• 2019-07-03 09:15:32
  • ព័ត៌មាន

ប៊េនលី ម៉ាប់៖ ករណី ពេជ្រ ចរណៃ ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​រឿង​ខ្ញុំ ពួក​ខ្ញុំ​ត្រូវ​ធ្ងន់ធ្ងរ​ណាស់!

  • 2019-07-03 09:15:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដឹកនាំ​រឿង ប៊េន​លី ម៉ាប់ បាន​អះអាង​ជា​ថ្មី​អំពី ករណី​ពួក​លោក​រង​ការ​វាយ​ប្រហារ​ពី​ក្រុម​ជន​ដៃ​ដល់​(ដំបូង​លោក​ហៅ​ថា ចោរ) ​មាន​គ្នា ៦នាក់នៅ​តំបន់​ជ្រោយ​ចង្វា​កាល​ពី​វេលា​ម៉ោង ២ រំលង​អធ្រាត្រ​យប់​ថ្ងៃ​ទី​១១ ឈាន​ចូល​ថ្ងៃ​ទី១២ មិថុនា​ ២០១៩ នោះ​ថា គឺ​ជា​ការ​ពិត មិន​មែន​ជា​ការ​ថត​សម្ដែង​ក្នុង​ភាពយន្ត ឬ​ស្ប៉ត​ពាណិជ្ជកម្ម​ណា​មួយ​នោះ​ទេ។

ថ្លែង​បែប​នេះ បន្ទាប់​ពី​ម្សិលមិញ​នេះ មាន​លេច​ធ្លាយ​រូបភាព​តារា​សម្ដែង ពេជ្រ ចរណៃ ដេក​ស្លាប់​ដោយ​មាន​រុំ​កន្ទេល​នៅ​ម្ដុំ​មាត់​ទន្លេ​នា​តំបន់​ជ្រោយ​ចង្វា ដែល​ក្រោយ​មក​គេ​ដឹង​ថា គ្រាន់​តែ​ជា​ការ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​មុន​នេះ រូបភាព​នោះ ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន បាន​យក​ទៅ​ចុះ​ផ្សាយ នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ខ្លះ​នៅ​មជ្ឈដ្ឋាន​សាធារណៈ។

ចៀសវាង​ការ​ភ័ន្ត​ច្រឡំ​នេះ ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ស្រាយ​បំភ្លឺ​មួយ​កាល​ពី​យប់​មិញ ដោយ​បាន​អះអាង ក៏​ដូច​ជា​បញ្ជាក់​ថា នេះ​មិន​មែន​ជា​ការ​ពិត​ទេ ពោល​គឺ​ករណី​អំពី​ការ​ស្លាប់​របស់​តារា​សម្ដែង​ស្រី គ្រាន់​ជា​ការ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ប៉ុណ្ណោះ។ នៅ​ក្នុង​ការ​ស្រាយ​បំភ្លឺ​​ដដែល របាយការណ៍​ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ភ្ជាប់​សាច់​រឿង​របស់ អ្នកដឹកនាំ​រឿង ប៊េនលី ម៉ាប់ ថា​ជា​រឿង​មិន​ពិត ពោល​គឺ​គ្រាន់​តែ​ជា​សម្ដែង​ខ្សែ​ភាពយន្ត​ដូច​គ្នា​ដែរ។

ក្រុម​អ្នក​ថត​ភាពយន្ត​ដែល​រង​ការ​វាយ​ប្រហារ​ពិត​ប្រាកដ

កញ្ញា ពេជ្រ ចរណៃ ស្លាប់​ដែល​ជា​ការ​សម្ដែង​ក្នុង​រឿង

ជុំ​វិញ​ករណី​នេះ លោក ប៊េនលី ម៉ាប់ បាន​ច្រាន​ចោល ដោយ​សារ​ថា លោក​បាន​រង​ការ​វាយ​ប្រហារ​ពី​ក្រុម​ជន​សង្ស័យ​ពិត​ប្រាកដ​មែន ពិសេស​ក្រុម​របស់​លោក​៣នាក់ បាន​រង​របួស​ធ្ងន់ធ្ងរ​ពី​ការ​វាយ​ប្រហារ ដេរ ២០-៣០​ថ្នេរ​លើ​ក្បាល​ទៀត​ផង។ លោក​លើក​ឡើង​ថា "ករណី ពេជ្រ ចរណៃ ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​រឿង​ពួក​ខ្ញុំ គឺ​ពួក​ខ្ញុំ​ត្រូវ​ធ្ងន់​ណាស់​បង...ខ្ញុំ​ដាច់​រយះ​ស្លឹក​ត្រចៀក ហើយ​ក្បាល​ដេរ​ជាង ២០​ថ្នេរ កូនចៅ​ខ្ញុំ​ម្នាក់​ជាង ៣០​ថ្នេរ ព្រោះ​វា​មក​រង​ជំនួស​ខ្ញុំ ឯ​ម្នាក់​ទៀត​ស្រាល​ជាង​គេ តែ​សុទ្ធ​តែ​ត្រូវ​ក្បាល​ទាំង​អស់!”។

