- 2019-06-08 02:53:04
- ព័ត៌មាន
ខ្លាំងនៅតែខ្លាំងក្រុមស្រីស្អាត OMG ជាប់លេខ១ ឯ៤ក្រុមទៀតជាប់លេខ២ និង៣ យប់មិញ
- 2019-06-08 02:53:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងនៅតែខ្លាំងក្រុមស្រីស្អាត OMG ជាប់លេខ១ ឯ៤ក្រុមទៀតជាប់លេខ២ និង៣ យប់មិញ
ចន្លោះមិនឃើញ
ការប្រកួត K-POP World Festival នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរកឃើញម្ចាស់ជយលាភីលេខ១ ឆ្ពោះទៅការប្រកួតផ្ដាច់ព្រ័ត្រនៅទីក្រុង Changwon នៃប្រទេសកូរ៉េខាងត្បូង។
ម្ចាស់ជយលាភីលេខ១ K-POP World Festival ឆ្នាំ ២០១៩ នេះបានទៅលើក្រុមរាំស្រីល្បីឈ្មោះ OMG Girls's Dance។ ក្រុមស្រីស្អាត ដែលរាំពត់ពេនកាច់រាងបានល្អនោះ ទីបំផុតបានយកឈ្នះ១១ ក្រុមផ្សេងទៀតក្រោមសំឡេងស្រែកហ៊ោយ៉ាងកងរំពងនៅក្នុងសាលរបស់ CKCC។
ដោយឡែក ៤ក្រុមទៀត បានទទួលចំណាត់លេខ២ស្ទួន និងលេខ៣ស្ទួន។ ចំណាត់ថ្នាក់លេខ ២ បានទៅលើ កញ្ញា Visoththyda Ung ដែលកញ្ញា បានបញ្ចេញទេពកោសល្យយ៉ាងកម្រតែម្នាក់ឯង ច្រៀងផង និងលេងព្យ៉ាណូផង។ ដោយឡែក ចំណាត់ថ្នាក់លេខ២ផ្សេងទៀតបានទៅលើក្រុម Ninjar Top(NT)។ NT បានយកឈ្នះក្រុមផ្សេងទៀត ដោយប្រើទេពកោសល្យរាំគួរឲ្យទាក់ទាញក្នុងបទ "Hala Hala”។
វិលមកចំណាត់លេខ៣នៅក្នុងកម្មវិធីវិញ ដែលមាន២ក្រុមដែរ បានទៅលើក្រុម MJM និងក្រុម Elaztix-B។ ទាំងពីរក្រុម ឈ្នះក្នុងវិញ្ញាសាក្បាច់រាំដូចគ្នា ដោយ MJM ឈ្នះដោយការរាំបទ "Kill this Love” របស់ Black Pink។ ដោយឡែក Elaztix-B បញ្ចេញទេពកោសល្យរាំបទ "Boy with luv របស់ក្រុម BTS។
ជាមួយនឹងជយលាភីខាងលើក្រុមចំណាត់ថ្នាក់លេខ១ ទទួលបានទឹកប្រាក់រង្វាន់ចំនួន ១០០០ដុល្លារ និងបន្តដំណើរទៅប្រកួតផ្ដាច់ព្រ័ត្រនៅប្រទេសកូរ៉េទៀតនៅចុងឆ្នាំ ២០១៩។ ដោយឡែកលេខ២ ទទួលបានទឹកប្រាក់ ៥០០ដុល្លារអាមេរិក និងចំណាត់ថ្នាក់លេខ៣ទទួលបានទឹកប្រាក់ ៣០០ដុល្លារអាមេរិក។
ព្រឹត្តិការណ៍ខាងលើ បានធ្វើឲ្យកក្រើកនៅមជ្ឈមណ្ឌល CKCC ក្រោមសំឡេងស្រែកហ៊ោយ៉ាងកងរំពងគ្រប់ការសម្ដែងរបស់បេក្ខជនទាំងអស់។ ព្រឹត្តិការណ៍នេះ ស្ថានីយទូរទស្សន៍ KBS(Korean Broadcast System) របស់កូរ៉េ ក៏បានចុះមកថតផ្ទាល់ដើម្បីផ្សព្វផ្សាយទៅ ១២០ប្រទេសនៅលើពិភពលោកផងដែរ។ លោក Kim Il hoon អ្នកផលិតកម្មវិធីនៃស្ថានីយទូរទស្សន៍ KBS និងជាអ្នកផ្ដួចផ្ដើមគំនិតបង្កើត K-POP World Festival បានឲ្យដឹងថា លោកមានការភ្ញាក់ផ្អើលណាស់ទៅនឹងសមត្ថភាពរបស់បេក្ខជនទាំងអស់ក្នុងកម្មវិធី។
ដូច្នេះហើយ លោកសង្ឃឹមថា ពួកគេ ពិសេសក្រុមជយលាភីនឹងបន្តធ្វើបានល្អនៅវគ្គផ្ដាច់ព្រ័ត្រនៅទីក្រុង Changwon ចុងឆ្នាំនេះ។
កម្មវិធី K-POP World Festival នៅកម្ពុជា ត្រូវបានរៀបចំឡើងដោយ ស្ថានទូតកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមការសម្របសម្រួលរបស់មជ្ឈមណ្ឌល CKCC។ ឯកឧត្តម ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងលោករីករាយមែនទែនសម្រាប់ព្រឹត្តិការណ៍នេះ និងសូមថ្លែងអំណរគុណដល់ស្ថានទូតក៉ូរេ ដែលបានបង្កើតនេះឡើយ ដោយយុវវ័យខ្មែរបានបញ្ចេញសមត្ថភាព ក៏ដូចជាទេពកោសល្យរបស់ពួកគេ។ ពិសេសឯកឧត្ដម អរគុណដែល ស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា សម្រេចជ្រើសរើសសាកលវិទ្យាភូមិន្ទជាដៃគូ។ ដូច្នេះហើយ ឯកឧត្ដមសូមស្វាគមន៍សម្រាប់ព្រឹត្តិការណ៍បន្តបន្ទាប់ទៀត។
ឯកឧត្ដម ណាក់ យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ក៏បានមានប្រសាសន៍ឲ្យដឹងថា ឯកឧត្ដម ក៏សប្បាយចិត្តរីករាយដូចគ្នា ពិសេសបានឃើញថាពីទេពកោសល្យរបស់យុវវ័យកម្ពុជា តាមរយៈព្រឹត្តិការណ៍។ លោកថា ប្អូនយុវវ័យកម្ពុជា ពិតជាមានទេពកោសល្យខ្ពស់ គួរឲ្យសរសើរ។ ដូច្នេះហើយឯងសូមអរគុណចំពោះការស្រឡាញ់ចិត្តសិល្បៈ និងវប្បធម៌កូរ៉េ។ ឆ្លើយតបទៅនឹងកាយវិការនេះ ឯកឧត្ដម បានស្នើឲ្យទូរទស្សន៍ KBS ដែលបានចុះមកថតផ្ទាល់ សូមជួយផ្សព្វផ្សាយពីវប្បធម៌ដ៏ល្អរបស់កម្ពុជាទៅកាន់ពិភពលោកផង៕