម៉ុក និង​កកូរ...ទាំង​ពីរ​មុខ​នេះ គឺ​មាន​រសជាតិ​ឆ្ងាញ់ ឆ្ងាញ់​មែន​ទែន" Minnie ថ្លែង​ជាមួយ​នឹង​កាយវិការ​លើក​មេដៃ​ផង។

Great និង Minnie គឺ​ជា​តួឯក​ប្រុស​ស្រី ក្នុង​រឿង "និស្ស័យ​ស្នេហ៍​អាប" ដែល​ទើប និង​បាន​ចាក់​បញ្ចាំង​ជូន​ប្រិយមិត្ត ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​ពួក​គេ​នៅ​​កម្ពុជា បាន​ទស្សនា​កាល​ពី​ថ្ងៃ​ទី ២ ឧសភា ២០១៩​នេះ នៅ​រោងភាពយន្ត​ទំនើប​ៗ​ទាំង​អស់​ក្នុង​រាជធានី។ ដូច្នេះ​ហើយ បេសកកម្ម​លើក​ដំបូង​របស់​ពួក​គេ​មក​កាន់​កម្ពុជា​នៅ​ថ្ងៃ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​ខ្សែ​ភាពយន្ត​របស់​ពួក​គេ។

Great ថ្លែង​ថា អ្វី​ដែល​លោក​ចង់​ប្រាប់​ទៅ​អ្នក​គាំទ្រ​នៅ​កម្ពុជា​នៅ​ពេល​នេះ គឺ​ថា​រឿង "និស្ស័យ​ស្នេហ៍​អាប" របស់​ពួក​លោក គឺមាន​​ចំណុច​ខុស​ប្លែក​ច្រើន ​ទាំង​ការ​ប្រើ​​បច្ចេកទេស​ទំនើប ចុង​ក្រោយ​សម្រាប់​កាត់​ត ធ្វើ​ឲ្យ​ការ​សម្ដែង​មើល​ទៅ​រស់​រវើក។ ក្រៅ​ពី​នេះ សាច់​រឿង​នឹង​បង្ហាញ​ពី​ភាព​ខុស​ប្លែក​ពី​រឿង​មុន​ៗ​ដែល​ប្រិយមិត្ត​ធ្លាប់​បាន​ទស្សនា គឺ​ឆ្លុះ​បង្ហាញ​ពី​សេចក្ដី​ស្នេហា​របស់​មនុស្ស ជា​មួយ​នឹង "អាប"។

នៅ​សាច់​រឿង Great សម្ដែង​ជា​តួអង្គ​មាន​ឈ្មោះ "ចឺត" ដោយ​ឡែក Minnie សម្ដែង​ជា​តួអង្គ​ស្រី​ឈ្មោះ "សាយ"។ ដោយ​ឡែក​សាច់​រឿង​ពី​សេចក្ដី​ស្នេហា​របស់​រូប​គេ​ដែល​ជា​មនុស្ស ជាមួយ​តួ​ស្រី​ជា "អាប" មាន​ដំណើរ​ដើម​ទង​យ៉ាង​ណា​នោះ គឺ​ជា​អ្វី​ដែល​លោក​ចង់​ឲ្យ​អ្នក​គាំទ្រ​លោក​ទស្សនា​ទាំង​អស់​គ្នា។ "រឿង​នេះ ទើប​តែ​ចាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​ថៃ បាន​៣​ថ្ងៃ​ប៉ុណ្ណោះ មុន​យក​មក​បញ្ចាំង​នៅ​កម្ពុជា ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន ហើយ​ខ្ញុំ​សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​ដូច​គ្នា​នេះ​នៅ​កម្ពុជា"។ Great ថ្លែង។

ដោយ​សារ​នៅ​មាន​ការ​ច្រើន​នៅ​ប្រទេស​កំណើត តារា​ថៃ​ទាំង​ពីរ​ដួង បញ្ជាក់​ថា លោក​នឹង​ចាក​ចេញ​ទៅ​វិញ​នៅ​យប់​នេះ​ដែរ​ម្ដង។ យ៉ាង​ណា ក៏​ដោយ Great ថា លោក​នឹង​រក​ឱកាស​វិល​មក​កម្ពុជា​បន្ត​បន្ទាប់​ទៀត​នៅ​ពេល​ក្រោយ៕

អត្ថបទ៖ ទារិកា

មតិយោបល់