បក​ទៅ​ហេតុការណ៍​កាល​ពី​យប់​ថ្ងៃ​ទី ១១ ឆ្លង​ចូល​ទី ១២ មិថុនា​នោះ អ្នក​ដឹកនាំ​រឿង​ខាង​លើ​បាន​រៀបរាប់​ថា ដំបូង​ឡើយ បន្ទាប់​ពី​បញ្ចប់​ការ​ថត​ភាពយន្ត​ពួក​លោក ដែល​មាន​គ្នា៥-៦នាក់ បាន​ទៅ​អង្គុយ​លេង និង​ញុំា​អី​តាម​ទម្លាប់​នៅ​ម្ដុំ​រូប​សំណាក​ស្រី​គ្រប់​លក់ និង​រូប​យុថ្កា ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​តំបន់​ជ្រោយ​ចង្វា​ជាប់​មាត់​ទន្លេ​ប៉ែក​ខាង​កើត ព្រោះ​លោក​ក៏​ជា​អ្នក​ស្រុក​នេះ​ដែរ។ កំពុង​តែ​ញុំា ស្រាប់​តែ​មាន​ក្រុម​ជន​សង្ស័យ​មួយ​ក្រុម បាន​មក​បើក​ការ​វាយ​ប្រហារ​មក​លើ​ក្រុម​របស់​លោក​ដោយ​មិន​ដឹង​មូលហេតុ។

នៅ​ក្នុង​ការ​វាយ​ប្រហារ​ភ្លាម​នោះ លោក​បាន​រង​របួស​ដោយ​ការ​កាប់​របស់​ជន​សង្ស័យ​មួយ​កាំបិត​លើ​ក្បាល ធ្វើ​ឲ្យ​លោក​ដួល​ទៅ​លើ​ដី មុន​ពេល​លោក​បាន​ប្រឹង​ងើប​មក​ប្រយុទ្ធ​តតាំង​ជាមួយ​ក្រុម​ជន​សង្ស័យ​វិញ។ លោក​បញ្ជាក់​ថា ក្រុម​ជន​ដៃដល់​មាន​គ្នា ៦នាក់ ក្នុង​នោះ ២នាក់​នៅ​ចាំ​ម៉ូតូ និង​៤នាក់​បើក​ការ​វាយ​ប្រហារ​មក​លើ​ពួក​លោក ដោយ​មាន​ដាវ​ចំនួន ២​ដើម និង​ខ្សែ​ក្រវាត់។

ក្រោយ​ពី​ទទួល​ការ​វាយ​បក​ពី​ក្រុម​របស់​លោក ក្រុម​ជន​ដៃដល់​បាន​ដក​ថយ និង​គេច​ខ្លួន​អស់។ "នៅ​ពេល​នោះ បើ​សិន​ជា​ខ្ញុំ​មាន​កាំបិត​ក្នុង​ដៃ មិន​ដឹង​មាន​អ្នក​ស្លាប់​ប៉ុន្មាន​នាក់​ទេ ព្រោះ​បង​ដឹង​ហើយ ក្បាល​កំពុង​តែ​ហូរ​ឈាម កំពុង​តែ​ខឹង...ម្ល៉េះ​រឿង​រ៉ាវ​មិន​ដឹង​នឹង​ធំ​ប៉ុណ្ណា...ហើយ​ពួក​ខ្ញុំ​វិញ ប្រសិន​បើ​មិន​មាន​អ្នក​ជួយ​ទេ ម្ល៉េះ​ពួក​ខ្ញុំ​ក៏​ប្រហែល​ងាប់​អស់​គ្មាន​សល់​ដែរ!”។ លោក ម៉ាប់ បន្ថែម។

