• 2019-06-28 04:14:13
  • ព័ត៌មាន

ចំណង​ស្នេហ៍​នេះ នឹង​ទៅ​ជា​យ៉ាង​ណា? បើ​សប្ដាហ៍​​ស្រាយ​គំនុំ​​ត​ជំនាន់ ចុង​ក្រោយ​បាន​មក​ដល់​ទៅ​ហើយ!

  • 2019-06-28 04:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រុស៖ "បើ​ថ្ងៃ​មួយ​យើង​បែក​គ្នា ចិត្ត​ពុំ​ងា​អាណិត​បង​ដែរ បើ​ថ្ងៃ​មួយ​បង​លែង​បាន​ក្បែរ​មាស​មេ​យំ​អត់?”។ ស្រី៖ "អូន​មិន​គិត​ពី​រឿង​ទៅ​មុខ បើ​មាន​ទុក្ខ​អូន​ក៏​សុខ​ចិត្ត ស្នេហា​មួយ​ត​មក​ពី​អតីត ការ​ពិត​មិន​ក្លែងក្លាយ"។

អត្ថន័យ​នៅ​ក្នុង​បទ​ចម្រៀង "ស្នេហា​មួយ​សល់​ពី​អតីត" សម្រាំង​ជា​ពិសេស​សម្រាប់​រឿង​ភាគ​ដ៏​ល្អ​ឯក​ប្រចាំ​ឆ្នាំ​២០១៩​របស់ PNN "ថ្ងៃ​មុន​ស្អប់​ថ្ងៃ​នេះ​ស្រលាញ់" បាន​បក​ស្រាយ​យ៉ាង​ច្បាស់​ហើយ ទោះ​បី​មាន​រឿង​លំបាក​យ៉ាង​ណា? មាន​ឧបសគ្គ​រារាំង​ពួក​គេ ច្រើន​រាប់​ពុំ​អស់​បែប​ណា?

តែ​គូ​ស្នេហ៍​គ្រប់​គ្នា​ក្នុង​រឿង​ភាគ ដ៏​ល្អ​មួយ​នេះ បាន​ត្រៀម​ចិត្ត​ជា​ស្រេច កាន់​ដៃ​គ្នា​ពុះពារ​បញ្ហា ដើរ​លើ​ផ្លូវ​តែ​មួយ​រហូត​ចប់​ចុង​ចប់​ដើម។ នៅ​ទី​បំផុត ទោះ​បី​បញ្ហា​គំនុំ​គ្រួសារ​ចាក់​ស្រេះ​ស្មុគស្មាញ​ដូច​អំបោះ​ជំពាក់​មុខ អូស​បន្លាយ​ពេល​ច្រើន​ឆ្នាំ​យ៉ាង​ណា​ក្ដី ក៏​មិន​អាច​យក​ឈ្នះ​កម្លាំង​ស្នេហ៍​របស់​ពួក​គេ​បាន​ដដែល ពួក​គេ​នៅ​តែ​អាច​ជួប​គ្នា​ស្រប​តាម​ការ​តាំង​ចិត្ត​របស់​ខ្លួន។

តើ​គំនុំ​ដែល​កើត​ឡើង​ច្រើន​ឆ្នាំ​រវាង​មនុស្ស​ពីរ​ជំនាន់ ទាំង​រឿង​ស្នេហា និង​ការងារ​អាច​ដោះ​ស្រាយ​បញ្ចប់​បាន​យ៉ាង​រលូន​ដោយ​វិធី​ណា? ចម្លើយ​ក៏​ប្រហែល​គ្មាន​អ្វី​ចេញ​ឆ្ងាយ​អំពី​ការ​បើក​ចិត្ត​ឱ្យ​ទូលាយ ស្វែង​យល់​នូវ​បញ្ហា ផ្ដល់​ក្ដី​មេត្តា មាន​ក្តី​ករុណា និង​ការ​អត់​អោន​ទោស​ដែល​មាន​ចំពោះ​គ្នា​នោះ​ឡើយ។

ពេល​ណា​មនុស្ស​មាន​វ័យ​ចាស់​ទៅ សក់​ខ្មៅ​ក៏​ប្រែ​ជា​ស​អស់ អ្វី​ដែល​ដក់​ជាប់​ចិត្ត​ខ្លាំង​ជាង​គេ គឺ​គ្មាន​អ្វី​ក្រៅ​ពី​អនុស្សាវរីយ​ទាំង​អាក្រក់ ទាំង​ល្អ តាំង​ពី​អតីត​រហូត​បច្ចុប្បន្ន ឆ្លាស់​វេន​គ្នា​បង្ហាញ​ខ្លួន​ដាស់​ការ​ចង​ចាំ​ឥត​ស្រាក​នោះ​ទេ។ គំនុំ​ទាំង​ថ្មី​ចាស់ ដែល​មិន​ទាន់​ជម្រះ​សេចក្ដី​នៅ​ឡើយ វា​នៅ​តែ​ជា​ចំណង​រឹងមាំ ចង​ជាប់​ចិត្ត​របស់​មនុស្ស​គ្រប់​គ្នា​ពិបាក​នឹង​បំភ្លេច​បាន ដូច្នេះ​តើ​មាន​ប្រយោជន៍​អ្វី​ដែល​អ្នក​មិន​ព្រម​បញ្ចប់ ហើយ​ក្រសោប​ក្ដី​ទុក្ខ​ជាប់​ខ្លួន​រហូត​ថ្ងៃ​រលត់​ជីវិត​នោះ?

តើ​គម្រោង រតនៈ សោភ័ណ្ឌ មាន​រូបរាង​ពិត​ប្រាកដ​ដែរ​រឺ​ទេ? តើ​អ្វី​ជា​អាថ៌កំបាំង​ពិត​ប្រាកដ​នៅ​ពី​ក្រោយ​គម្រោង​មួយ​នេះ? តើ​បញ្ហា​ស្មុគ​ស្មាញ​ទាំង​អស់​អាច​ដោះ​ស្រាយ​បញ្ចប់​ដោយ​វិធី​ណា​ខ្លះ? តើ​វេលា​ជួប​ជុំ​ក្រុម​គ្រួសារ សាច់​ញាតិ បង​ប្អូន និង​មិត្ត​ចាស់​ប្រកប​ដោយ​សុភមង្គល​នឹង​អាច​កើត​មាន​ដោយ​របៀប​ណា? សូម​កុំ​ភ្លេច​រង់ចាំ​ទស្សនា​ការ​ចាក់​ផ្សាយ​ភាគ​បញ្ចប់​នៃ​រឿង "ថ្ងៃ​មុន​ស្អប់​ថ្ងៃ​នេះ​ស្រលាញ់" នា​សប្ដាហ៍​ទី០១ នៃ​ខែ​កក្កដា​ខាង​មុខ​នេះ ទាំង​អស់​គ្នា​ណា៎។ ចាក់​ផ្សាយ​រៀងរាល់​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​ពុធ វេលា​ម៉ោង ៨ រហូត​ម៉ោង​៩​យប់៕

អត្ថបទ៖ ទារិកា

មតិយោបល់