• 2019-09-17 09:23:21
  • ព័ត៌មាន

បញ្ចប់​ការ​ប្រគំ​តន្ត្រី​នៅ​កូរ៉េ​ ឧកញ៉ា ឡេង ណាវ៉ាត្រា ឡើង Status ភ្លាម​ជុំ​វិញ​រឿង​ចម្រូង​ចម្រាស់

  • 2019-09-17 09:23:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧកញ៉ា ឡេង ណាវ៉ាត្រា នៅ​ថ្ងៃ​នេះ បាន​ឡើង Status បក​ស្រាយ​ជុំវិញ​រឿង​ចម្រូង​ចម្រាស់​កើត​នៅ​ប្រលាន​យន្តហោះ ម៉ាឡេស៊ី និង​ប្រលាន​យន្តហោះ អ៊ីន​ឆន របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ក្រោយ​ពី​ប៉ុន្មាន​ថ្ងៃ​មក​នេះ លោក​បាន​នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់។

ការ​បក​ស្រាយ​នេះ ក្រោយ​ពី​មនុស្ស​មួយ​ក្រុម​បាន​ថត​វីដេអូ​យុវតី​ម្នាក់​ដែល​ដើរ​ជាមួយ​ក្រុម​សិល្បករ រាំ​នៅ​ប្រលាន​យន្តហោះ​ម៉ាឡេស៊ី​ហើយ​បង្ហោះ ដោយ​ក្នុង​នោះ​វីដេអូ​នោះ មាន​អម​ដោយ​ការ​ជេរ​ប្រមាថ​ពូជ​ខ្មែរ និង​ដៀល​អ្នក​សិល្បៈ​ផង ទើប​ធ្វើ​ឲ្យ​ផ្ទុះ​ប្រតិកម្ម​ពេញ​ស្រទាប់​មហាជន។ ក្រៅ​ពី​វីដេអូ​នោះ អ្នក​ថត​វីដេអូ ក៏​បាន​កាត់​វីដេអូ​ពី​សកម្មភាព​ដដែល​ៗ​របស់​លោក ឡេង ណាវ៉ាត្រា ត្រង់​ចំណុច​លោក​ចូល​ទៅ​ក្នុង​បំណង​រារាំង​ការ​ថត​នោះ​បង្ហោះ​ទៀត ទើប​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ថា លោក​ប្រុង​ហក់​ទៅ​វាយ​ភាគី​ម្ខាង​ទៀត។

ដូច្នេះ​ហើយ ទើប​នៅ​ថ្ងៃ​នេះ ក្រោយ​ពី​ចប់​ការងារ​នៅ​កូរ៉េ លោក​បាន​ចេញ​មុខ​បក​ស្រាយ។ ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​លើក​ឡើង​ថា "ខ្ញុំ​បាទ ឡេង ណាវ៉ាត្រា សូម​ធ្វើ​ការ​បក​ស្រាយ​ដោយ​ក្ដី​គោរព​ជូន​ជ្រាប​ថា សកម្មភាព​កាយ​វិការ​ដែល ខ្ញុំ​បាន​ចូល​ទៅ​នោះ ក្នុង​គោល​បំណង​តែ​១​គត់ គឺ​សូម​រា​រាំង ការ​ថត​របស់​បង​ប្អូន នៅ​ប្រលាន​អ៊ីន​ឆន ប្រទេស កូរ៉េ តែ​ត្រូវ​បាន​បង ហេង ឡុង រាំង​ដៃ​ខ្ញុំ ហើយ​ប្រពន្ធ​ខ្ញុំ​ក៏​ទាញ​ដៃ​ខ្ញុំ​ចេញ​ព្រោះ​គាត់​ខ្លាច​ឈ្លោះ​គ្នា"។

លោក បញ្ជាក់​ថា លោក​ពិត​ជា​គ្មាន​បំណង​ចូល​ទៅ​បង្ក​ជម្លោះ​ណា​មួយ​ជាមួយ​ភាគី​ម្ខាង​ទៀត​នោះ​ទេ។ បន្ថែម​ពី​ការ​បង្ហោះ ក្នុង​កិច្ច​សម្ភាសន៍​បន្ថែម​ជុំវិញ​ករណី​ខាង​លើ លោក ហេង ឡុង ស្វាមី​អ្នក​នាង ចន ច័ន្ទ​លក្ខិណា ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ដែរ បញ្ជាក់​បន្ថែម​ថា ក្នុង​រូប​ភាព​ដែល​ក្រុម​ឆ្មក់​ថត​វីដេអូ​បាន​បង្ហោះ​កាត់​ត​​នោះ មិន​មែន​​ឧកញ៉ា ឡេង ណាវ៉ាត្រា ចង់​ហក់​ទៅ​វ៉ៃ​តប់​ជាមួយ​អ្នក​ថត ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក​ថា ឧកញ៉ា​វ័យ​ក្មេង គ្រាន់​តែ​ខឹង​រឿង​បុរស​នោះ ដែល​គ្រាន់​តែ​និយាយ​ចរចា​គ្នា​សោះ ក៏​ថត​វីដេអូ​ដែរ ទើប​លោក​ ស្ទុះ​ទៅ​បម្រុង​ចាប់​ឃាត់​កាមេរ៉ា​ទូរស័ព្ទ​កុំ​អោយ​បន្ត​ថត តែ​ដោយ​តែ​ភរិយា​លោក​ខ្លាច​មាន​រឿង ហើយ​ចាប់​ដៃ​កុំ​អោយ​លូក​ទៅ ទើប​មើល​ទៅ​ដូច​ចង់​ហក់​វ៉ៃ ផ្សំ​នឹង​ក្រោយ​មក អ្នក​បង្ហោះ ក៏​ព្យាយាម​កាត់​ត​ប្លង់​នោះ​ដដែល​ៗ​ថែម​ទៀត ទើប​ធ្វើ​ឲ្យ​ការ​យល់​ច្រឡំ​កាន់​តែ​ច្រើន​ឡើង។

លោក ហេង ឡុង បន្ត​ថា មិន​មែន​ត្រឹម​តែ​អតីត​ពលករ​នោះ​ទេ សូម្បី​តែ​លោក​ក៏​ទទួល​យក​មិន​បាន​នោះ​ដែរ នៅ​ពេល អ្នក​ថត លួច​ថត​សកម្មភាព​របស់​ក្រុម​ខ្លួន​យក​ទៅ​បង្ហោះ បំប៉ោង​ស្ថានការណ៍​បែប​នេះ។ យ៉ាង​ណា លោក​បាន​ទទួល​ស្គាល់​ចំពោះ​កំហុស​អចេតនា​របស់​ក្រុម​អ្នក​រួម​ដំណើរ​​នៅ​ប្រលាន​យន្តហោះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ប៉ុន្តែ​អ្វី​ដែល​លោក​ទទួល​យក​មិន​បាន គឺ​ក្រុម​អ្នក​រិះគន់​មិន​បាន​មក​ស្នើ​អោយ​ក្រុម​របស់​លោក​ដែល​មាន​កំហុស​ដោយ​អចេតនា​បញ្ឈប់​សកម្មភាព​ជា​មុន​សូម្បី​បន្តិច​បែប​នេះ ក៏​យក​ទៅ​បង្ហោះ ថែម​ទាំង​ប្រើ​ពាក្យ​ដៀល​អ្នក​សិល្បៈ​ និង​ប្រមាថ​ជាតិ​ខ្មែរ​ថែម​ទៀត​បែប​នេះ។

លោក​បន្ត​ថា ប្រសិន​បើ​ភាគី​អ្នក​ថត​មក​ប្រាប់​តែ​បន្តិច ក៏​មិន​ថ្វី​ដែរ ហើយ​ថា បើ​មាន​អ្នក​ដំណើរ ឬ​អ្នក​បម្រើ​ការ​នៅ​ក្នុង​ប្រលាន​នៅ​ម៉ាឡេស៊ី​ណា​ម្នាក់ មក​ប្រាប់ ឬ​ហាម ហើយ​ពួក​លោក​មិន​ឈប់ លោក​ថា​វា​សម​ខ្លាំង​ណាស់​ក្នុង​ការ​បង្ហោះ ប៉ុន្តែ​បរិយាកាស​ គឺ​មិន​មាន​តែ​ម្ដង ទើប​ក្រុម​លោក​ពិបាក​ទទួល​យក​នៅ​ពេល​ឃើញ​វីដេអូ​បង្ហោះ​ឡើង​ដូច្នេះ។

លោក​នៅ​តែ​អះអាង​ថា ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​មែន​ចង់​ប្រើ​ហិង្សា​ដូច​ការ​កាត់​ត និង​បង្ខូច​ឈ្មោះ​ក្នុង​វីដេអូ​ទេ ប៉ុន្តែ​មក​ពី​នោះ លោក​បាន​ចាប់​ដៃ​ស្រប​ពេល​លោក​ឧកញ៉ា​ហក់​ទៅ​ចាប់​កាមេរ៉ា ហើយ​ក្រុម​នោះ​កាត់​ត​ដដែល​ៗ​ទៀត ទើប​មើល​ទៅ​ដូច​ជា​សកម្មភាព​ចង់​ប្រើ​ហិង្សា តែ​ការ​ពិត​មិន​មែន​ទេ៕

អត្ថបទ៖ ទារិកា

មតិយោបល់