ក្រោយ​ពី​ហេតុការណ៍ លោក ប៊េនលី ម៉ាប់ ក៏​បាន​ទៅ​ដាក់​បណ្ដឹង​ផ្ទាល់​មាត់​នៅ​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​ជ្រោយ​ចង្វា ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ដោយ​វែក​មុខ​ជន​ដៃដល់​មក​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់។

ចំពោះ​បញ្ហា​នេះ លោក ចាន់ ប៊ុន​ធឿន មេ​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​ជ្រោយ​ចង្វា បាន​បញ្ជាក់​ថា លោក​បាន​ដឹង​ពី​ករណី​ខាង​លើ យ៉ាង​ណា​លោក​មិន​បាន​ទទួល​បណ្ដឹង​ណា​មួយ​ពី​ភាគី​រង​គ្រោះ​ទេ។ "ខ្ញុំ​បាន​ដឹង​ពី​រឿង​ហ្នឹង​តាម​រយៈ​ព័ត៌មាន តែ​ខ្ញុំ​មិន​បាន​ទទួល​ពាក្យ​បណ្ដឹង​ណា​មួយ​ពី​ភាគី​ដើម​បណ្ដឹង​ទេ បើ​មាន​ពាក្យ​បណ្ដឹង អា​ហ្នឹង​គឺ​យើង​ចុះ​ធ្វើ​ការ​ស្រាវជ្រាវ​អី​អីចឹង​ទៅ ដល់​អត់​បណ្ដឹង​យើង​ធ្វើ​ម៉េច​កើត!”។

ងាក​មក​ភាគី​អ្នក​ដឹក​នាំ​រឿង​រង​គ្រោះ ប៊េនលី ម៉ាប់ វិញ បាន​សង្កត់​ធ្ងន់​ថា លោក​ពិត​ជា​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​លាយលក្ខណ៍​អក្សរ​ពិត​មែន ប៉ុន្តែ​បាន​ទូរស័ព្ទ​ប្ដឹង​ផ្ទាល់​មាត់។ យ៉ាង​ណា​លោក​ថា សមត្ថកិច្ច​ឆ្លើយ​បែប​នេះ ក៏​មិន​ខុស​ដែរ ព្រោះ​ថា សមត្ថកិច្ច​ធ្វើ​ការ​ដោយ​ផ្អែក​ទៅ​ឯកសារ​បណ្ដឹង ឬ​ពាក្យ​បណ្ដឹង​ជា​លាយលក្ខណ៍​អក្សរ។

សេចក្ដី​ស្រាយ​បំភ្លឺ​របស់ ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តែ​អ្នក​ដឹកនាំ​រឿង បាន​ច្រាន​ចោល​លើ​ករណី​របស់​ខ្លួន!

ដោយ​សារ​មិន​បាន​ទទួល​​របាយការណ៍​ណា​មួយ​លើ​ករណី​ខាង​លើ ពី​សមត្ថកិច្ច​មូលដ្ឋាន នៅ​យប់​មិញ​ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ស្រាយ​បំភ្លឺ​ថា ករណី​របស់​លោក ប៊េនលី ម៉ាប់ និង​ករណី ពេជ្រ ចរណៃ ត្រូវ​ការ​សម្លាប់​ថា ព័ត៌មាន​មិន​ពិត។ យ៉ាង​ណា អ្នក​ដឹកនាំ​រឿង​ខាង​លើ នៅ​តែ​បញ្ជាក់​ជា​ថ្មី​ថា ករណី​របស់​លោក គឺ​ជា​សាច់​រឿង​ពិត មិន​មែន​ជា​ការ​សម្ដែង​ដូច​ករណី​មួយ​ផ្សេង​ទៀត​របស់​តារា​សម្ដែង​ស្រី​ឡើយ។ ប៉ុន្តែ​គ្រាន់​តែ​លោក​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​លាយលក្ខណ៍ ដើម្បី​ទុន​សម្រាប់​សមត្ថ​កិច្ច​បន្ត​នីតិវិធី​ប៉ុណ្ណោះ។

លោក ម៉ាប់ បន្ត​ថា លោក​សម្រេច​ថា បញ្ចប់​ត្រឹម​នេះ ជៀសវាង​អ្វី​ៗ​កាន់​តែ​អូស​បន្លាយ នាំ​ឲ្យ​ខាត​ពេល ស្រប​ពេល​លោក​ កំពុង​ជាប់​មមាញឹក​ថត​បញ្ចប់​រឿង​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ធំ​មួយ​ផង៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម