• 2019-10-21 04:51:10
  • ព័ត៌មាន

សង្ហា​ហើយ​ពូកែ​រក​ស៊ី​ទៀត! ផ្ដើម​ពី​លក់ Online សោះ ឥឡូវ Kimsanuk ពង្រីក​ហាង​ថ្មី​តម្លៃ​រាប់​ម៉ឺន

  • 2019-10-21 04:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​នៅ​ក្នុង​ការងារ​សិល្បៈ មិន​សូវ​លេច​ធ្លោ​ខ្លាំង​ក៏​ពិត​មែន ប៉ុន្តែ​តារា​សម្ដែង​ប្រុស​ស្រស់​សង្ហា លន់ គឹម​ហេង ហៅ Kimsanuk ត្រូវ​បាន​គេ​ដឹង​ថា លោក​បាន និង​កំពុង​ជោគជ័យ​ក្នុង​អាជីវកម្ម​ទៅ​វិញ ដោយ​ដំបូង​ចាប់​ផ្ដើម​ពី​ការ​លក់​សាក​ល្បង​តាម Onlince ឥឡូវ​ស្រាប់​តែ​អាច​បើក​ហាង​បន្ត​បន្ទាប់។

Kimsanuk តារា​សម្ដែង​វ័យ​២៩​ឆ្នាំ ​ត្រូវ​បាន​ទស្សនិកជន​ជា​ច្រើន​បាន​ស្គាល់​តាម​រយៈ​ការ​សម្ដែង​ភាពយន្ត ឈុត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការ​បង្ហាញ​ម៉ូដ​ជា​ដើម។ នៅ​ឆ្នាំ ២០១៧ ដោយ​ចង់​មាន​បាន មិន​ពឹង​តែ​លើ​សិល្បៈ លោក​បាន​ចាប់​ផ្ដើម​លក់​ផលិតផល​ថែ​រក្សា​សម្រស់​តាមOnline ហើយ​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​ជា​ច្រើន។ ធ្វើ​បាន​មួយ​រយៈ លោក​អាច​មាន​ដើម​ទុន​ខ្លះ រហូត​អាច​បើក​ដំណើរ​ការ​ហាង​មួយ​នៅ​ម្តុំ​តំបន់​ផ្សារ​ដើម​ថ្កូវ។

ថ្មី​ៗ​នេះ លោក​ទើប​នឹង​បាន​ពង្រីក​ហាង​ថ្មី​មួយ​បន្ថែម​ទៀត ដែល​មាន​តម្លៃ​វិនិយោគ​ប្រមាណ​ជិត ៥ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ ដោយ​លោក​បាន​អញ្ជើញ​មិត្តភ័ក្ដិ​រួម​អាជីព​ចូល​រួម​ពិធី​បើក​សម្ពោធ​យ៉ាង​ច្រើន​កុះករ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ។ តួ​ប្រុស​ក្នុង​រឿង "គ្រូ​ពេទ្យ​ខ្ញុំ” រូប​នេះ​លើក​ឡើង​ថា លោក​រីករាយ​ណាស់ ព្រោះ​មិន​ដែល​នឹក​ស្មាន​សោះ​ឡើយ​ថា លោក​អាច​ធ្វើ​បាន​ដល់​ចំណុច​នេះ ដោយ​មិន​ត្រឹម​តែ​អាច​បើក​ហាង​មួយ​ទេ ឥឡូវ​ស្រាប់​តែ​អាច​ពង្រីក​សាខា​ថែម​ទៀត។

ទាំង​នេះ លោក​ថា បាន​មក​ពី​ការ​គាំទ្រ​របស់​អតិថិជន​លោក។ ដូច្នេះ​ហើយ លោក​ថា នឹង​តប​ទៅ​អ្នក​គាំទ្រ ដោយ​ការ​លក់​ផលិតផល​ដែល​មាន​គុណភាព។ សានុ ឲ្យ​ដឹង​ថា លោក​មាន​លក់​ផលិតផល Nature Top ផលិតផល​សម្រាប់​ថែ​ទាំ​ផ្ទៃ​មុខ និង​ដង​ខ្លួន មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល​ប្រទេស​ថៃ និង​កម្ពុជា។ ឆ្លង​តាម​ការ​លក់​កន្លង​មក លោក​ថា មាន​ការ​គាំទ្រ​ច្រើន ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ការ​លក់​របស់​លោក​រីក​ចម្រើន​លឿន។

និយាយ​ពី​ការងារ​សិល្បៈ​វិញ លោក​ថា បើ​ទោះ​បី​ជា​រវល់​នឹង​ការ​ពង្រីក​មុខ​ជំនួញ​ថ្មី​ក៏​ពិត​មែន ប៉ុន្តែ​លោក​បញ្ជាក់​ថា ដាច់​ខាត​មិន​បោះបង់​ឡើយ។ លោក​ថា ​ការងារ​សិល្បៈ​ជា​ការងារ​ដែល​លោក​ពេញ​ចិត្ត និង​ក៏​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ឲ្យ​អតិថិជន​លោក​កាន់​តែ​ស្គាល់​មុខ​ជំនួញ​នេះ​ផង​ដែរ។ ដូច្នេះ​ហើយ​សម្រាប់​លោក ទាំង​ការងារ​ជំនួញ និង​សិល្បៈ គឺ​ត្រូវ​ដើរ​ទន្ទឹម​គ្នា ដោយ​មិន​អាច​ចោល​មួយ​ណា​បាន​ឡើយ។

ជាមួយ​នឹង​ការ​បើក​សម្ពោធ​ហាង​ថ្មី លន់ គឹម​ហេង រំពឹង​ទុក​ថា នឹង​កាន់​តែ​ជំរុញ​អាជីវកម្ម​របស់​លោក​កាន់​តែ​ប្រសើរ និង​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ពី​អ្នក​គាំទ្រ​ថែម​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់